បញ្ហាធ្វើការហួសកម្លាំងបណ្តាលអោយបុគ្គលិកធ្វើអត្តឃាតស្តែងចេញពីរឿងបុគ្គលិកស្រីក្នុងក្រុមហ៊ុន Dentsu

៩ ខែក្រោយពេលចាប់ផ្តើមធ្វើការនៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មជប៉ុន Dentsu បុគ្គលស្រីម្នាក់ឈ្មោះ Takahashi Matsuri បានលោតសម្លាប់ខ្លួន។ មរណភាពរបស់នាងបាន​ជំរុញ​ឱ្យ​មាន​កំណែទម្រង់ជា​បន្តបន្ទាប់ ប៉ុន្តែមនុស្ស​មួយ​ចំនួន​​យល់​​ថា​​មិន​​​គ្រប់​​គ្រាន់​​នោះ​ទេ។

បច្ចុប្បន្ននេះបញ្ហាតុល្យភាពរវាងការងារ និងពេលវេលាឯកជនកំពុងត្រូវបានពិភាក្សាយ៉ាងយកចិត្តទុកដាក់នៅទូទាំងពិភពលោក។ នៅប្រទេសចិន បាតុកម្មកើតឡើងជុំវិញបញ្ហាដែលគេហៅថា “វប្បធម៌ ៩៩៦” ក្នុងនោះកម្មករត្រូវធ្វើការពីម៉ោង ៩ ព្រឹកដល់ម៉ោង ៩ យប់ ៦ ថ្ងៃក្នុងមួយសប្តាហ៍ កាលវិភាគការងារតឹងរ៉ឹង គ្មានពេលវេលាសម្រាប់​ខ្លួនឯង។

ការពិភាក្សាទាំងនេះមិនមែនជារឿងថ្មីសម្រាប់កម្មករជប៉ុននោះទេ ប្រទេសនេះធ្លាប់ល្បីពាក្យមួយនៅទសវត្សរ៍ទី ៩០ គឺ karoshi (過労死) ន័យចំមានន័យថា “ធ្វើការរហូតដល់ស្លាប់” ។

ទោះជាយ៉ាងណា ប៉ុន្មានឆ្នាំថ្មីៗនេះ ការសន្ទនាហាក់ដូចជាបានផ្លាស់ប្តូរ។ ប្រជាជនជប៉ុនកំពុងពិភាក្សាបន្ថែមអំពី “កំណែទម្រង់ការងារ” (働き改革; hataraki kaikaku) ។ គោលនយោបាយជាបន្តបន្ទាប់ដែលដឹកនាំដោយរដ្ឋាភិបាល​នៃ​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe ជួយកាត់បន្ថយបន្ទុកកម្មករ។ អាចមើលឃើញការផ្លាស់ប្តូរនេះនៅលើប្រព័ន្ធផ្សព្វផ្សាយជប៉ុន៖ រឿងភាគទូរទស្សន៍ Watashi, Teiji De Kaerimasu (私、定時で帰ります) ប្រែថា “ខ្ញុំត្រលប់មកផ្ទះនៅម៉ោងធ្វើការ” ចូលរួមសម្តែងដោយតារាស្រីល្បីឈ្មោះ Yoshitaka Yuriko បានពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាដែលបណ្តាលមកពីស្ថានភាពធ្វើការហួសកម្លាំង និងវិធីដែលបុគ្គលិកមួយក្រុមតស៊ូដើម្បីរក្សាតុល្យភាពការងារ និងជីវិតរបស់ពួកគេ។

ពិតជាពិបាកនិយាយថាកែប្រែកំណែទម្រង់ការងារអាចផ្លាស់ប្តូរដំណើរការដែលមានជាយូរមកហើយណាស់។ ប៉ុន្តែប្រសិនបើអាចកែប្រែបានខ្លះ យើង​ក៏​គួរ​គោរព​ចំពោះ​ស្រ្តីក្នុងរឿងដែលបានចាក់គ្រឹះសម្រាប់កំណែទម្រង់ក្រោយៗ គ្រាន់​តែ​សោក​ស្តាយ​ដែល​នាង​លែងទទួលបានផលប្រយោជន៍។

