រំលឹកអំពីសោកនាដកម្មដែលមានឈ្មោះហៅថា Ehime Maru និង “ទិវាសុវត្ថិភាពសមុទ្រ” នៅប្រទេសជប៉ុន
សោកនាដកម្មមួយដែលបានធ្វើឱ្យទំនាក់ទំនងរវាងជប៉ុន និងសហរដ្ឋអាមេរិកកាន់តែតានតឹង ក្នុងពេលជាមួយគ្នានេះបណ្តាលឱ្យគ្រួសារជាច្រើនត្រូវប្រឈមមុខនឹងផលវិបាក។
នៅថ្ងៃទី ១០ ខែកុម្ភៈជារៀងរាល់ឆ្នាំនៅវិទ្យាល័យ Uwajima Fisheries High School (宇和島水産高校) នៅ Uwajima, Ehima សិស្សានុសិស្ស និងបុគ្គលិកប្រហែល ៣០០ នាក់បានប្រមូលផ្តុំគ្នាឱនក្បាលគោរពដោយស្ងៀមស្ងាត់ ដើម្បីរំលឹកដល់អ្នកដែលបានទទួលមរណៈភាព។ សំឡេងជួងបានបន្លឺឡើងចំនួនប្រាំបួនដង រំលឹកដល់មនុស្ស ៩ នាក់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុដែនសមុទ្រឆ្នាំ ២០០១ ករណីប៉ះទង្គិចគ្នារវាងកប៉ាល់ហ្វឹកហ្វឺនរបស់សាលា និងនាវាមុជទឹករបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក។ គ្រោះថ្នាក់នេះគេហៅថាឧប្បត្តិហេតុ Ehime (えひめ丸事故; Ehimemaru jiko)។ ក្រៅពីជនរងគ្រោះដែលបានស្លាប់ ឧបទ្ទវហេតុនេះក៏បានបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ ហើយបានចោទជាសំណួរចំពោះវិធីដែលកងនាវាចរអាមេរិកដោះស្រាយឧបទ្ទវហេតុដែនសមុទ្រអន្តរជាតិ។ ជាមួយគ្នានោះ ឧបទ្ទវហេតុ Ehime បានផ្តួចផ្តើមការសង្ស័យរវាងប្រទេសទាំងពីរ ដោយបង្ហាញទស្សនៈ ២ ផ្សេងគ្នាក្នុងការសម្តែងការសោកស្តាយ និងសុំទោស។
នៅថ្ងៃសោកនាដកម្ម
នៅថ្ងៃទី ៩ ខែកុម្ភៈនាវា Ehime Maru ចេញពី Honolulu ដើម្បីទៅដល់ Oahu ។ សិស្សចំនួន ១៣ នាក់នៅលើនាវាកំពុងត្រូវបានបណ្តុះបណ្តាលជំនាញនេសាទ។
ទន្ទឹមនឹងនោះ នាវា USS Greeneville ដែលជានាវាមុជទឹករបស់កងទ័ពជើងទឹកជប៉ុន ជានាវាមុជទឹកមួយក្នុងចំណោមនាវាមុជទឹកជាច្រើនដែលប្រើសម្រាប់ទទួលសមាជិកដែលមានឥទ្ធិពលក្នុងសង្គម ដើម្បីទាក់ទាញ និងបញ្ចុះបញ្ចូលពួកគេចំពោះតម្រូវការរក្សាកងនាវាមុជទឹកដំណើរការដោយថាមពលនុយក្លេអ៊ែរ។ ដើម្បីទាក់ទាញភ្ញៀវ VIP នៅលើនាវា មេបញ្ជាការ Scott Waddle បានបញ្ជាឱ្យនាវា USS Greeneville ធ្វើសមយុទ្ធអណ្តែតលើផ្ទៃទឹកបន្ទាន់។ បច្ចេកទេសនេះទាមទារការបញ្ចេញខ្យល់សម្ពាធខ្ពស់ចូលទៅក្នុង ballast ដោយរុញទឹកចេញធ្វើឱ្យនាវាស្រាល ដើម្បីឱ្យនាវាអាចអណ្តែតលើផ្ទៃទឹកបានយ៉ាងលឿន។
ប៉ុន្តែពេលនាវាមុជទឹកស្រាប់តែអណ្តែតឡើង វាបុកទង្គិចជាមួយនឹង Ehime Maru ទម្លុះនាវា។ នាវា Ehime Maru លិចក្នុងរយៈពេល ១០ នាទី។ ក្នុងចំណោមមនុស្ស ៣៥ នាក់លើនាវា Ehime Maru ពេលនោះ មានមនុស្ស ៩ នាក់ស្លាប់បាត់បង់ជីវិត រួមមានសមាជិកនាវិក ៣ នាក់ អ្នកណែនាំ ២ នាក់ និងសិស្ស ៤ នាក់ ដោយជាប់គាំងនៅជិតបន្ទប់ម៉ាស៊ីន។ មនុស្ស ២៦ នាក់ទៀតតក់ស្លុតធ្លាក់ចូលសមុទ្រ ប៉ុន្តែត្រូវបានជួយសង្គ្រោះ។ ផ្ទុយទៅវិញ Greeneville ទទួលរងខូចខាតបន្តិចប៉ុណ្ណោះ ប្រសិនបើប្រៀបធៀបខូចខាតរវាងភាគីទាំងពីរ។
ប្រតិកម្មពីរផ្សេងគ្នា
ក្រោយកើតហេតុ…
ឧទ្ធម្ភាគចក្ររបស់ប្រព័ន្ធផ្សព្វផ្សាយតាមពីក្រោយឧទ្ធម្ភាគចក្រជួយសង្គ្រោះ និងឆ្មាំសមុទ្រ ព័ត៌មាននៃឧបទ្ទវហេតុនេះត្រូវបានផ្សព្វផ្សាយយ៉ាងឆាប់រហ័ស។ ប្រធានាធិបតីអាមេរិក លោក George W. Bush ចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ដោយបង្ហាញពីទុក្ខសោករបស់លោកចំពោះឧបទ្ទវហេតុនេះ។ រឿងស្រដៀងគ្នាមិនកើតឡើងចំពោះនាយករដ្ឋមន្ត្រីជប៉ុន Mori Yoshiro (森喜朗) អតីតអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី (LDP) នោះទេ។
ដោយត្រូវគេចាត់ទុកជាមនុស្សមាន “បេះដូងចៃ និងខួរក្បាលត្រីឆ្លាម” (サメの脳、ノミの心臓) សាធារណជនជប៉ុនមិនសូវពេញចិត្តចំពោះលោក Mori ឡើយ។ ការស្ទង់មតិមិនល្អចំពោះលោក ហើយអាណិត្តរបស់លោកពោរពេញទៅដោយការវាយតម្លៃច្របូកច្របល់។ នៅពេលដែលឧបទ្ទវហេតុ Ehime Maru កើតឡើង លោក Mori កំពុងឈប់សម្រាក លេងវាយកូនហ្គោលជាមួយម្ចាស់ភាគហ៊ុននៅឯរមណីយដ្ឋាន។ មិនត្រឹមតែទទួលបានរបាយការណ៍ម្តង ប៉ុន្តែទទួលបានដល់ទៅ ៣ របាយការណ៍ចំពោះឧប្បត្តិហេតុនេះ លោក Mori នៅតែបន្តភាពសប្បាយរីករាយរបស់ខ្លួន។ នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបានចាប់យក និងឆ្លុះបញ្ចាំងព័ត៌មាននេះ ប្រជាជនជប៉ុនខឹងសម្បារយ៉ាងខ្លាំង។ ការខឹងសម្បាររបស់សាធារណៈជនបានបង្ខំឱ្យលោក Mori លាលែងពីតំណែងនៅខែមេសា ឆ្នាំ ២០០១ ។
តើនរណាជាអ្នកមានកំហុស?
ក្រោយប្រតិកម្មរបស់ដឹកនាំប្រទេស សាធារណៈជនចាប់ផ្តើមពិភាក្សាចំពោះអ្វីដែលបានកើតឡើង។
កាពីទែន Onishi (大西) នៃនាវា Ehime Maru ជាមនុស្សសំណាងនៅរស់រានមានជីវិត ត្រូវកោះហៅបញ្ជូនទៅសួរចម្លើយ។ សំណួរ និងការសន្មត់ជាច្រើនត្រូវបានលើកឡើង។ ប្រសិនបើ Greeneville រកឃើញ Ehime Maru ដោយ sonar (មធ្យោបាយកំណត់ទីតាំងដោយសំឡេង) ហេតុអ្វីបានជាវាមិនគេចចេញមុនពេលធ្វើប្រតិបត្តិការអណ្តែតលើផ្ទៃទឹក? ហេតុអ្វី Greeneville មិនជំនួយការជួយសង្គ្រោះ? នៅពេលដែលព័ត៌មាន VIP នៅលើ Greeneville ត្រូវបានបង្ហាញ មតិសាធារណៈកាន់តែមានភាពចម្រូងចម្រាស។ ហេតុអ្វីបានជាកងទ័ពជើងទឹកចូលរួមក្នុងសមយុទ្ធដែលមានហានិភ័យខ្ពស់ជាមួយប្រជាជនធម្មតាលើនាវា? តើពិតទេដែលប្រជាជនធម្មតា ២ នាក់កំពុងបើកនាវាពេលបុកគ្នា?
សំណួរទាំងនេះ និងសំណួរជាច្រើនទៀតត្រូវបានចោទសួរទៅកាន់ Waddle និងនាវិក Greeneville នៅពេលដែលពួកគេប្រឈមមុខនឹងសំណើរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខដឹកជញ្ជូនជាតិនៅ Hawaii ។ សមាជិកក្រុមគ្រួសារជនរងគ្រោះមានវត្តមានក្នុងសវនាការ តុលាការរកឃើញបញ្ហាមួយចំនួនដែលបណ្តាលឱ្យកើតមានឧបទ្ទវហេតុនេះ ជាពិសេសការធ្វេសប្រហែសរបស់នាវិក។ ដូចជាការបន្តដំណើរទៅមុខ និងរង់ចាំ ៣ នាទីដើម្បីឱ្យមុខងារ sonar ដូចដើមវិញក្រោយសមយុទ្ធក្រោមសមុទ្រ Waddle រង់ចាំតែ ៩០ វិនាទីប៉ុណ្ណោះ។ ទង្វើរំលងដំណើរការកើតឡើងក្នុងកម្រិតគួរអោយព្រួយបារម្ភ គ្មាននរណាម្នាក់ក្នុងចំណោមភ្ញៀវ VIP លើនាវា Greeneville ត្រូវស្នើសុំឱ្យផ្តល់សក្ខីកម្មទេ។
នៅទីបំផុត បន្ទាប់ពីពិនិត្យមើលភស្តុតាង និងសក្ខីកម្ម កងទ័ពជើងទឹកអាមេរិកបានកំណត់ថាមិនចាំបាច់បញ្ជូនទៅតុលាការយោធាទេ។ Waddle ចាកចេញពីកងទ័ពដោយកិត្តិយស និងសមាជិកនាវិកផ្សេងទៀតគ្រាន់តែផ្អាកជាបណ្តោះអាសន្នប៉ុណ្ណោះ។ បើនិយាយអោយងាយយល់ លទ្ធផលនេះមិនអាចបំពេញចិត្តសាច់ញាតិអ្នកស្លាប់នោះទេ។
ការសុំទោស
អ្នកនយោបាយមកពីសហរដ្ឋអាមេរិក និងជប៉ុនទៅជួបជុំនៅ Hawaii ដើម្បីស្ទង់មើលទិសដៅលទ្ធផលឧប្បត្តិហេតុនេះ។ ទោះជាយ៉ាងណា អ្នកទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ និងលំដាប់លំដោយសុំទោសរបស់ពួកគេមិនស្របតាមចិត្តប្រជាជនជប៉ុននោះទេ។ ឧត្តមនាវីឯកទ័ពជើងទឹកអាមេរិកម្នាក់ដែលមិនពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ បានសុំទោសជំនួសអ្នកដែលគួរតែទទួលខុសត្រូវ។ នៅសហរដ្ឋអាមេរិក ការសុំទោសត្រូវគេចាត់ទុកជាការទទួលយកកំហុស ផ្ទុយទៅវិញនៅជប៉ុន សុំទោសត្រូវគេចាត់ទុកជាការបង្ហាញការយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ដូចដែល Mark Magnier បានសរសេរក្នុងទំព័រកាសែតរបស់ Los Angles Times ថា “ក្នុងវប្បធម៌ជប៉ុន Waddle ក្នុងនាមជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះឧបទ្ទវហេតុនេះ គួរតែជាអ្នកសុំទោសមុនគេ មុនប្រធានាធិបតី Bush” ។
លទ្ធផល
រដ្ឋាភិបាលខេត្ត Ehime បានបង្កើតក្រុមគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពផ្លូវចិត្ត ដើម្បីថែទាំអ្នកនៅរស់ និងគ្រួសារអ្នកដែលបានស្លាប់។ សិស្ស ៩ នាក់ដែលនៅរស់រានមានជីវិតត្រូវគេធ្វើរោគវិនិច្ឆ័យថាមានជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD)។ ដោយសារព្រួយបារម្ភចំពោះហានិភ័យធ្វើអត្តឃាត សិស្សម្នាក់ៗត្រូវបានចាត់តាំងគិលានុបដ្ឋាយិកាសុខភាពសាធារណៈពីរនាក់ ហើយគ្រូរបស់ពួកគេក៏ត្រូវបានបង្រៀនពីរបៀបសង្កេតមើល និងគ្រប់គ្រងរោគសញ្ញា PTSD ផងដែរ។
បំណែកនាវា Ehime Maru ត្រូវបានរកឃើញនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០០១ ក្រោមជម្រៅ ៦០០ ម៉ែត្រ។ មិនយូរប៉ុន្មាន ក្រុមគ្រួសារសពស្នើសុំឱ្យកងទ័ពជើងទឹក និងរដ្ឋាភិបាលអាមេរិកស្រង់នាវាដែលលិច និងស្វែងរកអដ្ឋិធាតុអ្នកស្លាប់។ ថ្វីត្បិតតែមានការត្អូញត្អែរចំពោះតម្លៃស្រង់នាវាឡើង ប៉ុន្តែទីបំផុតកងទ័ពជើងទឹកបានចាប់ផ្តើមរៀបចំគម្រោងនាខែមិថុនា។ ជប៉ុនបានបញ្ជូននាវាមុជទឹកជួយសង្គ្រោះ Chihaya ដែលដឹកនាំដោយកងកម្លាំងស្វ័យការពារដែនសមុទ្រ (MSDF) ដើម្បីជួយស្វែងរកសាកសពជនរងគ្រោះ និងវត្ថុដែលអាចស្រង់បានផ្សេងទៀត។ នៅខែតុលា ពួកគេបញ្ជូននាវាទៅកាន់តំបន់ទឹករាក់ Oahu ។ សាកសព ៨ ត្រូវបានរកឃើញដោយអ្នកមុជទឹក ប៉ុន្តែសាកសពទី ៩ ដែលជានិស្សិតមួយរូបរកមិនឃើញឡើយ។
១៨ ឆ្នាំក្រោយមក…
ជប៉ុន និង Hawaii បន្តការរួមចំណែករបស់ខ្លួនដើម្បីធានាថាអ្វីដែលបានកើតឡើងចំពោះ Ehime Maru មិនត្រូវបំភ្លេចឡើយ។ នៅឆ្នាំ ២០០៣ សមាគមជលផល និងវិទ្យាល័យជាតិជប៉ុនបានកំណត់យកថ្ងៃទី ១០ ខែកុម្ភៈជា “ទិវាសុវត្ថិភាពសមុទ្រ” (海の安全祈念日; Umi no Anzen Kinen Bi)។ កន្លែងរំលឹកដល់ Ehime Maru មាននៅ Uwajima និង Honolulu ជាមួយនឹងពិធីរំលឹកដល់អ្នកស្លាប់ដែលប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ នាវា Ehime Maru ថ្មីត្រូវបានរចនាឡើងវិញដោយមានសុវត្ថិភាពជាងមុន។
Sacchan