ដំណើរកំសាន្តទៅកាន់ “ឋានសួគ៌កោះឆ្មា” ដែលចំនួនឆ្មាច្រើនជាងមនុស្សដល់ទៅ ៥ ដង
ប្រសិនបើអ្នកជាមនុស្សស្រលាញ់សត្វចិញ្ចឹម អ្នកប្រាកដជាមិនត្រូវរំលង Aoshima ដែលជាកន្លែងមានឈ្មោះហៅថា “ឋានសួគ៌កោះឆ្មា” នៅប្រទេសជប៉ុន។
Aoshima គឺជាកោះមួយស្ថិតនៅទីក្រុង Ozu ខេត្ត Ehime ជិតឆ្នេររមណីយដ្ឋានភាគខាងត្បូងទីក្រុង Miyazaki ជាកន្លែងដែលប្រជាជនប្រកបមុខរបរនេសាទ។ កោះមានទេសភាពធម្មជាតិដែលត្រូវបានអភិរក្សស្ទើរតែនៅដដែលជាមួយនឹងឆ្នេរខ្សាច់ពណ៌សព័ទ្ធជុំវិញ និងកណ្តាលជាតំបន់ព្រៃត្រូពិច។
ដំបូងឆ្មាត្រូវបានអ្នកនេសាទយកឡើងកោះដើម្បីចាប់កណ្តុរនៅកំពង់ផែដែលមានទូកដឹកត្រី។ ដោយសារលក្ខខណ្ឌរស់នៅល្អ យូរៗទៅចំនួនឆ្មានៅទីនេះក៏កើនឡើង។
បច្ចុប្បន្នបើតាមតួលេខលើកោះ Aoshima មានមនុស្សមិនដល់ ២០ នាក់រស់នៅ ភាគច្រើនជាមនុស្សចាស់ និងមនុស្សវ័យកណ្តាល។ ទន្ទឹមនឹងនេះ ចំនួនឆ្មាតាមការប៉ាន់ប្រមាណជាង ១០០ ក្បាល។
នៅលើកោះគ្មានរថយន្ត ឬកង់ធ្វើដំណើរទេ ដូច្នេះឆ្មាអាចដើរតាមដងផ្លូវដោយសេរី។ ស្ទើរតែមិនមានគ្រោះថ្នាក់គំរាមកំហែងដល់ជីវិតរបស់ពួកវានោះទេ ផ្ទះខ្លះត្រូវគេបោះបង់ចោល ហេតុនេះឆ្មាចាត់ទុកជាជម្រករបស់វា។
ដើម្បីទៅដល់ Aoshima ភ្ញៀវត្រូវជិះទូកពីកំពង់ផែ Nagahama ខេត្ត Ehime ។ ស្ថានីយ៍រថភ្លើងដែលនៅជិតកំពង់ផែ Nagahama បំផុតគឺស្ថានីយ៍ JR Iyonagahama ។
នៅពេលដែលទូកមកដល់ចំណត ភ្ញៀវនឹងមើលឃើញឆ្មាលោតចុះ។ ភាគច្រើនពួកវាមានពណ៌លឿង ឬពណ៌ប្រផេះ។
ព្រោះតែនៅលើកោះមិនមានភោជនីយដ្ឋាន ឬម៉ាស៊ីនលក់ដោយស្វ័យប្រវត្តិ ដូច្នេះភ្ញៀវត្រូវត្រៀមអាហារ ទឹក ឆ័ត្រ និងថង់ប្លាស្ទិកសម្រាប់ដាក់សំរាម។ ក្រៅពីនេះ ចូរអោយចំណីសត្វនៅតំបន់ដែលបានកំណត់ជិត “មជ្ឈមណ្ឌលសហគមន៍” និងមិនត្រូវបោះចំណីនៅជុំវិញចំណតទូកឡើយ។
ក្រៅពីលេងជាមួយនឹងឆ្មាដែលគួរឱ្យស្រឡាញ់ ភ្ញៀវទេសចរណ៍ដែលទៅកាន់កោះ Aoshima អាចទៅទស្សនាកន្លែងជាច្រើនដូចជា៖ សួនរុក្ខសាស្ត្រត្រូពិច Aoshima ប្រាសាទដែលមានក្លោងធំៗពណ៌ក្រហម ឬថ្មក្បែរឆ្នេរ។ល។
កត់ចំណាំកោះ Aoshima មិនមានផ្ទះសំណាក់ ឬសណ្ឋាគារទេ ដូច្នេះភ្ញៀវទេសចរណ៍មិនអាចសម្រាកនៅលើកោះបានទេ។ ប្រសិនបើបង់ស្នាក់នៅ អាចរើសយកកន្លែងនៅជិតកំពង់ផែ Nagahama ដូចជា Ryoutei ឬផ្ទះសំណាក់ Wataroku ។
ប្រភព៖ The Atlantic