Takahashi Matsuri (高橋まつり) ចាប់ផ្តើមចូលធ្វើការនៅ Dentsu នាខែមេសា ឆ្នាំ ២០១៥ ។ ប្រាំបួនខែក្រោយ​មក នាងធ្វើអត្តឃាត។ សោកនាដកម្មជីវិតរបស់នាងបានបណ្តាលឱ្យមានការអំពាវនាវកែប្រែកំណែ​ទម្រង់ ទន្ទឹម​នឹង​នេះ​រិះ​គន់​រដ្ឋាភិបាល និងសាជីវកម្មជប៉ុនមិនបានចាត់វិធានការសមស្រប។

“អរគុណ​សម្រាប់​អ្វី​គ្រប់​យ៉ាង”

អ្នកស្រី Yukimi ចិញ្ចឹមបីបាច់ Takahashi Matsuri ធំដឹងក្តី មានបុគ្គលិកលក្ខណៈឯករាជ្យ និងអាចដោះស្រាយបញ្ហាជីវិត។ ភាពឧស្សាហ៍ព្យាយាម និងការតស៊ូឥតឈប់ឈររបស់នាង បានធ្វើឱ្យនាងទទួលបានសញ្ញាបត្រពី​សាកល​វិទ្យាល័យ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​បំផុត​នៅជប៉ុន (សាកលវិទ្យាល័យតូក្យូ) ។ គ្រូបង្រៀន និងមិត្តចាស់ៗពេលរំលឹកដល់ Takahashi តែង​តែ​និយាយ​ថា​នាង​ជា​មនុស្សមានកម្លាំងចិត្តខ្ពស់។

នៅឆ្នាំ ២០១៥ ក្រោយពេលបញ្ចប់ការងារក្រៅម៉ោងនៅ Asahi កញ្ញា Takahashi ចាប់ផ្តើមការងារដំបូងរបស់ខ្លួននៅ Dentsu Communications ។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩០៧ Dentsu ជាក្រុមហ៊ុនផ្សាយពាណិជ្ជកម្មធំ​ជាង​គេ​នៅ​ជប៉ុន ទទួល​បាន​ប្រាក់​ចំណូល​ជាងដៃគូប្រកួតប្រជែង ៤ ដង។ ជាមួយនឹងកេរ្តិ៍ឈ្មោះនេះ នេះប្រហែលជា​កិច្ច​សន្យា​​ដ៏​​មាន​​សក្តានុពល​​សម្រាប់ Takahashi ។

សំណាងអាក្រក់ នាងប្រទះឃើញថា Dentsu មានចំណុចមិនល្អ។ ត្រឹមអំឡុងពេលតែប៉ុន្មានខែ នារីអាយុ ២៤​ ឆ្នាំម្នាក់ត្រូវធ្វើការថែមម៉ោងច្រើន។ នាងកត់ត្រាដំណើរការការងាររបស់ខ្លួននៅលើគណនី Twitter ដែលម្តាយនាងរក្សាទុក​រហូត​មក។

Tweet ដំបូងរបស់នាងមានលក្ខណៈសុទិដ្ឋិនិយម សប្បាយរីករាយខ្លាំងណាស់ “ខ្ញុំ​ចូល​ចិត្ត​ថ្ងៃ​ចុង​សប្តាហ៍!” ប៉ុន្តែរហូត​ដល់​ខែ​តុលា គ្រប់យ៉ាងកាន់តែតានតឹង ហើយ Tweet ដែលពោរពេញទៅដោយភាពតានតឹងចាប់ផ្តើមលេចឡើង។

ខ្ញុំបាត់បង់អារម្មណ៍ទាំងអស់ លើកលែងតែមានអារម្មណ៍ងងុយគេង។

រឿងបែក​គ្នា​ជាមួយនឹង​មិត្ត​ប្រុស​ធ្វើ​ឱ្យ​នាង​រក​បាន​អាម្មណ៍សម្រាល​ទុក្ខ​ក្នុងការងារ។ ក្នុង tweet ដែលត្រូវបាន re- tweet ច្រើន​បំផុត នាង​បាន​សរសេរ​ព្រមាន​ដល់និស្សិតដែលទើបបញ្ចប់ការសិក្សា៖

ប្រសិនបើមានរឿងមួយដែលខ្ញុំចង់និយាយទៅកាន់និស្សិតដែលកំពុងស្វែងរកការងារ គឺថាការងារមិនមែនជាល្បែងកំសាន្តសប្បាយ ឬការងារក្រៅម៉ោងទេ ប៉ុន្តែជាពលកម្មពេញមួយជីវិត ហើយប្រសិនបើអ្នកមិនសមនឹងវា វាអាចនឹងធ្វើឱ្យអ្នកអស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។

មូលហេតុចម្បងដែលបណ្តាលអោយ Takahashi តានតឹងព្រោះការងារចំណាយពេលច្រើនពេក។ មួយសប្តាហ៍មុនពេល​នាង​ទទួល​មរណភាព សារ​បង្ហោះ​របស់ Takahashi ពេលនោះហាក់ដូចជាបង្ហាញពីអារម្មណ៍អស់សង្ឃឹមរបស់នាង។

បន្ទាប់ពីឆ្លងកាត់រយៈពេលតានតឹងដែលស្ទើរតែចង់ស្លាប់ ខ្ញុំនៅសល់អ្វី?

ពិតជាគួរឱ្យអស់សំណើចណាស់ក្រោយពេលធ្វើការ ២០ ម៉ោងក្នុងមួយថ្ងៃនៅក្រុមហ៊ុន ខ្ញុំស្រាប់តែយល់ថាខ្លួនរស់នៅដើម្បីអ្វី។

Takahashi ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នាងធុញទ្រាន់នឹងការចំអករើសអើងភេទមិនឈប់ ដែលនាងត្រូវស្តាប់ពីថ្នាក់​លើ និង​មិត្ត​រួម​ការ​ងារ ដោយបង្ហាញពីបរិយាកាសដែលពោរពេញទៅដោយការរើសអើង និងការបៀតបៀនអំណាច។

ត្រូវថ្នាក់លើប្រុសនិយាយថាមិនទន់ភ្លន់ដូចមនុស្សស្រី ថ្វីត្បិតតែដឹងថានោះជាការចំអក ប៉ុន្តែអារម្មណ៍ខំទ្រាំរបស់ខ្ញុំមានកំណត់។ ពិតជាអយុត្តិធម៌ណាស់ដែលមិនអាចនិយាយថា លោកមិនសុភាពបុរសទាល់តែសោះ ​គួរ​ឱ្យ​ធុញ​ទ្រាន់ណាស់។

ប្រាំថ្ងៃបន្ទាប់ពី tweet ចុងក្រោយនោះ Takahashi បានផ្ញើសារទៅកាន់ម្តាយក្នុងឳកាសបុណ្យណូអែល។

“ការងារ និងជីវិតរបស់កូនពិតជាឈឺចាប់ខ្លាំងណាស់។ អរគុណម៉ាក់សម្រាប់គ្រប់យ៉ាង” ។

ម្តាយ​នាង​បាន​អង្វរ​កុំអោយកូនបញ្ចប់ជីវិតខ្លួន ប៉ុន្តែនាងគ្រាន់តែឆ្លើយអោយតែបានៗ។

ក្រោយពេលសន្ទនាចប់ Takahashi បានលោតសម្លាប់ខ្លួន។ នាងទទួលមរណភាពនៅអាយុ ២៤ ឆ្នាំ។

រឿងរ៉ាវដដែលៗ

អាក្រក់ជាងនេះគឺថា វាមិនមែនជាករណីធ្វើអត្តឃាតដំបូងក្នុង Dentsu នោះទេ។ ជាក់ស្តែងមុននោះធ្លាប់មានករណី​ស្រដៀង​គ្នា​នេះកើតឡើង។

នៅឆ្នាំ ១៩៩១ Oshima Ichiro (大嶋一郎) អាយុ ២៤ ឆ្នាំចងកសម្លាប់ខ្លួនក្នុងផ្ទះ។ បើតាមសម្តីពីគ្រួសារ Oshima ដំបូងប្រាប់ថាគាត់​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ពី ៦០ ដល់ ៨០ ម៉ោងក្នុងមួយខែ។ ជាក់ស្តែង គ្រួសាររបស់គាត់បាននិយាយថា គាត់ធ្វើការច្រើនរហូតដល់ថ្នាក់មកផ្ទះបានតែ ២ ម៉ោង បន្ទាប់មកក៏ត្រឡប់ទៅធ្វើការវិញ។ យោងទៅ​តាម​របាយ​ការណ៍ មាន​ពេល​ខ្លះ Oshima ត្រូវធ្វើការបន្ថែមម៉ោង ១៤៧ ម៉ោងក្នុងមួយខែ ឬ​និយាយ​ម្យ៉ាង​ទៀត​​ថា ៧៦ ម៉ោង​ក្នុង​មួយ​សប្តាហ៍។

គ្រួសាររបស់ Oshima បានប្តឹង Dentsu ហើយឈ្នះលើបណ្តឹងឧទ្ធរណ៍នៅតុលាការកំពូលជប៉ុន។ ក្រុមហ៊ុនសងប្រមាណ ១,៦ លាន​ដុល្លារ និង​ត្រូវ​ស្នើឱ្យកែសម្រួលបរិយាកាសការងារ។

គួរអោយស្តាយ ១៤ ឆ្នាំក្រោយមក ការផ្លាស់ប្តូរទាំងនោះមិនសំខាន់នោះទេ។

ធ្វើការបន្ថែម ១០៥ ម៉ោងក្នុងមួយខែ

មរណភាពរបស់ Takahashi បានជំរុញឱ្យក្រសួងការងារជប៉ុនស៊ើបអង្កេតទៅលើជីវិតបុគ្គលិកនៅក្រុមហ៊ុន Dentsu ។ បុគ្គលិក​ស្រី​វ័យ​ក្មេង​ពិត​​ជា​​ធ្វើ​ការ​ហួសកម្លាំងដូចជារឿងរបស់​នាង​នៅ​លើ Twitter ដែរទេ?

នៅ Dentsu បើតាមកិច្ចសន្យាការងារ រយៈពេលធ្វើការថែមម៉ោងអតិបរមាក្នុងមួយខែគឺ ៧០ ម៉ោង។ ចំនួនម៉ោងដែលនិយោជិតកត់ត្រាក្នុងសៀវភៅក្រោមទម្រង់ជារបាយការណ៍ខ្លួនឯង ហើយបន្ទាប់មកដាក់ជូនអ្នកគ្រប់គ្រងពិនិត្យមើល។ របាយការណ៍របស់ Takahashi បង្ហាញថានាងធ្វើការ ៦៩,៩ ម៉ោងក្នុងខែតុលា និង ៦៩,៥ ម៉ោងក្នុង​ខែ​វិច្ឆិកា ជា​តួលេខ​ដែល​គួរ​ឱ្យ​សង្ស័យ​បំផុត។

មេធាវីរបស់គ្រួសារ Takahashi បានចង្អុលបង្ហាញចំពោះប្រព័ន្ធច្រកទ្វារអេឡិចត្រូនិចរបស់ Dentsu តម្រូវឱ្យបុគ្គលិក​​ឆូត​​កាត។ ទិន្នន័យ​នេះ​បង្ហាញ​ថា រយៈពេលធ្វើការនៅការិយាល័យរបស់ Takahashi ក្នុងមួយខែបូកបន្ថែម​ឡើងដល់ ១៣០ ម៉ោង លើសកម្រិតអតិបរមារបស់ Dentsu ។ ការស៊ើបអង្កេតបន្ថែមទៀតបានបង្ហាញថាអ្នកគ្រប់គ្រងក្រុមហ៊ុន Dentsu បានគាបសង្កត់បុគ្គលិកឱ្យកត់ត្រាម៉ោងខុសពីសៀវភៅដែលពួកគេកាន់ ដើម្បី​រក្សា​ពេល​វេលា​ដែល​បាន​រាយការណ៍ជាផ្លូវការក្រោម ៧០ ម៉ោង។

គណៈកម្មការត្រួតពិនិត្យការងាររបស់ជប៉ុន ក្រោយមកបានបញ្ជាក់ថា Takahashi ធ្វើការក្រៅម៉ោងយ៉ាងហោចណាស់ ១០៥ ម៉ោង ដែលជាតួលេខមិនស្របតាមតម្រូវការរបស់គ្រួសារ ប៉ុន្តែនៅតែលើសដែនកំណត់។ មរណភាពរបស់ Takahashi ត្រូវបានកំណត់ជា​ផ្លូវការ​ថា​ជា​ការ​ធ្វើ​អត្តឃាត​ដោយ​សារ​តែ​ជំងឺ​ធ្លាក់​ទឹកចិត្ត មូលហេតុ​ធ្វើការ​ហួស​កម្លាំង។

ក្រោយករណីនេះ Dentsu ត្រូវគេចាត់ទុកជា “ក្រុមហ៊ុនខ្មៅ” (ブラック企業) ដែលជាឈ្មោះហៅក្រៅសម្រាប់ក្រុមហ៊ុនដែលបំពានបុគ្គលិករបស់ពួកគេ។ នៅឆ្នាំ ២០១៦ ប្រជាពលរដ្ឋមួយក្រុម មេធាវី និងអ្នកជំនាញផ្សេងទៀតបាន​ដាក់​នាមថា “ក្រុមហ៊ុនអាក្រក់ជាងគេក្នុងឆ្នាំ” ជូន Dentsu ។ ដោយ​សំដៅ​ទៅ​លើ​ការ​ធ្វើ​អត្តឃាត​របស់បុគ្គលិក​​ម្នាក់​​ទៀត​​ក្នុង​​ឆ្នាំ ២០១៣ ក្រុម​នេះ​បាន​និយាយ​ថា​៖ “បុគ្គលិកជាច្រើនត្រូវបាត់បង់ជីវិតដោយសារសាជីវកម្ម​​នេះ។ ពួក​គេ​តំណាងឱ្យក្រុមហ៊ុនដែលរំលោភសិទ្ធិមនុស្ស ដែលសង្គមមិនអាចទទួលយកបាន” ។

លទ្ធផល

ទាំងនោះមានន័យថា Dentsu ត្រូវទទួលទណ្ឌកម្មធ្ងន់មែនទេ? ចម្លើយគឺអត់ទេ។ ក្រុមហ៊ុនត្រូវពិន័យត្រឹម​ ៥០ ម៉ឺនយ៉េនប៉ុណ្ណោះ។ ទីប្រឹក្សាការងារ Sakaki Yuki បានបង្ហាញថា ប្រាក់ពិន័យមិនច្រើនទេបើប្រៀបធៀបទៅនឹងប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ចំនួន ១,៣ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Dentsu ។

