ព្រះនាង Kako យាងចូលរួមព្រឹត្តិការណ៍ក្នុងនាមជាប្រធានកិត្តិយសសមាគមកីឡាវាយកូនបាល់ជប៉ុន

ព្រះនាង Kako ជាប្អូនស្រីអតីតព្រះនាង Mako Komuro យាងចូលរួមវគ្គផ្តាច់ព្រ័ត្រកីឡាវាយកូនបាល់បុរសលើកដំបូង​ក្នុង​នាមជាប្រធានកិត្តិយសសមាគមកីឡាវាយកូនបាល់ជប៉ុន។

ព្រះនាង Kako ស្លៀក​រ៉ូបពណ៌ខៀវឆ្នូតស រួម​ជាមួយ​នឹង​អាវ​ក្រៅ​ពណ៌​សនៅ​កីឡដ្ឋាន Ariake Colosseum ទីក្រុង​តូក្យូ កាល​ពី​​ថ្ងៃ​ទី ៩ ខែតុលា។ នេះជាលើកទីមួយហើយដែលព្រះនាង Kako យាងចូលរួមការប្រកួតផ្តាច់ព្រ័ត្រកីឡាវាយ​កូន​បាល់បុរស Rakuten ក្នុង​នាម​ជា​ប្រធាន​កិត្តិ​យស​សមាគម​កីឡា​វាយ​កូន​បាល់​ជប៉ុន។

តំណែងនេះពីមុនបងស្រីព្រះនាង Kako ដែលជាអតីតព្រះនាង Mako Komuro ទទួលបន្ទុក ហើយបានផ្ទេរទៅអោយ​ព្រះ​នាង Kako កាល​​ពី​​ខែ​​តុលា​​ឆ្នាំ​​មុន។ បច្ចុប្បន្ន Mako លែង​ជា​សមាជិករាជវង្ស​បន្ទាប់​ពី​រៀបការ​ជាមួយ​ប្រជាជន​សាមញ្ញ Kei Komuro ។ ឥឡូវនេះប្តីប្រពន្ធ Mako រស់នៅស្ងៀមស្ងាត់នៅសហរដ្ឋអាមេរិក។ Komuro ជា​ជំនួយ​​ការ​​​ក្នុង​​​ក្រុម​​ហ៊ុន​​​ច្បាប់​​​មួយ ចំណែក Mako ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​សារមន្ទីរ​ក្នុង​ទីក្រុង​ញូវយ៉ក។

ព្រះនាង Kako ទស្សនានៅ​កីឡដ្ឋាន Ariake Colosseum សង្កាត់ Koto ទីក្រុង​តូក្យូ ថ្ងៃទី ៩ ខែតុលា។ រូបភាព៖ Yomiuri Shimbun

ព្រះនាង Kako (មានព្រះជន្ម ២៧ ឆ្នាំ) ជា​បុត្រី​ទី​ពីរ​របស់​ព្រះអង្គម្ចាស់ Fumihito និងមហេសី Kiko ។ តាំងពីពេលដែល Mako ចាកចេញពីគ្រួសាររាជវង្ស ព្រះនាង Kako បានបំពេញភារកិច្ចជំនួសបងស្រី ទទួលបានការចាប់អារម្មណ៍​បន្តិច​ម្តងៗ។ ថ្មីៗនេះ ព្រះនាង Kako បានចូលរួមការប្រកួតសម្រាប់មនុស្សថ្លង់ដែលរៀបចំដោយសហព័ន្ធមនុស្សថ្លង់ជប៉ុន។ ព្រះនាង Kako ក៏​បាន​ចែក​រំលែក​ព្រះរាជកិច្ច​ជាមួយមាតាបិតាខណៈដែលទទួល​ស្វាគមន៍​ព្រះនាង​ Bhutan និង​​ចូល​​រួម​​ពិធីបុណ្យ​​សព​អតីត​នាយក​រដ្ឋ​មន្ត្រី Shinzo Abe កាលពីចុងខែមុន។

ព្រះនាង Kako ត្រូវបានសាធារណជនស្រឡាញ់ចូលចិត្តដោយរូបសម្បតិ្តសុភាព បុគ្គលិកលក្ខណៈជិតស្និទ្ធ និងជីវិត​ឯក​ជន​ស្អាត​ស្អំ។ ផ្ទុយនឹងបងស្រី​ដែល​​បាន​​ប្រកាស​​មិត្ត​​ប្រុសកាលរៀនមហាវិទ្យាល័យ ហើយ​បាន​ភ្ជាប់​ពាក្យ​នៅ​អាយុ ២៦ ឆ្នាំ ព្រះនាង Kako មិនដែលប្រកាសទំនាក់ទំនងស្នេហាជាសាធារណៈនោះទេ។ ព្រះនាងតែងប្រយ័ត្នប្រយែងពេល​និយាយ​ពីប្រធានបទ​អាពាហ៍​​ពិពាហ៍ នៅ​ពេល​ជួបជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងបរិបទអាពាហ៍ពិពាហ៍របស់​បង​ស្រី​​រង​​ការ​​រិះ​គន់​​យ៉ាង​​ខ្លាំង​ដោយសារ​រឿង​អាស្រូវ​ហិរញ្ញវត្ថុ​របស់​គ្រួសារ​កូន​កំលោះ។

ព្រះនាង Kako បានបញ្ចប់ការសិក្សាផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ International Christian University ទីក្រុង​តូក្យូ (ICU) ឆ្នាំ ២០១៩ ។ នេះក៏ជាសាលាដែលបងស្រី Mako ចូលរៀនផងដែរ។ ព្រះនាង Kako ក៏បានបញ្ចប់វគ្គ​សិក្សា​គ្រប់​គ្រង​ឆាក និងការរចនាសម្តែងនៅសាកលវិទ្យាល័យ Leeds (អង់គ្លេស) ឆ្នាំ ២០១៨ ។ ព្រះនាង Kako មិន​ស្ថិត​ក្នុង​បញ្ជី​អ្នក​ស្នង​រាជ្យ​នោះ​ទេ ហើយត្រូវចាកចេញពីគ្រួសាររាជវង្ស ប្រសិនបើរៀបការជាមួយប្រជាជន​សាមញ្ញ។

ព្រះនាង Kako (ឆ្វេង) និងបងស្រី Mako ។ រូបភាព៖ Kyodo

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: