ការតស៊ូស្វែងរកការពិតរបស់ឪពុកម្តាយកុមារីលង់ទឹកនៅអាងហែលទឹកសាលាបឋមសិក្សាជប៉ុនតាំងពី ១០ ឆ្នាំមុន
រដូវក្តៅកាលពី ១០ ឆ្នាំមុន Hana Asada សិស្សសាលាបឋមសិក្សា Yotoku នៅ Kyoto បានជួបឧបទ្ទវហេតុលង់ទឹក។ គ្រួសារដែលមានសុភមង្គលស្រាប់តែកាន់ទុក្ខដោយសារតែបាត់បង់សមាជិកម្នាក់ ឪពុកម្តាយប្អូនស្រីចង់ទទួលបានចម្លើយចំពោះសំណួរ “ហេតុអ្វីបានជាកូនស្រីខ្ញុំលង់ទឹក?” ការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាអប់រំ និងសាលាមិនចប់សព្វគ្រប់ទេ ភាគីទី ៣ ក៏មិនបានផ្តល់ចម្លើយដែលគួរអោយជឿទុកចិត្តដែរ។ ចាប់តាំងពីពេលនោះមក ឪពុកម្តាយនៅតែបន្តស៊ើបអង្កេតដោយខ្លួនឯង។ ក្រោយរយៈពេល ១០ ឆ្នាំ ការខិតខំប្រឹងប្រែងស្វែងរកមិនទាន់បញ្ចប់នៅឡើយទេ។
អំណោយដែលទេវតាប្រទាន
“សម្រាប់ពួកយើង Hana ជាក្មេងដែលទេវតាប្រទាន” ។
ប្តីប្រពន្ធគ្រួសារ Asada ស្ទើរតែបោះបង់ចោលការព្យាបាលគ្មានកូនអំឡុងពេល ៥ ឆ្នាំ។ ប៉ុន្តែនៅពេលដែលគិតថាអស់សង្ឃឹម ម្តាយ Hana ក៏មានផ្ទៃពោះដោយធម្មជាតិ។
“Hana ផ្តល់ឳកាសអោយយើងបានក្លាយជាឪពុកម្តាយ បានសង្គ្រោះជីវិតពួកយើង” ។
តោះត្រឡប់ទៅផ្ទះកូន
កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១២ Hana ត្រៀមចូលសាលាកំឡុងវិស្សមកាលរដូវក្តៅ។ នៅពេលដែលប្អូនស្រីនិយាយថា “កូនទៅហើយ” ដាក់ម្តាយ ទឹកមុខប្អូនពេលនោះរសាប់រសល់។
“Hana លង់ទឹកក្នុងអាងហែលទឹក”
នៅរសៀលនោះ ម្តាយ Hana ទទួលបានដំណឹងអាក្រក់តាមរយៈទូរស័ព្ទពីសាលា។ គាត់ប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ហើយឃើញកូនរបស់ខ្លួនដេកនៅលើគ្រែ ជាមួយនឹងបំពង់ភ្ជាប់ជាច្រើន។ វេជ្ជបណ្ឌិតបាននិយាយថា “សូមបួងសួងអោយអព្ភូតហេតុកើតឡើង” ក្មេងស្រីស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ អ្នកម្តាយចេះតែនិយាយជាមួយកូនស្រីរហូតថា៖
“តោះទៅផ្ទះកូន Hana ចូលចិត្តញ៉ាំមាន់បំពងមែនទេ ត្រឡប់ទៅផ្ទះញ៉ាំ” ។
“កូនដេកបែបនេះក៏បាន ប៉ុន្តែត្រូវនៅរស់កូនណា” ។
ទោះបីជាយ៉ាងណា មិនមានអព្ភូតហេតុកើតឡើងនោះទេ បេះដូងប្អូនស្រីឈប់លោតនៅយប់ថ្ងៃទី ៣១ ។
តើមានរឿងអ្វីកើតឡើង? សាលាឆ្លើយថា “យើងមិនដឹងទេ” ។
ឪពុកម្ដាយមិនដឹងហេតុអ្វីបានជាបាត់បង់កូន ពួកគេជឿថាសាលានឹងរកឃើញមូលហេតុ តើមានអ្វីកើតឡើងនៅអាងហែលទឹកថ្ងៃនោះ? ១៨ ថ្ងៃក្រោយឧបទ្ទវហេតុនោះ នៅការិយាល័យនាយកសាលាបឋមសិក្សា Yotoku ពួកគេទទួលបានការពន្យល់ដូចខាងក្រោម។
នៅថ្ងៃកើតហេតុ សិស្សថ្នាក់ទី ១ ដល់ទី ៣ ចំនួន ៦៩ នាក់រៀនហែលទឹកដោយមានគ្រូសង្កេតមើលចំនួន ៣ នាក់។ មានគ្រោះថ្នាក់ជាច្រើននៅកន្លែងអាងហែលទឹក កម្ពស់ទឹកខ្ពស់បើធៀបនឹងប្អូនៗបឋមសិក្សា។ Hana មានកម្ពស់ ១១៣ សង់ទីម៉ែត្រ ចំណែកកម្រិតទឹកក្នុងអាងដែលប្រទះឃើញសាកសពរបស់ប្អូន ៩៥ សង់ទីម៉ែត្រ។ ពេលនោះមានគ្រូ ២ នាក់នៅកន្លែងអាងហែលទឹក ម្នាក់កំពុងបាញ់ទឹកសម្អាតជញ្ជាំងអាង។ ពួកគេទាំងពីរនាក់សុទ្ធតែមិនបានប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ ហើយក៏មិនបានត្រួតពិនិត្យគ្រប់គ្រាន់ដែរ។ ម៉្យាងវិញទៀត នៅលើផ្ទៃទឹកមានក្តារបណ្តែតទឹកច្រើនបាំងមើលមិនឃើញ។
ទោះជាយ៉ាងណា នាយកសាលាមិនបានប្រាប់ពីមូលហេតុ Hana លង់ទឹកនោះទេ។ “គ្មាននរណាមើលឃើញ ខ្ញុំមិនដឹង” ។ ឪពុកម្តាយស្នើអោយបើកការស៊ើបអង្កេត ប៉ុន្តែមិនមានការរីកចម្រើនអ្វីទាល់តែសោះ។
តាមពិតទៅ ការស៊ើបអង្កេតរបស់សាលាមិនបានធ្វើឡើងគ្រប់ជ្រុងជ្រោយឡើយ។ គ្រូស្រីម្នាក់បានផ្តល់សក្ខីកម្មថា អំឡុងពេលសួរនាំសិស្សចំនួន ៦៨ នាក់ដែលមានវត្តមាននៅកន្លែងកើតហេតុនាថ្ងៃនោះ ការណែនាំពីថ្នាក់លើគឺថា “មិនត្រូវសួរករណីគ្រោះថ្នាក់” ទេ។ សាលាផ្តល់អាទិភាពដល់ការ “ការពារផ្លូវចិត្ត” សម្រាប់ប្អូនៗជាជាងស៊ើបអង្កេតការពិត។ លទ្ធផលមានតែសិស្ស ៧ នាក់ប៉ុណ្ណោះ ដែលរំលឹកដល់គ្រោះថ្នាក់នោះ ប៉ុន្តែមិនមានព័ត៌មានចំពោះមូលហេតុលង់ទឹករបស់ Hana ឡើយ។ គ្រូម្នាក់នោះមានការសោកស្ដាយយ៉ាងខ្លាំងថា “គួរតែសួរនាំនៅពេលដែលក្មេងៗនៅចាំ អាទិភាពរបស់សាលាជាកំហុសមួយ” ។
បន្ទាប់ពីនិយាយជាមួយគ្រូ ក្រុមប្រឹក្សាអប់រំក្រុង និងសាលាបានសម្រេចចិត្តបិទការស៊ើបអង្កេត ជាមួយគ្នានេះចាត់វិធានការបន្ថែម ដើម្បីទប់ស្កាត់កុំឱ្យឧបទ្ទវហេតុកើតឡើងម្តងទៀត។ កាលពីខែកុម្ភៈ ឆ្នាំ ២០១៣ ក្រុមប្រឹក្សាអប់រំជូនដំណឹងដល់មាតាបិតាថា “មិនអាចបញ្ជាក់ពីមូលហេតុ” និងបង្ហាញសេចក្តីណែនាំសម្រាប់ការបង្រៀនហែលទឹក ក៏ដូចជាដំឡើងប្រព័ន្ធត្រួតពិនិត្យ។
បន្តស្វែងរកការពិត
“សាលាមិនស៊ើបអង្កេតទេ យើងត្រូវធ្វើដោយខ្លួនឯង” ។
បីខែក្រោយឧបទ្ទវហេតុនេះ ឪពុកម្តាយរបស់ Hana បានដាក់ពាក្យប្តឹងសាលា និងអ្នកដែលពាក់ព័ន្ធ។ ក្នុងសេចក្តីសម្រេចរបស់តុលាការ ទោះបីជាឪពុកម្តាយ Hana ឈ្នះបណ្តឹង ចំណែកភាគីសាលាបានទទួលស្គាល់ថាមិនត្រួតពិនិត្យគ្រប់គ្រាន់ យ៉ាងណាក៏មិនរីកចម្រើនក្នុងការស្វែងរកមូលហេតុដែរ។
អ្នកទាំងពីរបានសម្រេចបង្កើតក្រុមស៊ើបអង្កេតប្រមាណ ១០ នាក់ កាលពីខែសីហា ឆ្នាំ ២០១៥ ពួកគេជួលអាងហែលទឹកនៅសាលាបឋមសិក្សា Yotoku ដើម្បីបង្កើតកន្លែងកើតហេតុឡើងវិញ។
ថ្វីត្បិតតែអាចកំណត់មូលហេតុខ្លះ ប៉ុន្តែដំណើរការស្វែងរកការពិតនៅវែងឆ្ងាយនៅឡើយ។ ទោះដឹងថាស្វែងរកមូលហេតុមិនអាចជួយអោយកូនស្រីរស់ឡើងវិញ ពួកគេមិនអាចបំភ្លេចសម្លេងចុងក្រោយរបស់កូនស្រីពេលស្លាប់នោះទេ។
“ប្រសិនបើគ្មាននរណាស្វែងរកការពិត ករណីរបស់កូនខ្ញុំនឹងក្លាយជាឧប្បត្តិហេតុដែលគ្មានសាក្សី។ តើ Hana គិតយ៉ាងណាអំឡុងពេលនៅក្នុងអាងហែលទឹក? ក្នុងនាមជាឪពុកម្តាយ យើងមិនអាចព្រងើយនឹងសម្លេងរបស់កូនស្រីនោះទេ” ។
ការចាប់កំណើតរបស់ “HANA model”
គ្រោះថ្នាក់នៅអាងហែលទឹកសាលាកើតឡើងជាញឹកញាប់ តួលេខកត់ត្រាមានមនុស្ស ១៤ នាក់ស្លាប់ និង ៥៥ នាក់រងរបួសជារៀងរហូត ដោយសារគ្រោះថ្នាក់អាងទឹកចន្លោះឆ្នាំ ២០១២ ដល់ ២០២១ ។
បញ្ហាទូទៅរបស់សាលាគឺថាមិនមានប្រព័ន្ធសង្គ្រោះសាកសម។ ចំពោះករណីរបស់ Hana គ្មានអ្នកដឹកនាំការជួយសង្គ្រោះ គ្រូទាំងនោះច្របូកច្របល់អំឡុងពេលជួយសម្រួលផ្លូវដង្ហើម។
ដោយផ្អែកលើមេរៀននេះ សាលាបឋមសិក្សា Yotoku បានបង្កើតបាវចនាជួយសង្គ្រោះ ដែលបែងចែកយ៉ាងច្បាស់តួនាទីរបស់អ្នកជួយសង្គ្រោះ និងគ្រូណែនាំ។ តាមសំណើរបស់ឪពុកម្តាយ Hana បាវចនានេះដាក់ឈ្មោះថា “HANA model” តាំងពីឆ្នាំមុន។
“សូមកុំទុកអោយជីវិតរបស់នរណាត្រូវខ្ជះខ្ជាយ” ។
ឪពុកម្តាយរបស់ Hana បានទៅដល់សាលាបឋមសិក្សា Yotoku នៅថ្ងៃខួបមរណភាពកូន ដើម្បីបង្ហាញពីគំនិតរបស់ខ្លួន។ ពួកគេសង្ឃឹមថាសាលាប្រឈមមុខនឹងឧបទ្ទវហេតុនេះ ដើម្បីការពារអាយុជីវិតរបស់កុមារ។
កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំនេះ នៅចំពោះមុខគ្រូប្រមាណ ៤០ នាក់ និងបុគ្គលិកក្រុមប្រឹក្សាអប់រំក្រុង ម្តាយ Hana បាននិយាយថា៖
“ខ្ញុំមិនចង់អោយជីវិតរបស់ Hana ខ្ជះខ្ជាយនោះទេ។ ដូចជាពួកយើង ខ្ញុំជឿថានេះក៏ជាកង្វល់របស់សាលាដែរ។ ខ្ញុំចង់ឱ្យអ្នកផ្សព្វផ្សាយគំរូ Hana នៅទូទាំងប្រទេស និងរួមគ្នាគិតគូរផ្លាស់ប្តូរការអនុវត្តដើម្បីសង្គ្រោះជីវិតកុមារ” ។
ថ្វីត្បិតតែមិនអាចផ្លាស់ប្តូរអតីតកាល ពួកគេមិនចង់ឱ្យមានកំហុសដដែលនេះកើតឡើងម្តងទៀតឡើយ។ នោះជាបំណងប្រាថ្នារបស់ឪពុកម្តាយដែលរងគ្រោះបន្តស្វែងរក “សំឡេងចុងក្រោយ” របស់កូន។
Sacchan