អ្នកទោសប្រហារជីវិតដាក់ពាក្យប្តឹងទម្រង់ផ្តន្ទាទោសព្យួរកនៅជប៉ុនព្រោះតែយល់ថាជាអំពើឃោរឃៅ
អ្នកទោសប្រហារជីវិត ៣ នាក់បានដាក់សំណើទៅកាន់តុលាការខណ្ឌជំទាស់នឹងរដ្ឋាភិបាលកណ្តាលកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ដោយសុំកុំឱ្យប្រហារជីវិតតាមទម្រង់ព្យួរក។
ពួកគេបានលើកឡើងថា ការស្លាប់ដោយព្យួរកជាទម្រង់ប្រហារជីវិតដែលឈឺចាប់ និងប្រមាថ។ ទន្ទឹមនឹងនេះ ការអនុវត្តនេះបំពានរដ្ឋធម្មនុញ្ញជប៉ុនដែលហាមឃាត់ការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅ។
ច្បាប់ព្រហ្មទណ្ឌចែងថាករណីប្រហារជីវិតថ្នាក់ជាតិនៅប្រទេសជប៉ុនធ្វើឡើងដោយព្យួរក ដែលជាការអនុវត្តតាំងពីសម័យ Meiji (១៨៦៨-១៩១២)។ ប៉ុន្តែដើមបណ្តឹងអះអាងថា សាធារណជនមិនដឹងអ្វីដែលបានកើតឡើងជាក់ស្តែងពេលអ្នកទោសប្រហារជីវិតត្រូវព្យួរកនោះទេ។
ពាក្យបណ្ដឹងបានបង្ហាញថា ប្រសិនបើរដ្ឋាភិបាលអះអាងថាការដាក់ទណ្ឌកម្មមិនឃោរឃៅ ដូច្នេះពួកគេគួរតែបញ្ជាក់នៅមុខតុលាការ។
ដើមបណ្តឹងដែលកំពុងត្រូវឃុំខ្លួននៅពន្ធនាគារ Osaka បាននិយាយថា ក្រោយពេលត្រូវព្យួរក អ្នកទោសនៅតែដឹងខ្លួន ហើយបន្តមានអារម្មណ៍ឈឺចាប់ និងភ័យខ្លាចប៉ុន្មាននាទី។ ពួកគេក៏បានអះអាងដែរថា ទម្រង់ដាក់ទោសព្យួរកធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ពួកគេ ដោយបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រាងកាយរបស់ពួកគេ។
ដើមបណ្តឹងបានលើកយកមាត្រា ៣៦ នៃរដ្ឋធម្មនុញ្ញ ក្នុងនោះចែងច្បាស់ថា “ហាមដាច់ខាតការធ្វើទារុណកម្ម និងការផ្តន្ទាទោសយ៉ាងឃោរឃៅ” ។
តុលាការកំពូលបានសម្រេចក្នុងឆ្នាំ ១៩៤៨ ថាការអនុវត្តទោសស្របតាមរដ្ឋធម្មនុញ្ញ។
សេចក្តីសម្រេចបានបង្ហាញថា៖ “ការប្រហារជីវិតមិនមែនជាទម្រង់ផ្តន្ទាទោសឃោរឃៅដែលត្រូវហាមឃាត់តាមមាត្រា ៣៦ នៃរដ្ឋធម្មនុញ្ញទេ លុះត្រាតែវាត្រូវគេចាត់ទុកថាជាអំពើឃោរឃៅជាពិសេសសម្រាប់ហេតុផលមនុស្សធម៌ អាស្រ័យលើពេលវេលា ឬកាលៈទេសៈ” ។ តុលាការកំពូលក៏សម្រេចក្នុងឆ្នាំ ១៩៥៥ ថា គ្មានហេតុផលអ្វីដែលត្រូវពិចារណាលើការប្រហារជីវិតដោយការព្យួរកជាអំពើឃោរឃៅជាពិសេសដោយផ្អែកលើមូលដ្ឋានមនុស្សធម៌នោះទេ។
ក្នុងករណីស្រដៀងគ្នានេះ អ្នកទោសប្រហារជីវិតពីរនាក់ផ្សេងទៀតបានប្តឹងរដ្ឋាភិបាលចំពោះការអនុវត្តទោសប្រហារជីវិតនៅថ្ងៃតែមួយដែលអ្នកទោសទទួលបានដំណឹង។ ដើមបណ្តឹងបានដាក់ពាក្យប្តឹងទៅកាន់តុលាការខណ្ឌ Osaka កាលពីខែវិច្ឆិកាឆ្នាំមុន ដោយទាមទារសំណងចំនួន ២២ លានយ៉េន។
ពួកគេយល់ថា ការជូនដំណឹងដល់ចុងចោទចំពោះការប្រហារជីវិតនៅព្រឹកថ្ងៃដដែលនោះមិនបានផ្តល់ពេលគ្រប់គ្រាន់ដល់អ្នកទោសទាក់ទងទៅមេធាវីដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាប្រតិបត្តិនោះទេ។
ពួកគេបានលើកឡើងថា ទង្វើបំពានលើមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញក្នុងនោះចែងថា៖ “គ្មាននរណាម្នាក់ត្រូវដកហូតជីវិត ឬសេរីភាពឡើយ ក៏ដូចជាមិនត្រូវទទួលទោសព្រហ្មទណ្ឌផ្សេងទៀតដែរ លុះត្រាតែស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់” ។
Sacchan