សំបុត្ររៀបរាប់ពីអារម្មណ៍ដែលអតីតអ្នកអនុវត្តទោសប្រហារជីវិតជប៉ុនត្រូវឆ្លងកាត់
ឆ្មាំពន្ធនាគារដែលចូលនិវត្តន៍មួយរូបបានសរសេរសំបុត្រ ១២ ទំព័រផ្ញើទៅកាន់កាសែតជប៉ុន ដោយនិយាយអំពីអំឡុងពេលជិតស្លាប់របស់អ្នកទោស ក៏ដូចជាអារម្មណ៍របស់អ្នកអនុវត្តទោសប្រហារជីវិត។
អ្នកអនុវត្តទោសបានសរសេរសំបុត្រចំនួន ១២ ទំព័រ។ រូបភាព៖ Asahi Shimbun
កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា កាសែត Asahi Shimbun បានចុះផ្សាយសំបុត្ររបស់អ្នកយាមគុកដែលចូលនិវត្តន៍អាយុ ៨៩ ឆ្នាំម្នាក់ នៅតំបន់ Kanto ប្រទេសជប៉ុន។ បុរសចូលនិវត្តន៍ម្នាក់ដែលមិនបញ្ចេញអត្តសញ្ញាណបានចែករំលែករយៈពេលដ៏ឈឺចាប់ មិនរីករាយពេលប្រឈមនឹងអ្នកទោសអំឡុងពេលចុងក្រោយនៃជីវិត។
ប្រហែលចន្លោះពីឆ្នាំ ១៩៧៥-១៩៧៧ ប្រធានពន្ធនាគារបានប្រាប់អ្នកយាមគុកចំពោះកាលបរិច្ឆេទប្រហារជីវិតអ្នកទោសត្រូវបានកំណត់។
“ខ្ញុំគិតថាខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ថ្ងៃនោះ ប៉ុន្តែជាក់ស្តែង ខ្ញុំចាប់ផ្តើមមានអារម្មណ៍តានតឹង។ មួយសន្ទុះក្រោយមក ខ្ញុំមានអារម្មណ៍ថាព្រឺឆ្អឹងខ្នង” អតីតអ្នកយាមគុកបានសរសេរក្នុងសំបុត្រ។
ក្នុងអំឡុងពេលគាត់ធ្វើការនៅពន្ធនាគារ Osaka អ្នកទោស ៣ នាក់ដែលចោទប្រកាន់ពីបទឃាតកម្ម និងប្លន់ត្រូវទទួលទោសប្រហារជីវិត។ ប្រហែល ៥ ថ្ងៃមុនថ្ងៃប្រហារជីវិត អតីតឆ្មាំដែលចូលរួមក្នុងការអនុវត្តទោសនឹងទទួលបានដីកាប្រហារជីវិតពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
យោងទៅតាមច្បាប់ជប៉ុនចាប់ពីឆ្នាំ ១៨៧៣ ការព្យួរកជាទម្រង់សម្រាប់អ្នកទោសប្រហារជីវិត។ អ្នកអនុវត្តទោសត្រូវកំណត់ប្រវែងខ្សែពួរទៅតាមកម្ពស់ និងទម្ងន់របស់អ្នកទោស ហើយពួកគេមានពេលប្រហែល ៥ ថ្ងៃសម្រាប់ត្រៀមស្មារតី។
អារម្មណ៍របស់អ្នកអនុវត្តទោសប្រហារជីវិត
អតីតអ្នកយាមគុកបាននិយាយថាលោកតែងតែដកដង្ហើមវែងពេលនៅម្នាក់ឯង និងរំងាប់អារម្មណ៍ខ្លួនអោយស្ងប់។ មិត្តរួមការងាររបស់លោកបានដាក់រហស្សនាមឱ្យគាត់ថា Kshitigarbha មានន័យថា “ព្រះពោធិសត្វដែលឃ្លាំមើលពិភពងងឹត” ។
“ខ្ញុំ និងអ្នកទោសសុទ្ធតែជាមនុស្ស ដូច្នេះយើងមានទំនាក់ទំនងក្នុងកម្រិតមួយ។ ប្រសិនបើខ្ញុំមើលទៅខុសធម្មតាសូម្បីតែបន្តិច ពួកគេនឹងដឹងថាថ្ងៃប្រហារជីវិតរបស់ខ្លួនជិតមកដល់ហើយ។ នៅពេលនោះស្ថានភាពមិននឹកស្មានអាចនឹងកើតឡើង ដូច្នេះហើយខ្ញុំត្រូវព្យាយាមធ្វើធម្មតា” ។
ប្រធានពន្ធនាគារនឹងជូនដំណឹងដល់អ្នកទោសចំពោះពេលវេលាប្រហារជីវិតមុន ២៤ ម៉ោង។ អតីតអ្នកយាមគុកនឹងរៀបចំឱ្យអ្នកទោសប្រហារជីវិតជួបអ្នករាល់គ្នាលើកចុងក្រោយ។ ពួកគេក៏ទទួលបានពិធីជប់លៀងលាអ្នកទោសជាប់ឃុំឃាំងផ្សេងទៀត និងបំពេញតាមបំណងអាហារលើកចុងក្រោយ។
បន្ទប់ដែលអ្នកទោសជួបអ្នកប្រឹក្សាសាសនាមុនពេលប្រហារជីវិតនៅពន្ធនាគារតូក្យូ។ រូបភាព៖ Reuters
អតីតអ្នកយាមគុកជាអ្នកដែលរួមដំណើរជាមួយអ្នកទោសប្រហារជីវិតលើកចុងក្រោយ “យើងយកប្រាក់រៃអង្គាសបានទិញអាហារលើកចុងក្រោយដែលពួកគេចង់ហូប ដូចជា sushi ឬមី soba ។ បុគ្គលិកពន្ធនាគារនឹងបង្កើនការល្បាតដើម្បីការពារករណីធ្វើអត្តឃាត ពួកគេចាត់វេនត្រួតពិនិត្យអ្នកទោស” ។
អ្នកទោសប្រហារជីវិតមួយចំនួននឹងសម្អាតកន្លែងរបស់ពួកគេ ហើយសរសេរបណ្តាំប៉ុន្មានម៉ោងមុនពេលស្លាប់។ អតីតអ្នកយាមបានប្រាប់ថា អ្នកទោសប្រហារជីវិតច្រើនតែគេងមិនលក់ ហើយបន្តសរសេរបណ្តាំរហូតដល់ព្រឹក។
ថ្ងៃអនុវត្តទោសប្រហារជីវិត
នៅថ្ងៃប្រហារជីវិត អ្នកយាមគុកនឹងនាំអ្នកទោសទៅកាន់បន្ទប់ប្រហារជីវិត។ អ្នកទោសប្រហារជីវិតបីនាក់ដែលគាត់បានចូលរួមអនុវត្តទោសជាមនុស្សក្លាហាន។ លោកសរសេរថា “ពួកគេស្ងប់អារម្មណ៍ ហើយដើរចូលបន្ទប់ដោយមិនត្រូវការជំនួយ ម្នាក់ក្នុងចំណោមពួកគេសុំចាប់ដៃខ្ញុំ” ។
“ដៃគាត់ត្រជាក់ដូចទឹកកក ទឹកមុខមើលទៅស្លេកស្លាំង” អ្នកយាមគុករៀបរាប់ឡើងវិញ។ គាត់មើលឃើញការអនុវត្តទោសប្រហារជីវិតក្នុងបន្ទប់មួយ “ខ្ញុំមិនចង់និយាយលម្អិតទេ ព្រោះវាដូចជារំលឹកដល់ទុក្ខសោករបស់អ្នកស្លាប់” ។
