របៀប​សារ​ភាព​ស្នេហ៍​របស់​ប្រជាជន​ជប៉ុន​សម័យ​មុន​និយាយ​បែប​បញ្ឆិត​បញ្ឆៀង

ជនជាតិជប៉ុនមានចំណុចខ្សោយក្នុងការបង្ហាញពីអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដទៃ។ ប្រសិនបើមិនអាចនិយាយ​​​​តាម​​​ត្រង់ តើ​ធ្វើ​យ៉ាង​ណា​ពួកគេអាចបង្ហាញពីក្តីស្រលាញ់?

ខ្ញុំមានសំណួរមួយសម្រាប់អ្នកដែលកំពុងរៀនភាសាជប៉ុន។

I love you

តើបកប្រែជាភាសាជប៉ុនមានន័យដូចម្តេច?

ប្រសិនបើបកប្រែ “word by word” នឹងទទួលបានប្រយោគដូចតទៅ៖ 私はあなたを愛しています

តាមការសិក្សាប្រយោគនេះគ្មានអ្វីខុសទេ។

ប៉ុន្តែជាក់ស្តែង ហាក់ដូចជាមិនមានប្រជាជនជប៉ុនអាចនិយាយបែបនេះទេ ជាពិសេសប្រជាជនជប៉ុនបុរាណ។

អ្នកនិពន្ធប្រលោមលោកល្បីឈ្មោះ Soseki Natsume បានបកប្រែប្រយោគនេះដូចខាងក្រោម៖

“I love you” → “月がきれいですね” (ព្រះច័ន្ទស្អាតមែនទេ)

តើការបកប្រែខាងលើមានន័យយ៉ាងណា? តើរឿងស្នេហាមានអ្វីទាក់ទងនឹងព្រះច័ន្ទ?

មិន​ត្រឹម​តែ​ព្រះ​ច័ន្ទ ការ​បក​ប្រែ​នេះជារបៀបកំណត់និយមន័យចំពោះក្តីស្រលាញ់។ មនុស្សពីរនាក់ស្រលាញ់គ្នានៅ​ពេល​ដែល​មើល​ទិដ្ឋភាព​មួយ​អាច​​ចែក​រំលែក​អារម្មណ៍​ដូច​គ្នា។ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​សម្លឹង​មើល​ព្រះ​ច័ន្ទ មិនបានក្រឡេក​មើល​ភ្នែក​គ្នា ប៉ុន្តែពួកគេអាចមានអារម្មណ៍ដឹងថាម្នាក់នោះកំពុងគិតអ្វី។

ជាការពិតណាស់ អ្នកកុំបារម្ភប្រសិនបើគិតថាខ្លួនមិនយល់ពីអារម្មណ៍នោះ ព្រោះជនជាតិជប៉ុនសម័យនេះក៏ដូចគ្នាដែរ។

ដោយសារតែប្រជាជនជប៉ុនបុរាណចូលចិត្តប្រើ Waka (和歌) ដើម្បីនិយាយបែបបញ្ឆិតបញ្ឆៀង ឧទាហរណ៍៖

ありつつも 君をば待たむ うちなびく

わが黒髪に 霜の 置くまでに

បកប្រែជាភាសាសម័យនេះអាចយល់បានថា៖

ខ្ញុំនឹងរង់ចាំអ្នកជារៀងរហូត មនុស្សដែលខ្ញុំស្រលាញ់

រហូតដល់ពេលដែលសក់ខ្មៅរបស់ខ្ញុំប្រែទៅជាពណ៌សដូចជាត្រូវសន្សើមធ្លាក់មកអញ្ចឹង។

ស្តាប់កំណាព្យនេះ មនុស្សសម័យនេះដូចជាខ្ញុំមានអារម្មណ៍ចង់ប្រាប់ម្នាក់នោះភ្លាមថាកុំចាំទៀត សារភាពប្រាប់គេ​តែ​ម្តង​ទៅ។

តោះចូរយើងអាន Waka មួយផ្សេងទៀត នេះជាស្នាដៃរបស់ Komachi Ono ដែលជាគ្រូខាងកំណាព្យស្នេហា។

思いつつ 寝ればや人の 見えつらむ

夢と知りさば さめざらましを

បកប្រែអត្តន័យ

ព្រោះតែពេលគេងកំពុងគិតដល់ម្នាក់នោះ បានជាគេបង្ហាញខ្លួន​ក្នុង​សុបិន​របស់​ខ្ញុំ។

ប្រសិនបើជា​សុបិន ខ្ញុំសង្ឃឹម​ថាកុំភ្ញាក់ឡើយ។

តាមរយៈការអានកំណាព្យឃើញថា វណ្ណៈអភិជនសម័យមុនស្រលាញ់គ្នាយ៉ាងណា មិនប្រញាប់​ប្រញាល់ បណ្ដុះ​បណ្តាល​ក្ដី​​​ស្រឡាញ់។ សម្រាប់​មនុស្សសម័យនេះស្នេហា​ប្រភេទ​នឹងគេចាត់ទុកដូចជាការនិយាយបញ្ឆិតបញ្ឆៀង ស្មុគស្មាញ។

ប៉ុន្តែរបៀបសារភាព និងសម្តីល្អសម័យនោះត្រូវបានឲ្យ​តម្លៃខ្ពស់ ផ្ទុយទៅវិញ សារភាពត្រង់អាចចាត់ទុកថាមិនល្អ។ ទោះបីប្រជាជនជប៉ុនសម័យនេះមានភាពក្លាហានជាងមុន ប៉ុន្តែអតីតកាលនៅតែបន្ត មានមនុស្សជាច្រើនមិនអាច​​និយាយ​​ពាក្យ​ថា “I Love You” ទេ។

ដូច្នេះ​បើ​អ្នក​ស្រលាញ់​ជនជាតិ​ជប៉ុន អ្នកគួរតែនិយាយមុន បើមិនដូច្នេះទេ មិនដឹងថាដល់ពេលណាទើបអ្នក​ទាំង​ពីរ​អាច​នៅ​ជា​មួយ​គ្នា​នោះ​ទេ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: