ជប៉ុនរឹតបន្តឹងសន្តិសុខដើម្បីធានាសុវត្ថិភាពពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រី Abe Shinzo
ជប៉ុនកំពុងរឹតបន្តឹងសន្តិសុខដើម្បីរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្ត្រី Abe Shinzo ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកញ្ញា។
ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ២២ ខែកញ្ញា ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បានអោយដឹងថា ភ្ញៀវក្នុងស្រុកប្រមាណ ៣.៦០០ នាក់ និងភ្ញៀវអន្តរជាតិចំនួន ៧០០ នាក់នឹងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់លោក Abe នៅ Nippon Budokan ទីក្រុងតូក្យូ នៅថ្ងៃទី ២៧ ខែកញ្ញា។
ដើម្បីធានាសុវត្ថិភាពអំឡុងពេលព្រឹត្តិការណ៍ រដ្ឋាភិបាលជប៉ុនកំពុងត្រៀមរៀបចំសកម្មភាពជាច្រើន។
ការចំណាយដែលគ្រោងទុកចំនួន ១,៦៥ ពាន់លានយ៉េន (១១,៥ លានដុល្លារ) ដើម្បីរៀបចំពិធីបុណ្យសពថ្នាក់ជាតិ រដ្ឋាភិបាលជប៉ុនបានចំណាយជិតពាក់កណ្តាលប្រមាណ (៨០០ លានយ៉េន) សម្រាប់សន្តិសុខ និង ៦០០ លានយ៉េនសម្រាប់ទទួលគណៈប្រតិភូអន្តរជាតិ។
ប្រជាជនដាក់កម្រងផ្ការំលឹកដល់អតីតនាយករដ្ឋមន្ត្រីជប៉ុន Abe Shinzo នៅទីក្រុងតូក្យូកាលពីខែកក្កដា។ រូបភាព៖ Reuters
បើតាមគម្រោង ផ្លូវនៅជុំវិញ Nippon Budokan ត្រូវបិទអំឡុងពេលប្រារព្ធពិធីបុណ្យសព។ ដែនអាកាសក្នុងតំបន់ ៤៦ គីឡូម៉ែត្រជុំវិញក៏ត្រូវបានដាក់កំហិតផងដែរ ចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែកញ្ញា។
ចាប់ពីម៉ោង ១០ ព្រឹក ថ្ងៃទី ២៧ ខែកញ្ញា ប្រជាជនត្រូវបានអនុញ្ញាតឱ្យដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុននៅទីតាំងមួយចំនួនជិតកន្លែងប្រារព្ធពិធីបុណ្យសព ប៉ុន្តែត្រូវតែឆ្លងកាត់ការត្រួតពិនិត្យកាបូប របស់របរផ្ទាល់ខ្លួន ហើយអាចនឹងត្រូវស្នើអោយឆ្លងកាត់ច្រកឧបករណ៍ចាប់លោហៈ។
ជប៉ុនប្រមូលផ្តុំប៉ូលិសរាប់ម៉ឺននាក់ រួមទាំងប៉ូលិសចំនួន ២.៥០០ នាក់មកពីតំបន់ផ្សេងទៀតទៅកាន់ទីក្រុងតូក្យូ ដើម្បីធានាសន្តិសុខក្នុងអំឡុងពេលព្រឹត្តិការណ៍។ ប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ូលិសប្រើឆ្កែហិតក្លិនល្បាតនៅស្ថានីយរថភ្លើង និងអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ។
ប៉ូលិសជប៉ុនក៏កំពុងដើរល្បាតតាមផ្លូវហាយវេ ស្ថានទូត និងផ្ទះសំណាក់ដែលទទួលគណៈប្រតិភូអន្តរជាតិនៅទីក្រុងតូក្យូ។ បុគ្គលិកយោធាជប៉ុនជាង ១.០០០ នាក់ក៏ត្រូវបានដាក់ពង្រាយក្នុងពិធីកាន់ទុក្ខជាតិរបស់លោក Abe ផងដែរ។ តាមការរំពឹងទុកអំឡុងពេលប្រារព្ធពិធី វង់តន្រ្តីយោធានឹងលេងភ្លេងក្នុងពិធីបុណ្យសព និងបាញ់កាំភ្លើងចំនួន ១៩ គ្រាប់ ដើម្បីរំលឹកដល់អតីតនាយករដ្ឋមន្ត្រីលោក Abe ។
ប្រភព៖ Skydoor