បុរសជនជាតិជប៉ុនម្នាក់ត្រូវចាប់ខ្លួនពីបទប៉ុនប៉ងសម្លាប់ម្ចាស់ហាងព្រោះតែកាហ្វេមួយកែវ
ឡាតេមួយកែវអាចជាមូលហេតុជម្រុញអោយមានអំពើឃាតកម្ម។
បុរសអាយុ ៦០ ឆ្នាំម្នាក់មកពីទីក្រុង Ota ខេត្ត Gunma ត្រូវប៉ូលិសចាប់ខ្លួនពីបទឃុបឃិតសម្លាប់ម្ចាស់ហាងទំនិញនៅព្រឹកថ្ងៃទី ២៥ ខែតុលា។
នេះបើតាមព័ត៌មានរបស់ប៉ូលិស បុរសម្នាក់នេះទូទាត់ថ្លៃកាហ្វេខ្មៅនៅហាងមួយក្នុងក្រុង Ota ប៉ុន្តែនៅពេលដែលគាត់ទៅកាន់ម៉ាសុីនឆុងកាហ្វេដើម្បីធ្វើដោយខ្លួនឯង ម្ចាស់ហាងប្រទះឃើញអតិថិជនបានចុចប៊ូតុង “ឡាតេ” មិនមែនប៊ូតុង “កាហ្វេខ្មៅ” ឡើយ។ កាហ្វេឡាតេមានតម្លៃថ្លៃជាងកាហ្វេខ្មៅដែលគាត់បានបង់ប្រាក់។
នៅពេលត្រូវម្ចាស់ហាងសាកសួរ អតិថិជនបាននិយាយថាគាត់ត្រូវការប្រើបន្ទប់ទឹក ប៉ុន្តែផ្ទុយទៅវិញ បុគ្គលម្នាក់នេះបែរជាលាក់ខ្លួនក្នុងរថយន្តដែលកំពុងចតនៅចំណតខាងក្រៅហាង។ ម្ចាស់ហាងបានដើរតាមបុរសនោះទៅកាន់ចំណតរថយន្ត តោងផ្លិតទឹកកញ្ចក់រថយន្តដើម្បីព្យាយាមរារាំងបុរសនោះចាកចេញ។ ទោះជាយ៉ាងនេះក្តី បុរសម្នាក់នោះនៅតែបើករថយន្តចាកចេញខណៈដែលម្ចាស់ហាងតោងផ្លិតទឹកកញ្ចក់ អូសគាត់លើផ្លូវប៉ុន្មានរយម៉ែត្រ។ ម្ចាស់ហាងដួលបោកក្បាលរបួសធ្ងន់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
បុរសនោះបានរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែក្រោយមកត្រូវចាប់ខ្លួនដោយសារកាមេរ៉ាសុវត្ថិភាព ដោយចោទប្រកាន់ពីបទលួច និងប៉ុនប៉ងសម្លាប់មនុស្ស ប៉ុន្តែគាត់បានបដិសេធការចោទប្រកាន់នេះ។
ដោយសារតែម្ចាស់ហាងរងរបួសធ្ងន់ អតិថិជនត្រូវប្រឈមនឹងការចោទប្រកាន់ធ្ងន់ធ្ងរ ទាំងនេះជាផលវិបាកធ្ងន់ជាងបើប្រៀបទៅនឹងចំនួនប្រាក់ដែលបុរសនោះមានបំណងមិនសង មិនដល់មួយរយយ៉េនផង។
Sacchan