ចំនួនសិស្សបឋមសិក្សា និងមធ្យមសិក្សាជប៉ុនឈប់រៀនកើនឡើងខ្ពស់
នៅថ្ងៃទី ២៧ ខែតុលា រដ្ឋាភិបាលជប៉ុនបានប្រកាសទិន្នន័យដែលបង្ហាញថាក្នុងឆ្នាំសារពើពន្ធ ២០២១ សិស្សបឋមសិក្សា និងមធ្យមសិក្សាសរុបចំនួន ២៤៤.៩៤០ នាក់ឈប់រៀនចាប់ពី ៣០ ថ្ងៃឡើងទៅ កើន ២៤,៩% ធៀបនឹងឆ្នាំមុន ហើយនេះជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាន។
ក្រៅពីតួលេខខាងលើ សិស្សចំនួន ៧១.៧០៤ នាក់ឈប់រៀនចាប់ពី ៣០ ថ្ងៃឡើងទៅ ដោយសារមានការព្រួយបារម្ភចំពោះជំងឺរាតត្បាតកូវីដ ១៩ ។
យោងទៅតាមស្ថិតិ សិស្សបឋមសិក្សាចំនួន ៨១.៤៩៨ នាក់ឈប់រៀនច្រើនដូចខាងលើ ស្មើនឹង ១,៣% នៃចំនួនសិស្សបឋមសិក្សាសរុបនៅជប៉ុន កើនឡើង ៤ ដងបើធៀបនឹង ១០ ឆ្នាំមុន។
ទន្ទឹមនឹងនេះ ចំពោះកម្រិតមធ្យមសិក្សាទុតិយភូមិមានសិស្សចំនួន ១៦៣.៤៤២ នាក់ ស្មើនឹង ៥% នៃចំនួនសិស្សសរុបក្នុងកម្រិតនេះ កើនឡើងទ្វេដងបើធៀបនឹង ១០ ឆ្នាំមុន។ ចំពោះសាលាវិទ្យាល័យ ចំនួនសិស្សឈប់ចាប់ពី ៣០ ថ្ងៃឡើងស្មើនឹងកម្រិតមុនកូវីដ ១៩ ដែលមានសិស្សប្រមាណ ៥០.០០០ នាក់។
មន្ត្រីម្នាក់មកពីក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុនបានអោយដឹងថា ការរឹតបន្តឹងលើសកម្មភាពកីឡា ឬដំណើរកំសាន្តត្រូវគេចាត់ទុកជាមូលហេតុកាត់បន្ថយចិត្តចង់ទៅសាលារបស់សិស្ស។ ក្រៅពីនេះ សិស្សក៏មានការលំបាកពេលវិលទៅរកជីវិតធម្មតាវិញដែរ។
ចំពោះភាគីសាលារៀន ៤៩,៧% យល់ថាមូលហេតុដែលធ្វើអោយសិស្សឈប់រៀនច្រើន ដោយសារប្អូនៗ “ព្រួយបារម្ភ” ១១,៧% បាននិយាយថាមកពីការរំខានក្នុងជីវិតប្រចាំថ្ងៃ និងបញ្ហាផ្សេងទៀតដែលមិនពាក់ព័ន្ធករណីវាយធ្វើបាបគឺ ៩,៧%។
ប្រភព៖ Skydoor