តារាម៉ូដែលស្រីជនជាតិជប៉ុនបានទទួលមរណភាពក្នុងករណីរត់ជាន់គ្នានៅ Itaewon ប្រទេសកូរ៉េ
នៅថ្ងៃទី ៣១ ខែតុលា NHK Japan បានរាយការណ៍ថាតារាម៉ូដែលស្រី Tomikawa Mei បានទទួលមរណភាពក្នុងសោកនាដកម្ម Halloween នៅ Itaewon (ប្រទេសកូរ៉េ) យប់ថ្ងៃទី ២៩ ខែតុលា។ លោក Tomikawa Ayumu ដែលជាឪពុករបស់ជនរងគ្រោះ បានបញ្ជាក់ដំណឹងដ៏ក្រៀមក្រំដែលកូនស្រីរបស់គាត់បានទទួលមរណភាពក្នុងអាយុ ២៦ ឆ្នាំប្រាប់ព័ត៌មាន។
លោក Tomikawa Ayumu បន្តថា Tomikawa Mei ផ្អាកការងារជាអ្នកបង្ហាញម៉ូដ ដោយបានទៅសិក្សានៅប្រទេសកូរ៉េកាលពីខែមិថុនា។ លើកចុងក្រោយដែលលោកបានទាក់ទងទៅកូនស្រីនៅវេលាម៉ោង ៧ យប់ថ្ងៃទី ២៩ ខែតុលា។ ក្នុងអំឡុងពេលនិយាយទូរស័ព្ទកញ្ញា Tomikawa Mei បានប្រាប់ឪពុកថានាងនឹងចេញទៅក្រៅជាមួយបុរសជនជាតិបារាំងក្នុងឳកាសបុណ្យ Halloween ។
“លោក Tomikawa Ayumu បានអោយដឹងថា ខ្ញុំអានព័ត៌មាន និងដឹងអំពីសោកនាដកម្មនៅ Itaewon ក្នុងរាត្រី Halloween ។ ភ្លាមៗនោះ ខ្ញុំទូរស័ព្ទទៅអោយកូនរាប់សិបដង ប៉ុន្តែគ្មាននរណាម្នាក់ឆ្លើយតបទេ។ ប្តីប្រពន្ធខ្ញុំបួងសួងសុំឱ្យ Tomikawa Mei បានសុវត្ថិភាព ទីបំផុតនៅតែគ្មានសង្ឃឹម។ ប៉ូលិសកូរ៉េបានលើកទូរស័ព្ទរបស់កូនស្រី។ ក្រោយមកក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថាស្នាមម្រាមដៃរបស់ Tomikawa Mei ត្រូវនឹងជនរងគ្រោះដែលបានស្លាប់” ។
គ្រួសារក្រៀមក្រំយ៉ាងខ្លាំងពេលដឹងថា Tomikawa Mei ទទួលមរណភាពក្នុងករណីរត់ជាន់គ្នានៅ Itaewon ។ រូបភាព៖ Japan Times
នៅល្ងាចថ្ងៃទី ៣១ ខែតុលា ឪពុកម្ដាយរបស់កញ្ញា Tomikawa Mei បានទៅកាន់ប្រទេសកូរ៉េដើម្បីទទួលសពតារាម៉ូដែលស្រី។ នៅអាកាសយានដ្ឋាន លោក Tomikawa Ayumu មិនអាចទប់ទឹកភ្នែកបាន នៅពេលដែលសារព័ត៌មានសាកសួរ។ លោកនិយាយថា បំណងធំបំផុតរបស់គ្រួសារគឺចង់ឃើញ Tomikawa Mei ជាលើកចុងក្រោយ ហើយនាំកូនស្រីត្រឡប់ទៅស្រុកវិញ។
មុននោះសារព័ត៌មានក៏ធ្លាប់រាយការណ៍ករណីតារាល្បី ២ រូបដែលបានស្លាប់ដោយសារឧបទ្ទវហេតុនៅ Itaewon គឺតារាចម្រៀងប្រុស Lee Ji Han តារាស្រី Kim Yuna ។ បើតាម Yahoo Japan ជប៉ុនកត់សម្គាល់ជនរងគ្រោះ ២ នាក់បានស្លាប់ក្នុងឧបទ្ទវហេតុនេះ។ ក្រៅពីកញ្ញា Tomikawa Mei ជនរងគ្រោះម្នាក់ទៀតជានិស្សិតស្រីអាយុ ១៨ ឆ្នាំ។
យប់ថ្ងៃទី ២៩ ខែតុលា មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នាទៅកាន់ Itaewon ដើម្បីចូលរួមពិធីបុណ្យ Halloween ។ សោកនាដកម្មបានកើតឡើងនៅពេលដែលមនុស្សជាច្រើនឈរប្រជ្រៀតគ្នាក្នុងផ្លូវតូចមួយជិតសណ្ឋាគារ Hamilton ។
រូបភាព៖ Japan Times
យោងទៅតាម Korea Times គិតត្រឹមម៉ោង ១០ យប់ ថ្ងៃទី ៣០ ខែតុលា ក្រុមមន្ត្រីបានបញ្ជាក់ថា មនុស្សចំនួន ១៥៤ នាក់បានស្លាប់ (ស្ត្រី ៩៨ នាក់ បុរស ៥៦ នាក់) និង ១៣៣ នាក់ផ្សេងទៀតរងរបួស ជនរងគ្រោះភាគច្រើនស្ថិតក្នុងវ័យជំទង់។ ដោយសារតែអ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដូច្នេះចំនួនអ្នកស្លាប់អាចនឹងកើនឡើង។
បច្ចុប្បន្ននេះ រាល់សកម្មភាពកម្សាន្ត និងព្រឹត្តិការណ៍វប្បធម៌ក្នុងប្រទេសកូរ៉េសុទ្ធតែត្រូវលុបចោល ឬពន្យារពេលក្នុងអំឡុងពេលកាន់ទុក្ខជាតិ ដើម្បីរំលឹកដល់ជនរងគ្រោះ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់ពួកគេក្នុងហេតុការណ៍រត់ជាន់គ្នានេះ។
ប្រភព៖ Skydoor