ប្រភេពដើមសំឡេងព្រឺសម្បុរ “Hyuu Dorodorodorodoro” ពេល​​ខ្មោច​​ជប៉ុន​​បង្ហាញខ្លួន

តើអ្នកធ្លាប់ឃើញខ្មោចទេ?

ខ្ញុំ​មិន​ដែល​ឃើញ​ខ្មោច​ទេ ប៉ុន្តែមានអារម្មណ៍ថាខ្លួនធ្លាប់ឃើញប៉ុន្មានដងដែរ។ សរុបទៅគ្មានអ្នកណាចង់មើលឃើញ​ខ្មោច​នោះ​ទេ។

នៅប្រទេសណាក៏មានខ្មោចដែរ ប៉ុន្តែខ្មោចនៅជប៉ុនមានលក្ខណៈដោយឡែក។

ប្រិយមិត្ត​ដែលចូលចិត្តមើលរឿងខ្មោច ភាពយន្ត​ភ័យ​រន្ធត់ តើអ្នកដឹងទេថាខ្មោច​ជប៉ុន​មាន​លក្ខណៈ​បែបណា?

នោះគឺគ្មានជើង។

សូមក្រឡេកមើលរូបភាពខ្មោចជប៉ុនដើម្បីវិភាគលក្ខណៈពិសេសនេះ។

ស្ត្រី​ក្នុង​រូប​គំនូរ​ស្លៀក​រ៉ូប​ពណ៌​ស​សម្រាប់​អ្នក​ស្លាប់ ទោះបីជាមិនបានបង្ហាញក្នុងរូបគំនូរនេះ ជាទូទៅពួកគេពាក់ក្រណាត់​រាង​ត្រី​កោណ​លើ​ក្បាល។

ផ្នែកខាងក្រោមជើងរបស់នាងមើលមិនឃើញនោះទេ ព្រោះតែនាងគ្មានជើង។

នេះជារូបគំនូរមួយផ្សេងទៀត ខ្មោចស្រីនៅក្រោមដើមសូល។

នៅ​ប្រទេស​ជប៉ុនមាន​ស្នាដៃ​សិល្បៈ​ជា​ច្រើន​ដែល​បង្ហាញ​ពីស្រមោលខ្មោចក្រោមដើមសូល។ ដើមសូលមានរាងស្តើង ទន់​ខ្សោយ មែកឈើបក់បោកតាមខ្សល់។

ទិដ្ឋភាពដើមសូលរំលឹកដល់ព្រលឹងខ្មោចដើរតែលតោល ដូច្នេះហើយ ប្រធានបទស្រមោលខ្មោចក្រោមដើមសូលត្រូវបានគេប្រើច្រើនក្នុងសិល្បៈជប៉ុន។

ម្យ៉ាងវិញទៀត នៅពេលដែលខ្មោចជប៉ុនបង្ហាញខ្លួនក្នុងឈុតឆាកភាពយន្តនឹងមានសំឡេងដោយឡែក។ សរុបទៅ បើ​​ស្តាប់​​លឺ​​សំឡេង​​នេះ​ពេល​មើល​រឿងជប៉ុនច្បាស់ជា… មានខ្មោច។

សំឡេង​នោះ​ត្រូវបានបង្ហាញតាមរយៈតម្រាប់សូរជប៉ុនដូចខាងក្រោម៖

Hyuu Dorodorodorodoro ។

សព្វថ្ងៃនេះយុវជនជប៉ុនប្រហែលជាមិនដឹងទេ ប៉ុន្តែមនុស្សវ័យកណ្តាលប្រាកដជាចាប់អារម្មណ៍នឹងសំឡេងនេះ។ ប្រភពដើមរបស់វាមកពីល្ខោន Kabuki ។

ខ្មោចបង្ហាញខ្លួនច្រើនក្នុងល្ខោន Kabuki រាល់ពេលដែលទស្សនិកជនបានឮសំឡេងនេះ ខ្មោចនឹងបង្ហាញខ្លួន។ កំណែ​ទី​ ១ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រើ​ប្រភេទ​ខ្លុយ ​ឬ​ស្សី​ហៅ​ថា Noukan (能管) ។ សំឡេង​នេះ​ប្រៀប​ដូច​ជា​សំឡេង​​ខ្យល់​បក់​កាត់​​តាម​ចន្លោះ​ទ្វារ​ ពេលស្តាប់ទៅមានអារម្មណ៍ព្រឺសម្បុរ បែកញើស។ ទន្ទឹមនឹងនេះមាន​​សម្លេង​​វាយ​ស្គរ “dorodoro” ដែលនាំមកនូវអារម្មណ៍ភ័យខ្លាចដល់អ្នកស្តាប់។

អ្នកប្រហែលជាមិនដឹងទេ ប៉ុន្តែខ្មោចជប៉ុនក៏មានអាយុកាលផងដែរ។ អ្នកខ្លះថែមទាំងស្រាវជ្រាវអំពីអាយុកាលរបស់​ខ្មោច បើតាមអ្នកស្រាវជ្រាវទាំងនេះ ខ្មោចមានអាយុកាលជាមធ្យម ៤០០ ឆ្នាំ។ ក្នុងប្រវត្តិសាស្រ្តជប៉ុនមានការប្រយុទ្ធ​ដ៏​អស្ចារ្យ​មួយ​ហៅ​ថា Sekigahara កើតឡើងនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ១៦០០ ដែលល្បីជាកន្លែងបញ្ចុះសព។ ទោះជាយ៉ាងណា ក្រោយឆ្នាំ ២០០០ ចំនួនអ្នកមើលឃើញខ្មោចនៅទីនេះថយចុះ។ ៤០០ ឆ្នាំបានកន្លងផុតទៅ ប្រហែល​ជា​ខ្មោច​ទាំង​នោះ​រលាយ​អស់​ទៅ​ហើយ។

បើអាចចូរនិយាយប្រាប់ខ្ញុំរឿងខ្មោចក្នុងប្រទេសរបស់អ្នក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: