គ្រូបង្រៀនជប៉ុនម្នាក់បានទះកំផ្លៀងសិស្សស្រីបណ្តាលអោយភ្លាត់ថ្គាម
នេះបើតាម Mainichi គ្រូបង្រៀនប្រុសអាយុ ៤១ ឆ្នាំនៅសាលាអន្តរជាតិ Himeji ដែលជាទីប្រឹក្សា Softball Club ត្រូវគេចោទប្រកាន់ថាបានទះកំផ្លៀងសិស្សស្រីអាយុ ១៦ ឆ្នាំម្នាក់។ មូលហេតុដោយសារនាងភ្លេចពាក់អាវប្រកួត។
ក្រោយពេលត្រូវទះកំផ្លៀង សិស្សម្នាក់នេះពិបាកហាមាត់។ សិស្សស្រីត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺ trismus (នៅពេលប្រើអណ្តាតសង្កត់ថ្គាមចុះ ថ្គាមកាន់តែខាំខ្លាំង) និងត្រូវចំណាយពេល ១ ខែទើបអាចជាសះស្បើយទាំងស្រុង។
ក្នុងសន្និសីទសារព័ត៌មានលោក Masahiko Suruga នាយកសាលា Himeji បាននិយាយថា “រឿងនេះមិនគួរកើតឡើងទេ ហើយយើងពិតជាសុំទោសយ៉ាងខ្លាំង។ យើងនឹងដោះស្រាយចំពោះបញ្ហាថែទាំផ្លូវចិត្តរបស់សិស្សម្នាក់នោះ និងចាត់វិធានការទប់ស្កាត់រឿងនេះកើតឡើងម្តងទៀត” ។ សាលាមានបំណងលើករឿងនេះដាក់ទៅកាន់ក្រុមប្រឹក្សាវិន័យ។
នាយកសាលា Himeji (នៅកណ្តាល) និងអ្នកដឹកនាំសាលាពីរនាក់ផ្សេងទៀតសុំទោសក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៣ ខែតុលា។ រូបភាព៖ Mainichi
បើតាមសាលា គ្រូប្រុសរូបនេះខឹងយ៉ាងខ្លាំងបន្ទាប់ពីលឺម្តាយសិស្សស្រីប្រាប់ថានាងភ្លេចអាវប្រកួតប្រចាំតំបន់កាលពីថ្ងៃទី ២៤ ខែកញ្ញា។ គ្រូបញ្ជាក់ប្រាប់អាណាព្យាបាលថានឹងវាយ ហើយបន្ទាប់មកទះកំផ្លៀងកូនស្រីគាត់នៅចំពោះមុខសមាជិកក្លឹប។ គ្រូក៏និយាយពាក្យប្រមាថដូចជា “ទៅផ្ទះទៅ” “យើងមិនត្រូវការប្អូនទេ” ។
នៅថ្ងៃបន្ទាប់ គ្រូបន្តព្រមានសិស្សថា៖ “តើប្អូនពិតជាសោកស្តាយចំពោះអ្វីដែលប្អូនបានធ្វើដែរទេ?” បុគ្គលម្នាក់នេះទាត់គូទ និងវាយក្បាលសិស្សស្រី។ ជនរងគ្រោះមិនអាចទៅរៀនបានដោយសារភ័យស្លន់ស្លោ។
ការដាក់ទណ្ឌកម្មលើរាងកាយនេះលាតត្រដាងបន្ទាប់ពីអាណាព្យាបាលសិស្សស្នើសុំប្រជុំជាមួយគ្រូ។ គ្រូបានរាយការណ៍អាកប្បកិរិយារបស់ខ្លួនទៅកាន់សាលានៅថ្ងៃទី ២៦ ខែកញ្ញា។ ចាប់តាំងពីពេលនោះមក គ្រូត្រូវបានផ្អាកការបង្រៀន ឈប់នៅផ្ទះ។ សាលានាំពាក្យសម្តីគ្រូប្រុសរូបនេះថា៖ “នេះជាកំហុសរបស់ខ្ញុំទាំងស្រុង ខ្ញុំសូមទោសដោយស្មោះ” ។
ក្រោយពេលសួរសមាជិកក្លឹបដទៃទៀត សាលាបានអោយដឹងថា គ្រូម្នាក់នេះបានផ្តល់ការណែនាំឃោឃៅជាច្រើនដង។ ក្នុងកិច្ចប្រជុំមាតាបិតាកាលពីថ្ងៃទី ១ ខែតុលា អាណាព្យាបាលបានបញ្ចេញមតិថា៖ “កូនស្រីខ្ញុំរន្ធត់ចិត្តពេលឮគ្រូនិយាយពាក្យដែលមានអត្តន័យប្រមាថសិស្ស” ។
សាលា Himeji រៀបចំការស៊ើបអង្កេតថាតើគ្រូបង្រៀនគួរទទួលខុសត្រូវចំពោះការរិះគន់ និងអាកប្បកិរិយាមិនសមរម្យដែរអត់?
ប្រភព៖ Skydoor