កុមារីអាយុ ៧ ឆ្នាំម្នាក់បាត់ខ្លួន របស់របរផ្ទាល់ខ្លួនត្រូវបានគេរកឃើញក្បែរមាត់ទន្លេ
សារព័ត៌មានជប៉ុនបានរាយការណ៍ថា កុមារី Saya Minami អាយុ ៧ ឆ្នាំ បានបាត់ខ្លួនពេលចាកចេញពីផ្ទះតែម្នាក់ឯងនៅ Matsudo ខេត្ត Chiba ដើម្បីទៅលេងឧទ្យានកម្សាន្តក្បែរនោះ។
គ្រួសារកុមារី Saya Minami ដែលកំពុងរៀនថ្នាក់ទី ១ កាលពីដើមសប្តាហ៍បានផ្ញើសារសង្ឃឹមថាកូនស្រីនឹងត្រឡប់មកផ្ទះវិញ។ ដោយដឹងថាចុងសប្តាហ៍មុន (ថ្ងៃទី ២៣ ខែកញ្ញា) កុមារី Saya Minami និងម្តាយមានគម្រោងទៅលេងសួនក្បែរផ្ទះ។
ទោះជាយ៉ាងណា កុមារីចេញពីផ្ទះមុនម្តាយប៉ុន្មាននាទី ហើយនិយាយថានឹងជួបម្តាយនៅឧទ្យាន។ ប្រហែល ៥ នាទីក្រោយមក ម្ដាយទៅដល់ឧទ្យានតែមិនឃើញកូនស្រីទាល់តែសោះ។
ក្រោយពេលដើររកគ្រប់ទីកន្លែង អ្នកម្តាយបានទូរស័ព្ទរាយការណ៍ប្រាប់ប៉ូលិស។ នៅចុងថ្ងៃដដែលនោះ ប៉ូលីសបានរកឃើញ scooter របស់ក្មេងស្រីនៅឧទ្យានមួយផ្សេងទៀត។ នៅព្រឹកបន្ទាប់ ស្បែកជើង និងស្រោមជើងរបស់ក្មេងស្រីត្រូវបានគេរកឃើញនៅចម្ងាយ ៣០០ ម៉ែត្រ លើច្រាំងទន្លេ Edo ។
រូបភាព៖ កម្លាំងស្វែងរកដំណឹងកុមារី
ប៉ូលិស បុគ្គលិកជួយសង្គ្រោះ និងអ្នកមុជទឹកប្រមាណ ១២០ នាក់បានស្វែងរកអ្នកបាត់ខ្លួននៅទន្លេ Edo និងតំបន់ក្បែរនោះ។ នៅថ្ងៃទី ២៨ ខែកញ្ញា ត្រង់ច្រកទឹកទល់មុខទន្លេ Edo គេប្រទះឃើញមួកមួយ ហើយនៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា គ្រួសាររបស់ Saya Minami បានមកបញ្ជាក់ថា នោះពិតជាមួករបស់កូនស្រី។
នេះជាតម្រុយសំខាន់ដែលជួយដល់ដំណើរការស្វែងរក ឥឡូវនេះក្រុមគ្រួសារក៏បានចែកក្រដាសស្វែងរកកូនស្រីផងដែរ។ Saya មានកម្ពស់ប្រហែល ១១៥ សង់ទីម៉ែត្រ សក់ខ្លី ពាក់អាវយឺតពណ៌ផ្កាឈូកស្រាល និងខោខ្លីពណ៌ខៀវ។
សាលាបឋមសិក្សារបស់ Minami បានរៀបចំកិច្ចប្រជុំទូទាំងសាលាកាលពីដើមសប្តាហ៍នេះ។ នាយកសាលាបានពន្យល់យ៉ាងច្បាស់អំពីឧបទ្ទវហេតុនេះដល់សិស្សានុសិស្ស ដើម្បីជៀសវាងស្ថានភាពគួរអោយសោកស្តាយកើតឡើងម្តងទៀត។ យោងទៅតាមគណៈកម្មការអប់រំ Matsudo គ្រូបង្រៀនបានដើរល្បាតនៅជុំវិញសាលា ដើម្បីធានាសុវត្ថិភាពសិស្ស។
រូបភាព៖ បន្ទាប់ពីកុមារីបាត់ខ្លួនមួយសប្តាហ៍ គ្រប់គ្នានៅតែបន្តស្វែងរក
កាលពីពេលថ្មីៗនេះ ជប៉ុនរងការវាយប្រហារដោយព្យុះ Nanmadol ដែលបណ្តាលឱ្យបាក់ដី និងទឹកជំនន់។ ប៉ូលិសណែនាំឪពុកម្តាយកុំអោយកូនទៅលេងជិតទន្លេម្នាក់ឯង អាចកើតមានបញ្ហាដែលមិននឹកស្មាន។
គេហទំព័រ Parentune បានអោយដឹងថា ឪពុកម្តាយមិនគួរបណ្តោយឱ្យក្មេងៗលេងនៅតំបន់ក្បែរមាត់ទន្លេ និងកន្លែងបង្ហូរទឹកក្នុងរដូវវស្សានោះទេ។ ត្រូវរំលឹក និងដាស់តឿនកូនឱ្យនៅឆ្ងាយពីកន្លែងគ្រោះថ្នាក់។ មិនត្រូវអនុញ្ញាតអោយកុមារដើរ ឬជិះកាត់តំបន់ទាំងនោះទេ។
ប្រភព៖ Japan Today, Parentune