ប៉ូលិស​ជប៉ុន​កំពុងតាម​រក​អ្នកគប់​យន្តហោះ​ក្រដាស​ចូល​កន្លែង​​រំលឹក​​វិញ្ញាណ​ក្ខន្ធ​​ជនរងគ្រោះដោយសារគ្រាប់បែក​បរមាណូ Hiroshima

ឧទ្យានរំលឹកសន្តិភាព Hiroshima ជាកន្លែងពិសេសសម្រាប់ប្រទេសជប៉ុន។ Genbaku Dome ជាផ្នែកមួយនៃរចនាសម្ព័ន្ធដែលនៅសេសសល់កណ្តាលទីក្រុងក្រោយហេតុ​ការណ៍ទម្លាក់គ្រាប់បែកបរមាណូ។ មិនឆ្ងាយប៉ុន្មានពីកន្លែងរំលឹក​ដល់​ជន​រង​គ្រោះ​​ដោយ​សារ​គ្រាប់​បែក​បរមាណូនោះទេ។

ជាផ្នូរសម្រាប់រំលឹកដល់ជនរងគ្រោះដែលចាកចេញពីពិភពលោកនេះ មិនបន្សល់ទុកអ្វីទាំងអស់។ ផ្នូររួមមានក្លោង​ថ្ម​ក្រា​នីត និង​វិមាន​ចារ​​ឈ្មោះ​ជន​រង​គ្រោះ​សរសេរថា “កំហុសនឹងមិនកើតឡើងវិញទេ” ។

នៅ​កន្លែង​ពិសិដ្ឋ​បែប​នេះបែរជាកើតមានរឿងដែល​មិន​នឹក​ស្មាន​ដល់ បើតាមវីដេអូថតបានតាមកាមេរ៉ាសុវត្ថិភាព វេលាម៉ោង ៣ ​ទៀបភ្លឺ ថ្ងៃទី ២៨ ខែតុលា មានបុរសម្នាក់ចូលកន្លែងរំលឹកវិញ្ញាណក្ខន្ធ គប់យន្តហោះក្រដាស ហើយ​ទុក​អោយ​វា​ធ្លាក់​ចុះ​ដោយខ្លួនឯងរួច​ដើរ​ចេញ។

យន្តហោះក្រដាសមានប្រវែង ៣៥ សង់ទីម៉ែត្រ ត្រូវបានបុគ្គលិកល្បាតប្រទះឃើញនៅ​ព្រឹក​បន្ទាប់។ នៅលើយន្តហោះសរសេរថា “រញ្ជួយដីខ្លាំងនៅ Hiroshima 10.28 5:18” ដោយប៊ិចខៀវ។ ទាំងនេះជាអក្សរពិបាកយល់ ព្រោះ​គ្មានព័ត៌មាន​​អំពី “រញ្ជួយ​​ដី​ខ្លាំង​នៅ Hiroshima” ក៏ដូចជាលេខនៅពីក្រោយទេ។

សមាជិកក្រុមប្រឹក្សាក្រុង Hiroshima Taichi Mukugi បានសរសេររឿងនេះលើ Blog ដោយបន្ថែមថា ផ្នែកខាងក្នុង​យន្ត​ហោះ​ក៏​សរសេរ​អក្សរដែរ ថ្វីត្បិតតែមានភាពស្រពិចស្រពិលក៏ដោយ។ Taichi Mukugi ដោយអះអាង​ថា នេះ​មិន​​មែន​​ជា​​ទង្វើ​បង្ហាញ​ពីស្មារតី​រំលឹកដល់​ជនរងគ្រោះ​ដោយ​សារករណីទម្លាក់​គ្រាប់​បែក​បរមាណូ​នោះ​ទេ។

ករណី​នេះ​សមត្ថកិច្ច​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត យោងទៅតាមមាត្រា ១៨៨ នៃក្រមព្រហ្មទណ្ឌ ហាមឃាត់សកម្មភាពមិនគោរពនៅកន្លែងពិសិដ្ឋ ការបំពានច្បាប់ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៦ ខែ និងពិន័យជាប្រាក់​អតិបរមា ១០០,០០០ យ៉េន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: