ម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិមិនត្រឹមតែជួយសម្អាតរាងកាយ ថែមទាំងល្អចំពោះសុខភាពផ្លូវចិត្ត
ម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិនេះមានឈ្មោះថា “Project Usoyaro” ត្រូវបានក្រុមហ៊ុន Science ពណ៌នាថាអាចជួយសម្អាតខ្លួនប្រាណ សម្រាប់អ្នកដែលធ្វើការនឿយហត់ពេញមួយថ្ងៃចង់ចូលគេងភ្លាមៗ។ អ្នកប្រើគ្រាន់តែដេកក្នុងម៉ាស៊ីននេះ ហើយទុកអោយឧបករណ៍អនុវត្តជំហានសម្អាត។
ឧបករណ៍នេះត្រូវបានរចនាឡើងតាមទម្រង់អាងងូតទឹកបិទជិតជាមួយនឹងគ្រែសម្រាប់អ្នកប្រើប្រាស់ដេកពីលើដើម្បីឱ្យទឹកលាងសម្អាតជុំវិញរាងកាយ។ វាក៏ត្រូវបានបំពាក់ដោយឧបករណ៍ចាប់សញ្ញាត្រួតពិនិត្យជាច្រើន និងប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI) ដើម្បីសម្អាតរាងកាយមនុស្សអោយស្អាត ជួយឱ្យអ្នកប្រើប្រាស់អាចបន្ធូរអារម្មណ៍។
Techeblog ដកស្រង់ព័ត៌មានពី Science បានអោយដឹងថា “គោលដៅរបស់ Project Usoyaro មិនត្រឹមតែសម្អាតរាងកាយអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងជាការព្យាបាលសុខភាពផ្លូវចិត្តផងដែរ។ ម៉ាស៊ីនងូតទឹកដោយស្វ័យប្រវត្តិជួយឱ្យអ្នកប្រើប្រាស់អាចបន្ធូរអារម្មណ៍ សម្រាកលំហែកាយស្តាប់តន្ត្រីពិរោះ ដោយផ្អេកលើប្រព័ន្ធសំឡេងដែលភ្ជាប់ក្នុងឧបករណ៍ និងអេក្រង់កម្សាន្តសម្រាប់អ្នកប្រើប្រាស់ងូតទឹកផងមើលប្រធានបទដែលខ្លួនចូលចិត្តផង” ។
ម៉ាសុីនងូតទឹកដោយស្វ័យប្រវត្តិរបស់ Science មានគ្រែសម្រាប់អ្នកប្រើប្រាស់។ រូបភាព៖ Science
ឧបករណ៍ចាប់សញ្ញាក្នុងម៉ាសុីនងូតទឹកដោយស្វ័យប្រវត្តិនឹងវាស់ស្ថានភាពប្រព័ន្ធសរសៃប្រសាទ។ បន្ទាប់មកទិន្នន័យនេះនឹងបញ្ជូនទៅឱ្យប្រព័ន្ធ AI ខាងក្នុងឧបករណ៍ដើម្បីកត់សម្គាល់អារម្មណ៍របស់អ្នកប្រើប្រាស់។ នៅពេលនោះ អនុញ្ញាតឱ្យឧបករណ៍កំណត់កម្រិតទឹក ជ្រើសរើសប្រភេទតន្ត្រី ឬកម្រិតសំឡេងសមរម្យ ជួយបង្កើតបរិយាកាសផាសុកភាពសម្រាប់អ្នកប្រើប្រាស់។
អេក្រង់ខាងក្នុងអនុញ្ញាតឱ្យបញ្ជាមុខងារ និងបង្ហាញតួលេខចំពោះស្ថានភាពរបស់អ្នកប្រើ។ រូបភាព៖ Science
នាយកក្រុមហ៊ុន Science Yasuaki Aoyama បានចែករំលែកថា លោកគ្រោងនឹងណែនាំកំណែសាកល្បងម៉ាសុីនងូតទឹកដោយស្វ័យប្រវត្តិ Project Usoyaro ក្នុងឆ្នាំ ២០២៤ មុនពេលបើកដំណើរការពាណិជ្ជកម្មនៅឆ្នាំ ២០២៥ ។
ប្រភព៖ Skydoor