តារាសម្តែងប្រុស Ozawa Ren ចង់ត្រឡប់មករកវិស័យសិល្បៈវិញក្រោយករណីរឿងអាស្រូវរំលោភបំពានផ្លូវភេទ
តារាសម្តែង Ozawa Ren បានប្រកាសនៅលើ Twitter ថា គាត់កំពុងព្យាយាមត្រលប់មក Showbiz វិញ ប៉ុន្តែទស្សនិកជនភាគច្រើនហាក់ដូចជាគ្មានបំណងអភ័យទោសចំពោះអ្វីដែលគាត់បានធ្វើនោះទេ។
កាលពី ២ ឆ្នាំមុន តារាសម្ដែង Ozawa Ren បានបោះបង់អាជីពខាងវិស័យសិល្បៈ បន្ទាប់ពីសារព័ត៌មានលាតត្រដាងព័ត៌មានមិនគួរអោយជឿទាក់ទងនឹងទង្វើរបស់តារាសម្តែងរូបនេះ។ ក្រោយរយៈពេល ២ ឆ្នាំ គាត់មានបំណងចង់វិលត្រឡប់មកវិញ ប៉ុន្តែសហគមន៍ Twitter បង្ហាញប្រតិកម្មយ៉ាងខ្លាំង។ ទាំងនេះជាព័ត៌មានមួយចំនួនទាក់ទងនឹងហេតុការណ៍កន្លងមក ក៏ដូចជារឿងរ៉ាវបានផ្លាស់ប្តូរអាកប្បកិរិយារបស់ប្រជាជនចំពោះជនល្មើសផ្លូវភេទ។
រឿងអាស្រូវរបស់ Ozawa
Ozawa Ren (小澤廉) ល្បីដោយសារចូលសម្តែងក្នុងរឿង Kamen Rider ។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានគេស្គាល់ចំពោះការសម្តែងលើឆាក 2.5D ។
នៅឆ្នាំ ២០២០ Bunshun Online បានលាតត្រដាងទង្វើគួរឱ្យខ្លាចរបស់តារាសម្តែងប្រុសជាសាធារណៈ។ ជាក់ស្តែង Bunshun បានអោយដឹងថា Ozawa រួមភេទជាមួយសិស្សស្រីវិទ្យាល័យ (នារីក) ក្នុងនោះរួមមានភស្តុតាងជាច្រើនពីក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់នារីក រួមទាំងការសន្ទនារបស់ពួកលើបណ្តាញសង្គម Line ។ មិត្តម្នាក់របស់នារីកបានណែនាំនាងស្គាល់ Ozawa ក្នុងពិធីជប់លៀងមួយ។ នៅពេលនោះ Ozawa ខំប្រឹងបង្ហាញថាខ្លួនជាបុរសល្អឥតខ្ចោះម្នាក់ ប៉ុន្តែផ្ទុយទៅវិញគាត់ប្រៀបដូចជាសត្វចម្លែក។ Ozawa តែងតែធ្វើបាបនារីក ដោយបន្សល់ទុកស្នាមជាំនៅលើខ្លួនរបស់នាង។ ក្នុងឯកសារ Ozawa ហៅសិស្សស្រីនោះថា “pet” (សត្វចិញ្ចឹម) ហើយនិយាយអំពី “ការបង្វឹក” នាង។ អ្នកទាំងពីរបានចាប់ផ្តើមរស់នៅជាមួយគ្នានៅឆ្នាំ ២០១៩ នៅពេលដែលនារីកមានផ្ទៃពោះ ទំនោរហឹង្សារបស់ Ozawa កាន់តែច្រើនឡើង គាត់បានបង្ខំសិស្សស្រីរំលូតកូន។ រងទុក្ខទាំងផ្លូវកាយ និងផ្លូវចិត្តបណ្តាលអោយនារីកគិតចង់ធ្វើអត្តឃាត។
ការវិលត្រឡប់មកវិញរបស់ Ozawa Ren
ភស្តុតាងដែល Bunshun ចង្អុលបង្ហាញច្រើនរហូតដល់ថ្នាក់ Ozawa Ren មិនអាចប្រកែកបាន។ បន្ទាប់ពីករណីរឿងអាស្រូវនេះ គាត់ត្រូវបង្ខំចិត្តឈប់ធ្វើការ។ ទោះជាយ៉ាងណា អ្វីគួរឱ្យកត់សម្គាល់គឺថា Ozawa មិនធ្លាប់ប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌណាមួយឡើយ។
ថ្មីៗនេះ Ozawa បានបង្ហាញខ្លួនឡើងវិញនៅលើ Twitter ជាមួយនឹងសំបុត្រសរសេរដៃ។ ក្នុងនោះ គាត់បាននិយាយថា “ខ្ញុំបានចំណាយពេល ២ ឆ្នាំដើម្បីវិភាគខ្លួនឯង ដោយក្រឡេកទៅមើលភាពមិនទាន់ពេញវ័យ និងចំណុចខ្សោយរបស់ខ្លួន។ ខ្ញុំពិតជាសុំទោសដោយស្មោះ” ។ Ozawa បញ្ចប់សំបុត្រដោយថ្លែងអំណរគុណចំពោះអ្នកដែលបានគាំទ្រ ហើយបាននិយាយថាគាត់គ្រោងនឹងត្រលប់មកសម្តែងវិញ។
ការឆ្លើយតបរបស់អ្នកប្រើបណ្តាញសង្គមចំពោះ Tweet នេះបង្ហាញថា ភាគច្រើនមិនទទួលស្វាគមន៍ចំពោះការវិលត្រឡប់មកវិញរបស់តារាសម្តែងរូបនេះទេ។ កំពូលមតិយោបល់ដែលមានជាង ១២,០០០ Like បានអោយដឹងថា “ព្រោះតែស្រលាញ់ និងគាំទ្រអ្នក ទើបខ្ញុំមិនចង់អោយអ្នកវិលត្រឡប់មកវិញ។ អ្នកមិនអាចបិទបាំងបញ្ហានេះ ដោយគ្រាន់តែចាត់ទុកនោះជាចំណុចខ្សោយរបស់ខ្លួនឡើយ។ ខ្ញុំគិតថាខ្លួនមានសិទ្ធិដាក់កំហិតដោយសារតែពេលវេលា និងប្រាក់ដែលខ្ញុំខ្ជះខ្ជាយលើអ្នក។ ខ្ញុំរង់ចាំចម្លើយរបស់អ្នក” ។
ប្រតិកម្មរបស់ប្រជាជនជប៉ុនចំពោះជនល្មើសផ្លូវភេទ
សកម្មជនជប៉ុនមានការរិះគន់យ៉ាងខ្លាំងមកលើអាកប្បកិរិយាប្រទេសចំពោះបទល្មើសផ្លូវភេទ ជាពិសេសករណីជនរងគ្រោះមិនទាន់គ្រប់អាយុ។ ចៅក្រមជាច្រើននាក់បានអោយដឹងជនរងគ្រោះមិនអាច “បញ្ជាក់” ថាពួកគេមិនយល់ព្រមចំពោះសកម្មភាពរួមភេទ ទោះបីជាជនល្មើសជាឪពុកម្តាយរបស់ជនរងគ្រោះក៏ដោយ។ សូម្បីតែសាលាជប៉ុនក៏មានរឿងអាស្រូវផ្លូវភេទរវាងគ្រូ និងសិស្សផងដែរ។
ទោះជាយ៉ាងណា នៅតែមានចំណុចវិជ្ជមានបង្ហាញថាគ្រប់យ៉ាងកំពុងផ្លាស់ប្តូរ។ Ito Shiori នាំយកចលនា #MeToo ដោយទាក់ទាញការយកចិត្តទុកដាក់ចំពោះទង្វើមិនអើពើករណីរំលោភផ្លូវភេទលើស្រ្តី។
បច្ចុប្បន្នសាធារណជនជប៉ុនមានប្រតិកម្មយ៉ាងខ្លាំងចំពោះករណីពាក់ព័ន្ធ។ ករណីតារាសម្ដែងប្រុស Kagawa Teruyuki បៀតបៀនបុគ្គលិកស្រីម្នាក់នៅ Ginza ជាឧទាហរណ៍ស្រាប់។ Kawaga ធ្លាប់ព្យាយាមវិលត្រឡប់មកវិញដោយសុំទោសនៅលើការផ្សាយបន្តផ្ទាល់ ប៉ុន្តែបរាជ័យ ហើយមិនទទួលបានការអញ្ជើញណាមួយឡើយ។
Sacchan