ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ស្លាប់ដោយសារឪពុកភ្លេចទុកចោលលើឡានរយៈពេល ៩ ម៉ោង
បុរសជាឪពុកម្នាក់អាយុ ៣៣ ឆ្នាំ ទទួលបន្ទុកជូនទៅសាលាខុសៗគ្នានៅ Kishiwada ប្រទេសជប៉ុន ដោយបានភ្លេចទុកចោលកូនស្រីអាយុ ២ ឆ្នាំរបស់ខ្លួនលើឡានរយៈពេល ៩ ម៉ោងបណ្តាលអោយកូនស្លាប់។
ក្មេងស្រីជនរងគ្រោះអាយុ ២ ឆ្នាំ មានឈ្មោះថា Seira Fuchigami ត្រូវទុកចោលក្នុងឡាន បន្ទាប់ពីបុរសជាឪពុកគិតថាបានយកកូនទៅដាក់សាលាមត្តេយ្យពេលព្រឹក។
ឪពុករបស់ Seira Fuchigami បានប្រាប់ប៉ូលិសខេត្ត Osaka ថា លោកបើករថយន្តចេញពីផ្ទះនៅម៉ោង ៨ ព្រឹក ថ្ងៃទី ១២ ខែវិច្ឆិកា ជាមួយកូនស្រីទាំងបីនាក់។ ក្រោយពេលបញ្ជូនកូនពីរក្នុងចំណោមបីនាក់ទៅសាលាផ្សេងៗគ្នានៅទីក្រុង Kishiwada គាត់ទៅកន្លែងធ្វើការដោយមិនចាំថា Seira កំពុងនៅខាងក្រោយឡានឡើយ។
លោកឪពុកចាក់សោឡាន កញ្ចក់បង្អួចបិទជិត រួចដើរចូលការិយាល័យធ្វើការ។ រហូតដល់ម៉ោង ៥ ល្ងាចគាត់ទៅទទួលកូនៗ ទើបខាងសាលាត្តេយ្យប្រាប់ថាមិនឃើញប្អូន Seira មករៀនទេ។
ឪពុកប្រទះឃើញកូនស្រីដេកសន្លប់នៅខាងក្រោយរថយន្ត។ រូបភាព៖ Newsflash
បើតាមសមត្ថកិច្ចបានអោយដឹងថា នៅពេលបុរសជាឪពុកត្រួតពិនិត្យរថយន្តរបស់ខ្លួនឡើងវិញ គាត់មើលឃើញកូនស្រីដេកសន្លប់នៅខាងក្រោយ។
ថ្វីត្បិតតែត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែ Seira ឆ្លងមិនផុតឡើយ។ គ្រូពេទ្យបាននិយាយថា ក្មេងស្រីស្លាប់ដោយសាររងកម្តៅបន្ទាប់ពីត្រូវទុកចោលក្នុងឡាន ដោយបន្ថែមថាពួកគេមិនបានមើលឃើញរបួសខាងក្រៅទេ។
យោងទៅតាមទីភ្នាក់ងារឧតុនិយមជប៉ុន សីតុណ្ហភាពកើនឡើងជាង ២០ អង្សាសេតាមតំបន់ខុសគ្នានៅ Osaka កាលពីថ្ងៃទី ១២ ខែវិច្ឆិកា។ ទីក្រុង Sakai ដែលនៅជិតនោះបានកត់សម្គាល់សីតុណ្ហភាព ២៤,១ អង្សាសេ។
បច្ចុប្បន្នប៉ូលិសកំពុងធ្វើកោសល្យវិច័យដើម្បីកំណត់មូលហេតុស្លាប់របស់ក្មេងស្រី។
អាជ្ញាធរបានអោយដឹងថា ការបញ្ជូនកូនទៅសាលាខុសៗគ្នាអាចជាមូលហេតុបណ្តាលអោយបុរសជាឪពុកភ័ន្តច្រឡំ។
ក្រៅពីនេះ សាលាមត្តេយ្យដែលប្អូន Seira ទៅរៀនក៏មានកំហុសដែរ ព្រោះមិនបានទាក់ទងទៅកាន់គ្រួសារដើម្បីជូនដំណឹងថាប្អូនមិនបានទៅសាលានៅថ្ងៃនោះ។ ទន្ទឹមនឹងនេះ បើតាមបទប្បញ្ញត្តិរបស់ទីក្រុង Kishiwada សាលារៀនត្រូវទាក់ទងទៅឪពុកម្តាយប្រសិនបើកូនរបស់ពួកគេអវត្តមានដោយមិនទាន់សុំច្បាប់។
ទោះជាយ៉ាងណា បុរសជាឪពុកមានកំហុសធ្ងន់ដែលមិនដឹងថាកូនស្រីអាយុ ២ ឆ្នាំកំពុងនៅក្នុងឡាន បណ្តាលអោយប្អូនត្រូវទុកចោលរយៈពេល ៩ ម៉ោង ការស៊ើបអង្កេតនៅតែបន្ត។
ប្រភព៖ Mirror