សាកសពកុមារីអាយុ ៧ ឆ្នាំត្រូវបានរកឃើញក្រោយរយៈពេល ២ សប្តាហ៍បាត់ខ្លួន
រូបភាពចុងក្រោយរបស់កុមារីដែលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព។
សាកសពក្មេងស្រីត្រូវបានរកឃើញក្រោយពេលស្វែងរកអស់រយៈពេល ២ សប្តាហ៍។
ម្សិលមិញថ្ងៃទី ៦ ខែតុលា ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានអោយដឹង ប៉ូលិសបានបញ្ជាក់ថាសាកសពកុមារី Saya Minami (អាយុ ៧ ឆ្នាំ) ដែលបានបាត់ខ្លួនកន្លះខែមុនត្រូវបានរកឃើញ។
មុននោះនៅថ្ងៃទី ៤ ខែតុលា សាកសពក្មេងស្រីមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញនៅតំបន់ទន្លេ Edogawa ។ លក្ខណៈរាងកាយ និងសម្លៀកបំពាក់របស់ក្មេងស្រីស្រដៀងទៅនឹង Saya Minami ។
នៅពេលនោះ ក្រុមគ្រួសាររបស់ Saya Minami បានបន្តថាពួកគេកំពុងរង់ចាំការសន្និដ្ឋានជាផ្លូវការពីប៉ូលិស។ ទោះជាលទ្ធផលយ៉ាងណាក្តី គ្រួសារកុមារីអរគុណអ្នកទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ និងតាមដានករណីនេះកន្លងមក។
ប៉ូលិសជប៉ុនបានអោយដឹងថា លទ្ធផលតេស្ត DNA របស់សាកសពត្រូវនឹងកុមារីដែលបានបាត់ខ្លួន។ ព័ត៌មាននេះបានធ្វើអោយអ្នកដែលតាមដានហេតុការណ៍ពិបាកចិត្តយ៉ាងខ្លាំង ព្រោះលែងមានអព្ភូតហេតុកើតឡើងទៀតហើយ។ សាកសពត្រូវបានគេរកឃើញនៅកន្លែងដែលប៉ូលីសប្រទះឃើញស្បែកជើង និងស្រោមជើងកុមារីប្រហែល ១៥ គីឡូម៉ែត្រ។
រូបភា៖ Kyodo
កាលពីថ្ងៃទី ៣ ខែតុលា បុរសម្នាក់ជិះកង់បានរាយការណ៍ទៅកាន់ប៉ូលិស មានអ្វីម្យ៉ាងមិនធម្មតាអណ្តែតក្នុងទន្លេ Edogawa ។ មួយថ្ងៃក្រោយមក ប៉ូលិសបានរកឃើញសាកសពរបស់កុមារី Saya ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ លទ្ធផលធ្វើកោសល្យវិច័យបានបង្ហាញថា មូលហេតុនៃការស្លាប់ប្រហែលមកពីលង់ទឹក។ ក្រៅពីនេះ មិនមានរបួសស្នាមដែលបង្ហាញថារងអំពើហឹង្សា ឬការវាយដំពេលក្មេងស្រីស្លាប់នោះទេ។ ប៉ូលិសបាននិយាយថា ពួកគេកំពុងបន្តស៊ើបអង្កេតលើហេតុការណ៍នេះ។
កុមារី Saya Minami បានបាត់ខ្លួនកាលពីថ្ងៃទី ២៣ ខែកញ្ញា នៅពេលដែលប្អូន និងម្តាយគ្រោងនឹងទៅលេងសួនក្បែរផ្ទះ។ ទោះជាយ៉ាងណា កុមារីអាយុ ៧ ឆ្នាំបានចាកចេញពីផ្ទះមុនម្តាយប៉ុន្មាននាទី ហើយនិយាយថានឹងជួបម្តាយនៅសួនច្បារ។ ប្រហែល ៥ នាទីក្រោយមកអ្នកម្តាយទៅដល់កន្លែងណាត់ជួប ប៉ុន្តែមិនឃើញកូនស្រីនោះទេ។
ប្រជាជនដាក់ផ្ការំលឹកដល់កុមារី។
នៅថ្ងៃដដែលនោះ ប៉ូលិសបានរកឃើញកង់ដែលកុមារីជិះ។ នៅថ្ងៃបន្ទាប់ ស្បែកជើង និងស្រោមជើងរបស់ Saya ត្រូវបានគេប្រទះឃើញនៅមាត់ទន្លេ ដែលមានចម្ងាយពីឧទ្យានប្រហែល ៣០០ ម៉ែត្រ។ ប៉ូលិសបានប្រមូលផ្តុំអ្នកជួយសង្គ្រោះ ១២០ នាក់ ដោយប្រើឧទ្ធម្ភាគចក្រ និងអ្នកមុជទឹកដើម្បីស្វែងរកក្មេងស្រី។ កាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវក្បែរនោះក៏បានចាប់យករូបភាពចុងក្រោយរបស់ Saya ពេលប្អូនកំពុងធ្វើដំណើរចេញពីផ្ទះ។
ករណីកុមារី Saya បានទាក់ទាញការចាប់អារម្មណ៍របស់សាធារណជនកន្លងមក។ ប៉ូលិសក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋជួយស្វែងរកតម្រុយរបស់ជនរងគ្រោះផងដែរ។ ក្រោយកើតហេតុ អ្នកជំនាញជាច្រើនបានព្រមានឪពុកម្តាយមិនគួរទុកអោយកូនចេញក្រៅតែម្នាក់ឯងទេ ជាពិសេសតំបន់ក្បែរទន្លេ និងបឹង។
ប្រភព៖ FNN, Yahoo Japan, Kyodo