រង់ចាំរយៈពេល ៣០ ឆ្នាំសម្រាប់ការកុម្មង់ទិញនំ Croquette សាច់គោ Kobe ជប៉ុន ដំណើររឿង និងគំនិតផ្តួចផ្តើមអាជីវកម្មនេះ
ប្រសិនបើអ្នកបញ្ជាទិញនំ Croquette សាច់គោ Kobe ក្លាសេមួយប្រអប់ពីហាង Asahiya ដែលជាហាងលក់សាច់លក្ខណៈគ្រួសារនៅទីក្រុង Takasago ខេត្ត Hyogo អ្នកប្រហែលជាត្រូវរង់ចាំ ៣០ ឆ្នាំទើបអាចទទួលបានទំនិញ។
ចាំរយៈពេល ៣០ ឆ្នាំសម្រាប់សាច់គោមួយប្រអប់ ពិតជាយូរពេកហើយ
Asahiya ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩២៦ មានលក់ផលិតផលសាច់ពី Hyogo រួមទាំងសាច់គោ Kobe ជាច្រើនទសវត្សរ៍មកហើយ។ ក្រោយសង្គ្រាមលោកលើកទី ២ ហាងបន្ថែមនំ croquette សាច់គោក្នុងម៉ឺនុយលក់។ រហូតដល់ដើមឆ្នាំ ២០០០ នំទាំងនេះចាប់ផ្តើមល្បីលើបណ្តាញសង្គម ដោយចំនួនអ្នកបញ្ជាទិញអនឡាញច្រើនរហូតដល់ថ្នាក់ត្រូវរង់ចាំរាប់ទសវត្សរ៍។
ដោយផ្តើមគំនិតពីអាជីវកម្មមិនរកប្រាក់ចំណេញ
បង Shigeru Nitta ម្ចាស់ហាង Asahiya ជំនាន់ទី ៣ បានអោយដឹងថា “យើងចាប់ផ្តើមលក់ផលិតផលអនឡាញតាំងពីឆ្នាំ ១៩៩៩ នៅពេលនោះហាងដាក់លក់នំ Croquette សាកល្បង” ។
បង Nitta ទៅដល់កសិដ្ឋានចិញ្ចឹមសត្វមូលដ្ឋានក៏ដូចជាកន្លែងដេញថ្លៃសាច់គោជាមួយនឹងឪពុកតាំងពីក្មេង។ គាត់ទទួលគ្រប់គ្រងហាងក្នុងឆ្នាំ ១៩៩៤ កាលអាយុ ៣០ ឆ្នាំ។ ក្រោយពេលសាកល្បងពាណិជ្ជកម្មអេឡិចត្រូនិចបានប៉ុន្មានឆ្នាំ គាត់កត់សម្គាល់ឃើញថា អតិថិជនមានទំនោរស្ទាក់ស្ទើរចំពោះចំណាយប្រាក់ច្រើនដើម្បីទិញសាច់គោលំដាប់ខ្ពស់តាមទម្រង់អនឡាញ។
នោះហើយជាពេលដែលគាត់សម្រេចចិត្តបង្កើតគំនិតមួយថ្មី។
“យើងលក់នំ Croquette ពិសេសក្នុងតម្លៃ ២៧៩ យ៉េនក្នុងមួយនំ ដោយឡែកសាច់គោក្នុងនំមានតម្លៃ ៤០០ យ៉េនក្នុងមួយចំណែក។ នំរបស់យើងមានរសជាតិឆ្ងាញ់ ហើយតម្លៃសមរម្យ ដោយសង្ឃឹមថាអតិថិជនអាចរីករាយជាមួយនឹងនំឆ្ងាញ់ៗ ហើយទិញសាច់គោ Kobe បន្ទាប់ពីភ្លក់លើកដំបូង” ។
ដើម្បីកាត់បន្ថយការខាតបង់ផ្នែកហិរញ្ញវត្ថុរយៈពេលដំបូង ហាង Asahiya ផលិត Croquette ត្រឹម ២០០ នំក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។
បង Nitta បានអោយដឹងបន្ថែមថា ហាងរបស់គាត់មានទំនាក់ទំនងល្អជាមួយអ្នកផលិតសាច់គោក្នុងស្រុក ដូច្នេះគាត់ប្រើតែសាច់គោនៅតំបន់ Hyogo ប៉ុណ្ណោះ។
នំល្បីលើសការរំពឹងទុក
នំ Croquette កាន់តែមានប្រជាប្រិយភាពព្រោះតែគុណភាពលើសការរំពឹងទុក។ សាច់ស្រស់ប្រចាំថ្ងៃគ្មានសារធាតុរក្សាទុក ដំឡូងបារាំងដែលប្រើសម្រាប់ធ្វើនំក៏ត្រូវបានដាំក្នុងកសិដ្ឋានដូចគ្នាដែរ។ បង Nitta លើកទឹកចិត្តឱ្យកសិដ្ឋានប្រើលាមកគោដើម្បីដាំដំឡូង បន្ទាប់មកមើមដំឡូងប្រើជាចំណីសម្រាប់គោ បង្កើតបានជាវដ្តផលិតកម្ម។
គំនិតរបស់បងបានទាក់ទាញទាំងអ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយ។ អត្ថបទកាសែតនិយាយអំពីនំ Croquette នៃហាង Asahiya ចេញផ្សាយនៅឆ្នាំ ២០០០ ហើយជម្រុញអោយប្រជាប្រិយភាពនំកើនឡើងយ៉ាងខ្លាំង។
បង Nitta បាននិយាយថា “យើងផ្អាកទទួលការកុម្ម៉ង់នំមួយរយៈពេល ព្រោះមានការបញ្ជាទិញច្រើនពេក យើងមិនអាចឆ្លើយតបបាន។ ការបញ្ជាទិញជាច្រើនត្រូវរង់ចាំរហូតដល់ ១៤ ឆ្នាំទើបអាចដឹកជញ្ជូន។ យើងមានបំណងផ្អាក ប៉ុន្តែបែរជាទទួលបានការហៅទូរស័ព្ទស្នើឱ្យបន្តផ្គត់ផ្គង់ផលិតផលយ៉ាងច្រើន” ។
មានប្រជាប្រិយភាពមិនមានន័យថាជោគជ័យនោះទេ
ហាង Asahiya បន្តទទួលការបញ្ជាទិញនៅឆ្នាំ ២០១៧ ប៉ុន្តែបានសម្រេចចិត្តដំឡើងថ្លៃ។
“នៅពេលនោះ យើងបានដំឡើងតម្លៃ ៥០០ ទៅ ៥៤០ យ៉េនរួមទាំងពន្ធលើការប្រើប្រាស់។ ប៉ុន្តែដោយសារឥទ្ធិពលនៃការនាំចេញសាច់គោ Kobe តម្លៃសាច់គោនាំចូលកើនឡើងទ្វេដង ជាក់ស្តែងនំ Croquette នៅតែជាទំនិញដែលខាតបង់” ។
ថ្វីត្បិតតែខាត ប៉ុន្តែចំនួននៃការបញ្ជាទិញតែងតែលើសបន្ទុក រហូតដល់ថ្នាក់បង Nitta ត្រូវសើចចំអកចំពោះគំនិតអាជីវកម្មរបស់ខ្លួនថា “នំនេះបែរជាមានប្រជាប្រិយភាពជាជាងផលិតផលជាច្រើនផ្សេងទៀត” ។
បង Nitta បានជម្រុញការផលិតពី ២០០ នំក្នុងមួយសប្តាហ៍ ទៅជា ២០០ នំក្នុងមួយថ្ងៃ ប៉ុន្តែគាត់មិនអាចចំណាយប្រាក់បន្ថែមសម្រាប់ជួលអ្នកធ្វើនោះទេ ព្រោះអាចបណ្តាលអោយខាត។
“ខ្ញុំពិតជាមានអារម្មណ៍សោកស្ដាយណាស់ដែលទុកឱ្យអតិថិជនរង់ចាំ ខ្ញុំក៏ចង់ផ្គត់ផ្គង់នំជូនអតិថិជនលឿនដែរ ប៉ុន្តែបើធ្វើដូច្នេះ ហាងរបស់ខ្ញុំនឹងក្ស័យធន” ។
សំណាងអតិថិជនប្រហែលពាក់កណ្តាលដែលកុម្ម៉ង់នំ croquette យល់ព្រមកុម្ម៉ង់សាច់ Kobe។ នេះជាចំណុចវិជ្ជមានសម្រាប់យុទ្ធសាស្ត្រទីផ្សាររបស់គាត់។
ការខិតខំប្រឹងប្រែង
បង Niita មិនបានបោះបង់គោលបំណងដំបូងឡើយ ដោយលើកទឹកចិត្តមនុស្សជាច្រើនឱ្យទិញសាច់គោ Kobe ។
បច្ចុប្បន្ននេះនំ Croquette មួយប្រអប់ (មាន ៥ នំ) ត្រូវបានលក់ក្នុងតម្លៃ ២៧០០ យ៉េន។ មិនច្បាស់ថាត្រូវចំណាយពេលប៉ុន្មានទើបអាចទទួលបានការបញ្ជាទិញនោះទេ ប៉ុន្តែដើម្បីកុំឱ្យអតិថិជនភ្លេចការបញ្ជាទិញ មួយសប្តាហ៍មុនពេលដឹកជញ្ជូនហាងនឹងបញ្ជាក់ការបញ្ជាទិញជាមួយអតិថិជន។
“អតិថិជនមួយចំនួនក្រោយពេលរង់ចាំរយៈពេលយូរប្តូរអុីម៉ែល យើងត្រូវទូរស័ព្ទទៅដោយផ្ទាល់ដើម្បីបញ្ជាក់អាសយដ្ឋានដឹកជញ្ជូនឡើងវិញ” ។
ក្នុងបរិបទតម្លៃសាច់គោ Kobe កាន់តែឡើងថ្លៃ ប្រាក់ខែបុគ្គលិកក៏កើនឡើងផងដែរ។ បង Nitta អាចនឹងយល់ថាមានសម្ពាធកាន់តែខ្លាំងចំពោះបញ្ជីរង់ចាំរាប់សិបឆ្នាំ សង្ឃឹមថាគាត់នៅតែបន្តព្យាយាមទិសដៅដំបូងរបស់ខ្លួន។
Sacchan