បើតាម Mirror ភាគច្រើនអ្នកទោសប្រហារជីវិតត្រូវរង់ចាំយ៉ាងហោចណាស់ ៥ ឆ្នាំទើបដល់វេនអនុវត្តទោស អ្នកខ្លះត្រូវរង់ចាំជាច្រើនឆ្នាំ។ ជាទូទៅអ្នកចូលរួមអនុវត្តទោសត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះមុនម៉ោង។ ប្រសិនបើអតីតឆ្មាំត្រឡប់មកផ្ទះពេលថ្ងៃ គ្រួសារគាត់នឹងដឹងថាមានអ្នកណាម្នាក់ត្រូវព្យួរក ដូច្នេះគាត់តែងតែចេញទៅក្រៅមិនត្រឡប់មកផ្ទះមុនម៉ោងទេ។
អ្នកទោសត្រូវព្យួរកត្រង់កន្លែងពណ៌ក្រហម នៅពេលប្រអប់បើក អ្នកទោសនឹងធ្លាក់ចុះ។ រូបភាព៖ Reuters
អតីតឆ្មាំគុកបាននិយាយថាគាត់មិនដែលប្រាប់នរណាម្នាក់ឡើយ រួមទាំងគ្រួសារចំពោះអ្វីដែលគាត់បានសរសេរ។ គាត់បានសម្រេចចិត្តធ្វើដូច្នេះ បន្ទាប់ពីបានអានកាសែតរបស់ Asahi Shimbun កាលពីខែកញ្ញា និយាយពីការសន្ទនាចុងក្រោយរបស់អ្នកទោសប្រហារជីវិត។ បច្ចុប្បន្នរហូតដល់ព្រឹកថ្ងៃប្រហារជីវិតទើបអ្នកទោសទទួលបានដំណឹង។
អតីតឆ្មាំគុកសរសេរក្នុងសំបុត្រ “យើងបានត្រៀមខ្លួនធ្វើជាឆ្មាំពន្ធនាគារ ប៉ុន្តែភាគច្រើនអ្នកទាំងអស់គ្នាចង់ចូលរួមក្នុងការអប់រំអ្នកទោស។ គ្មាននរណាម្នាក់សប្បាយចិត្តពេលអនុវត្តទោសប្រហារជីវិតនោះទេ។ យើងគ្រាន់តែគិតថានោះជាតួនាទីដែលត្រូវបំពេញប៉ុណ្ណោះ” ។
អតីតឆ្មាំគុកដែលចូលនិវត្តន៍បានបន្តថា គាត់តែងតែបន់ស្រន់អោយអ្នកទោសប្រហារជីវិតរាល់ពេលទៅប្រាសាទ ឬវត្ត។ លោកនិយាយថា ឆ្មាំគុកម្នាក់ដែលចូលរួមការអនុវត្តទោសប្រហារជីវិតធ្លាប់ទៅប្រាសាទព្រះពុទ្ធសាសនា Shikoku ចំនួន ៨៨ ដង។
“ខ្ញុំចង់អោយសាធារណជនដឹងកាន់តែច្រើនចំពោះការអនុវត្តទោសប្រហារជីវិត។ ប្រសិនបើអ្នកដឹងរឿងនេះ អ្នករាល់គ្នាប្រាកដជាមិននិយាយពាក្យមិនល្អបែបនេះទេ” ។ អតីតអ្នកយាមរំលឹកដល់អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន Yasuhiro Hanashi ដែលទើបតែត្រូវបណ្តេញកាលពីថ្ងៃទី ១ ខែវិច្ឆិកា បន្ទាប់ពីសេចក្តីថ្លែងការណ៍បង្កចម្រូងចម្រាសទាក់ទងនឹងការអនុវត្តទោស។
លោកនិយាយថា “ខ្ញុំគិតថាឥឡូវនេះ ឬខ្ញុំមិនបានចូលរួមចំណែកពិភាក្សាចំពោះការអនុវត្តទោសប្រហារជីវិត ខ្ញុំចង់អោយអ្នករាល់គ្នាយល់នូវអ្វីដែលបុគ្គលិកអនុវត្តទោសត្រូវឆ្លងកាត់” ។
ប្រភព៖ Skydoor