បំភ្លឺមូលហេតុស្លាប់របស់អ្នកនិពន្ធ Kazuki Takahashi បាត់បង់ជីវិតដោយសារជួយសង្គ្រោះអ្នកដទៃ

“គាត់ជាវីរៈបុរសមួយរូប” ។

កាលពីរដូវក្តៅឆ្នាំមុន សហគមន៍អ្នកគាំទ្រ Manga Anime មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានឮដំណឹងលោក Kazuki Takahashi ដែលជាអ្នកនិពន្ធ Yu-Gi-Oh! ទទួលមរណភាព។ ប៉ុន្តែពេលនោះព័ត៌មានករណីស្លាប់របស់លោក​​មិន​​ធម្មតា​ នៅ​ពេល​ដែលសាកសពរបស់គាត់ត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រ Okinawa ។ មានការសន្និដ្ឋាន​​ថា Mangaka អាយុ ៦០ ឆ្នាំរូបនេះទៅវិស្សមកាលនៅ Okinawa ហើយជាអកុសលលង់ទឹកស្លាប់។

នៅទីបំផុតមូលហេតុនៃការស្លាប់របស់លោក Kazuki Takahashi ក៏ត្រូវបានបំភ្លឺក្នុង​បទសម្ភាសន៍​លើទស្សនាវដ្ដី Stars and Stripes ជា​មួយ​នឹង​ឧត្តមសេនីយ៍ទោកងទ័ពអាមេរិក Robert Bourgeau អ្នកដែលបានផ្តល់ព័ត៌មានលម្អិតចំពោះករណីស្លាប់របស់លោក Takahashi ។

នៅល្ងាចថ្ងៃទី ៤ ខែ​កក្កដា លោក Bourgeau ក្នុងនាមជាអ្នកណែនាំមុជទឹកសមុទ្រ មាន​វត្ត​មាន​នៅ​តំបន់​មាត់​សមុទ្រ​ភូមិ Onna ដើម្បី​បង្រៀន​ហែល​ទឹក​សិស្ស ២ នាក់។

ទោះជាយ៉ាងណា មុនពេលចាប់ផ្តើមសមុទ្របោកបក់ខ្លាំង ហើយពួកគេបានប្រទះឃើញស្ត្រីជនជាតិជប៉ុនម្នាក់កំពុង​ស្រែក​អោយជួយ ស្ត្រី​រូបនេះទៅ​មុជ​ទឹក​ជាមួយ​បុរស​ម្នាក់ និង​កូន​ស្រី​អាយុ ១១ ឆ្នាំ។ អ្នកទាំងពីរជាប់ក្នុងជំនោរ​ធំដែលមានចម្ងាយពីច្រាំងប្រហែល ៩១,៤ ម៉ែត្រ​។ លោក Bourgeau និងសិស្សម្នាក់​បាន​ហែល​ទៅ​ជួយ​សង្គ្រោះ ចំណែកសិស្សម្នាក់​ទៀត​ហៅ​ទូរស័ព្ទ​សង្គ្រោះ​បន្ទាន់។ លោក Takahashi ចៃដន្យមានវត្តមាននៅកន្លែងកើតហេតុក៏ហែលទៅជួយដែរ។

លោក Bourgeau ហែលទៅដល់កន្លែងក្មេងស្រី ជួយសង្គ្រោះម្តាយ និងកូនស្រី ព្រមទាំងណែនាំបុរសដែលទៅជាមួយទៅកាន់កន្លែងមានសុវត្ថិភាព។ ទោះជាយ៉ាងណា រឿងដែលគួរអោយសោកស្ដាយនោះគឺថាលោក Takahashi មិនអាច​ហែល​ចូល​ច្រាំង​បាន។ បីថ្ងៃក្រោយមកសាកសពរបស់គាត់ត្រូវបានគេរកឃើញ រីឯរថយន្តរបស់ Mangaka ក៏ត្រូវបាន​រក​ឃើញ​ផង​ដែរ ចត​នៅ​ជិតកន្លែងកើតហេតុ។

ទោះបីជាលោក Bourgeau មិនបានមើលឃើញទិដ្ឋភាពលោក Takahashi លោតចូលទឹក ប៉ុន្តែតាមសម្តីសិស្សម្នាក់ លោក Bourgeau អាចដឹងអំពីការខិតខំប្រឹងប្រែងរបស់លោក Takahashi ។ ក្រោយមក នៅពេលដែលលោក Bourgeau បាន​ទទួល​មេដាយសរសើរសកម្មភាពជួយសង្គ្រោះមនុស្ស លោកបាននិយាយថា “គាត់ជាវីរៈបុរសមួយរូប។ គាត់បានចាកចេញ​ទៅ​ពេល​កំពុង​ព្យាយាម​ជួយសង្គ្រោះជីវិតអ្នកដទៃ” ។

មិន​ថា​​មូលហេតុ​អ្វីក៏ដោយ មរណភាពរបស់លោក Takahashi នាំ​មក​នូវ​ទុក្ខ​សោក​យ៉ាង​ខ្លាំង​ដល់អ្នកគាំទ្រ។ យ៉ាង​ណា​ឥឡូវ​នេះ គ្រប់​គ្នា​អាច​នឹង​មាន​អារម្មណ៍​ស្ងប់ចិត្ត នៅពេលដែលមូលហេតុនៃការស្លាប់របស់ Mangaka ត្រូវបាន​បំភ្លឺ មិន​ត្រឹម​​តែ​ប៉ុណ្ណឹង​សកម្មភាព​របស់គាត់ជាអ្វីដែលអ្នកគាំទ្រ Manga Shounen មាន​មោទនភាព។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: