ទម្លាប់ ៤ យ៉ាងជួយឱ្យនារីជនជាតិជប៉ុនស្រកបាន ៦៧ គីឡូក្រាម
ក្រៅពីបរិភោគតិច មិនហូបអាហារពេលយប់ រាល់ថ្ងៃកញ្ញា Hirose ឡើងជណ្តើរ ខំប្រឹងដើរលឿនយ៉ាងហោចណាស់ ២ ម៉ោងក្នុងមួយថ្ងៃដើម្បីជួយដុតបំផ្លាញខ្លាញ់ សម្រកទម្ងន់ពី ១១៦ ចុះសល់ ៤៩ គីឡូក្រាម។
ចាប់ពីពេលដែលឪពុកម្តាយរបស់ Hirose Ayaka អាយុ ២០ ឆ្នាំលែងលះគ្នា ជីវិតរបស់នាងមានការប្រែប្រួលយ៉ាងខ្លាំង។ នាងតែងតែទៅផ្ទះជីដូនជីតាទទួលទានអាហារពេលល្ងាច និងត្រូវបានប៉ះប៉ូវក្តីស្រលាញ់ដោយអាហារឆ្ងាញ់ៗ។ ដោយសារមូលហេតុនេះធ្វើអោយ Hirose ហូបច្រើន នៅពេលដែលឡើងទម្ងន់ ១១៦ គីឡូក្រាម Hirose ធ្វើអោយកៅអីមួយបាក់ពេលកំពុងអង្គុយ។ ឧប្បត្តិហេតុនេះដូចជាការដាស់តឿនមួយ ជួយឱ្យនាងដឹងថាដល់ពេលត្រូវផ្លាស់ប្តូរហើយ។ Hirose រៀបចំគម្រោង និងអនុវត្តយ៉ាងម៉ត់ចត់ ដូច្នេះហើយសម្រកបាន ៦៧ គីឡូក្រាម ហើយឥឡូវនេះរក្សាកម្រិតទម្ងន់ចន្លោះពី ៤៩ ដល់ ៥០ គីឡូក្រាម។ បន្ទាប់ពីសម្រកទម្ងន់ជោគជ័យ Hirose បានចែករំលែកបទពិសោធន៍របស់ខ្លួន ក្នុងគោលបំណងជម្រុញ និងលើកទឹកចិត្តដល់នារីដែលកំពុងមានកង្វល់ចំពោះទម្ងន់។
Hirose មានទម្ងន់ជាង ១០០ គីឡូក្រាម។
១. ត្រួតពិនិត្យបរិមាណកាឡូរីក្នុងរាងកាយ
Hirose ដឹងថារឿងដំបូងដែលនាងត្រូវធ្វើដើម្បីសម្រកទម្ងន់គឺផ្លាស់ប្តូរទម្លាប់បរិភោគប្រចាំថ្ងៃ។ នាងព្យាយាមមិនទទួលទានអាហារពេលល្ងាចតាមដែលអាចធ្វើទៅបាន ឬហូបមុនពេល។ នៅពេលចង់ញ៉ាំអាហារសម្រន់ Hirose តែងតែញ៉ាំពេលព្រឹក កាត់បន្ថយការទទួលទានយប់។ Hirose ក៏ហាត់ទម្លាប់ញ៉ាំយឺត ទំពារឱ្យបានល្អ និងផ្តោតលើអាហារជាជាងញ៉ាំពេលមើលទូរទស្សន៍ ឬមើលទូរស័ព្ទដូចពីមុន ព្រោះនេះជាមូលហេតុមួយក្នុងចំណោមមូលហេតុដែលធ្វើអោយនាងញ៉ាំច្រើន។
ដើម្បីកុំឱ្យផ្ទុកកាឡូរីច្រើនពេក Hirose ក៏ជ្រើសរើសភេសជ្ជៈដែលមានជាតិស្ករតិចបំផុតតាមដែលអាចធ្វើទៅបាន ហើយផឹកទឹកឱ្យបានច្រើនក្នុងមួយថ្ងៃដើម្បីកាត់បន្ថយការឃ្លាន និងរក្សាអារម្មណ៍ឆ្អែត។
Hirose កាលអាយុ ១៧ ឆ្នាំ (ខាងឆ្វេង) និងអាយុ ២០ ឆ្នាំ។
២. ដើរលឿនប្រចាំថ្ងៃ
Hirose ចំណាយពេលដើរយ៉ាងហោចណាស់ ២ ម៉ោងក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះនាងធ្វើលំហាត់នេះរហូតដល់ ៤ ម៉ោង។ ទម្លាប់នេះមិនត្រឹមតែជួយដុតកាឡូរី ចំណាយថាមពលលើសប៉ុណ្ណោះទេ ថែមទាំងធ្វើអោយឥរិយាបថត្រង់ កាន់តែស្អាត យូរៗទៅចង្កេះរាងស្លីមជាងមុនផងដែរ។
៣. ឡើងជណ្តើរជើង
ជំនួសឱ្យការប្រើសជណ្តើរយន្ត Hirose ខំប្រឹងឡើងជណ្តើរជើងច្រើនដើម្បីដុតបំផ្លាញកាឡូរី បង្កើនការស៊ូទ្រាំ និងការតស៊ូសម្រាប់ខ្លួនឯង។
៤. ត្រាំខ្លួនក្នុងអាងទឹក
Hirose មានទម្លាប់ត្រាំពាក់កណ្តាលខ្លួនប្រហែល ១ ម៉ោងក្នុងមួយថ្ងៃ ដើម្បីជម្រុញចរាចរឈាម បង្កើនការរំលាយអាហារ និងកាត់បន្ថយការផ្ទុកទឹក ហើម។
រាងកាយរបស់ Hirose ផ្លាស់ប្តូរយ៉ាងច្បាស់បន្ទាប់ពីស្រកបានជិត ៧០ គីឡូក្រាម។
ប្រភព៖ Sundaymore