ពូកែខ្លាំងណាស់ Taiyo សត្វភេមួយក្បាលនៅ Aquarium Tokyo ទាយត្រូវលទ្ធផល “Samurai Blue” យកឈ្នះអាឡឺម៉ង់
សត្វភេមួយក្បាលនៅ Aquarium Tokyo បង្កការភ្ញាក់ផ្អើលយ៉ាងលើបណ្តាញសង្គមជប៉ុន ព្រោះតែបានទស្សន៍ទាយយ៉ាងត្រឹមត្រូវជ័យជម្នះរវាង “Samurai Blue” និងអាឡឺម៉ង់ក្នុងការប្រកួត World Cup ឆ្នាំ ២០២២ កន្លងទៅនេះ។
Taiyo ទាយត្រូវថាជប៉ុននឹងឈ្នះអាល្លឺម៉ង់។ រូបភាព៖ Kyodo News
ភេមួយក្បាលអាយុ ៨ ឆ្នាំមានឈ្មោះហៅថា Taiyo នៅ Aquarium Maxell Aqua Park Shinagawa បានព្យាករណ៍ជ័យជម្នះរបស់កីឡាករជប៉ុន តាមរយៈការបោះបាល់ចូលធុងពណ៌ខៀវដែលមានទង់ជាតិជប៉ុន។ ការទស្សន៍ទាយរបស់ Taiyo ធ្វើឡើងនៅថ្ងៃទី ២២ ខែវិច្ឆិកាមួយថ្ងៃមុនពេល “Samurai Blue” ចេញប្រកួត។
ដោយសារទាយត្រូវលទ្ធផលការប្រកួតរវាងជប៉ុន និងអាឡឺម៉ង់បានធ្វើអោយ Taiyo ល្បីលើបណ្តាញសង្គម។ មនុស្សជាច្រើនហៅភេមួយក្បាលនេះថា “ហោរាដ៏អស្ចារ្យ” ។ អ្នកខ្លះថែមទាំងប្រៀបធៀប Taiyo និង Olivia ដែលជាសត្វសេកនៅសួន Nasu ប្រទេសជប៉ុនបានទាយក្រុមអាឡឺម៉ង់ឈ្នះ។
មតិសាធារណជនដូចតទៅ៖ “Taiyo ជាកំពូលហោរា ចំណែកសេក Olivia ជាអ្នកចាញ់ដែលឆោតល្ងង់” “ខ្ញុំមិនតាមដាន World Cup ទេ ប៉ុន្តែខ្ញុំតែងតែសង្កេតមើលលទ្ធផលទស្សន៍ទាយរបស់ Taiyo ធៀបទៅនឹង Olivia” “ពិតជាអស្ចារ្យ និងមានទេពកោសល្យណាស់” ។
កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ក្រុមជប៉ុនបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការប្រកួត World Cup នៅពេលដែលពួកគេបានយកឈ្នះអាឡឺម៉ង់ដោយពិន្ទុ ២-១ ។ ក្រុមខាងគ្រូបង្វឹក Hajime Moriyasu ត្រូវគេស៊ុតចូល ១ គ្រាប់នៅតង់ទីមួយ ប៉ុន្តែត្រឹមរយៈពេល ៩ នាទីចុងក្រោយក្នុងតង់ទីពីរបានបង្វែរការប្រកួតនេះឡើងវិញ ដោយសារភាពវៃឆ្លាតរបស់ Ritsu Doan និង Takuma Asano ។
បន្ទាប់ពី Taiyo ល្បីលើបណ្តាញសង្គម Nozomi Arai អ្នកទទួលខុសត្រូវខាងទំនាក់ទំនងសាធារណៈនៅ Aquarium Maxell Aqua Park Shinagawa បាននិយាយថា៖ “យើងក៏ជឿជាក់លើការទស្សន៍ទាយរបស់ Taiyo ដែរ ដូច្នេះខ្ញុំសប្បាយចិត្តណាស់ដែលការទស្សន៍ទាយបានក្លាយជាការពិត” ។
អ្នកទទួលខុសត្រូវរូបនេះបានអោយដឹងថា Taiyo មុននោះមានប្រជាប្រិយភាពខ្លាំងណាស់។ សត្វភេមួយក្បាលនេះតែងតែសម្តែងវគ្គខ្លីៗដូចជាបែងចែកសំរាមដាក់ចូលធុង។
អ្នកគាំទ្រជប៉ុនសង្ឃឹមថា Taiyo នឹងធ្វើការទស្សន៍ទាយបន្តទៀតសម្រាប់ក្រុមម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នេះ។
ប្រភព៖ Skydoor