រដ្ឋាភិបាល​បាន​ព្យាយាម​ទប់ស្កាត់សកម្មភាព​របស់​ក្រុមហ៊ុន Dentsu និង​ទណ្ឌកម្ម​ស្រាលគួរ​អោយ​អាម៉ាស់​សម្រាប់ពួក​គេ ដោយ​បង្កើត​ផែនការ “កំណែទម្រង់​ការងារ” ។ រដ្ឋាភិបាលបានអោយដឹងថា ពួក​គេ​កំណត់ការថែមម៉ោង និងផ្តល់​យន្ត​ការ​សម្រាប់​និយោជិត​អាចរាយការណ៍ចំពោះសកម្មភាពបៀតបៀន។ យ៉ាង​ណា​មិញ គម្រោងនេះទទួល​មតិ​រិះ​គន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកវាយតម្លៃ។ ខណៈដែលរដ្ឋាភិបាលដំបូងស្វែងរកការបង្កើត “ដែនកំណត់ធ្វើការរហូតដល់ស្លាប់” ជាមួយនឹង ៨០ ម៉ោងធ្វើការថែមម៉ោងក្នុងមួយខែ ការប្រឆាំងតវ៉ារបស់សាជីវកម្មធំៗបណ្តាលអោយពួកគេកំណត់ ១០០ ម៉ោង​ក្នុង​មួយ​ខែ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុននៅតែស្របច្បាប់ពេលតម្រូវអោយបុគ្គលិកធ្វើការ ៦៥ ម៉ោងក្នុងមួយសប្តាហ៍ ជាកាលវិភាគដែលធ្វើឱ្យពួកគេមិនមានពេលថែទាំកូន ឬមើលថែខ្លួន​ឯង។ ក្រៅ​ពី​នេះ អ្នកជំនាញដែលមានប្រាក់ខែខ្ពស់ រួមទាំងពាណិជ្ជករហិរញ្ញវត្ថុ និងបុគ្គលិក R&D ឥឡូវនេះត្រូវបាន​លើក​​លែង​ចេញពីច្បាប់បន្ថែមម៉ោងរបស់ជប៉ុន មានន័យថាការស្នើអោយពួកគេធ្វើការថែមម៉ោងនឹងកាន់​តែ​ងាយ​​ស្រួល។

ម្នាក់ក្នុងចំណោមអ្នករិះគន់ចំពោះ​កំណែទម្រង់​ខ្លាំងបំផុតគឺម្តាយរបស់ Takahashi អ្នកស្រី  Yukimi ។ កាលពីឆ្នាំមុន នៅថ្ងៃរំលឹកដល់ការចាកចេញរបស់កូនស្រី គាត់បានសរសេរសំបុត្របង្ហាញពីអារម្មណ៍ឈឺចាប់របស់ខ្លួន និងអំពាវ​នាវ​ឱ្យ​មាន​កំណែ​ទម្រង់​កាន់​តែ​មាន​ប្រសិទ្ធភាព។

បើមិនឆ្លងកាត់រយៈពេលធ្វើការរាប់ម៉ោងនៅ Dentsu កូនស្រីប្រហែលជាកំពុងខំប្រឹងប្រែងធ្វើការ ទៅកន្លែងដែល​​នាង​ចូល​ចិត្ត ញ៉ាំ​អាហារ​ឆ្ងាញ់ៗ និងញញឹម។ ច្បាប់កំណែទម្រង់ការងារត្រូវបានអនុម័តកាលពីខែមិថុនា ហើយ​នឹង​ចូលជាធរមាននៅខែមេសាឆ្នាំក្រោយ។ ខ្ញុំ​គិត​ថា បើ​និយាយ​ពី​ការ​ការពារ​មិនអោយស្លាប់ ឬធ្វើអត្តឃាតដោយ​សារ​​ធ្វើការហួសកម្លាំង កំណែទម្រង់​នេះ​យូរណាស់ទើបទទួលបានលទ្ធផល។ ខ្ញុំ​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​មួយក្នុងច្បាប់​ដើម្បី​​លុប​​ចោល​​ម៉ោង​​ធ្វើ​​ការ​​យូរ និងទង្វើបៀតបៀនចេញពីក្រុមហ៊ុនទាំងអស់ រួមទាំងវិជ្ជាជីវផ្សេងទៀត។

ការតស៊ូលុបបំបាត់ Karoshi កំពុង និងបន្តនៅប្រទេសជប៉ុន យ៉ាងហោចណាស់យើងអាចមើលឃើញថា មនុស្សកាន់​តែ​ច្រើន​យល់​ដឹង ហើយ​ពិ​ភាក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

កុំបណ្តោយឱ្យរឿងដែលមិនត្រឹម​ត្រូវក្លាយទៅជាជាក់ស្តែង។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: