បុរស​​ម្នាក់​ដុត​ខ្លួនឯង​នៅ​ជិត​ការិយាល័យ​នាយករដ្ឋមន្ត្រីដើម្បីជំទាស់ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe

បុរស​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ដុត​ខ្លួនឯង​នៅ​ជិត​ការិយាល័យ​នាយករដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​ទី​ ២១ ខែកញ្ញា គោល​បំណង​ជំទាស់​នឹង​គម្រោង​រៀបចំ​ពិធី​បុណ្យ​សពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្ត្រី Shinzo Abe នាយកដ្ឋានប៉ូលិស​ទីក្រុង​តូក្យូ​បាន​បញ្ជាក់។

Japan Times ដកស្រង់ប្រភពព័ត៌មានស៊ើបអង្កេតបានអោយដឹង ឯកសារដែលប្រឆាំងនឹងការរៀបចំពិធីបុណ្យ​សព​ថ្នាក់​ជាតិ​សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី Shinzo Abe ត្រូវបានរកឃើញនៅកន្លែងដែលបុរសម្នាក់នេះដុតខ្លួនឯង នៅ Kasumigaseki សង្កាត់ Chiyoda ទីក្រុងតូក្យូ។

កន្លែង​ដែល​បុរស​នោះដុត​ខ្លួនឯងនៅជិតទីស្នាក់ការកណ្តាលនៃការិយាល័យរដ្ឋាភិបាលជប៉ុន រួមទាំងកន្លែង​ធ្វើ​ការ​របស់​នាយក​រដ្ឋមន្ត្រី។

ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ថា ប៉ូលិសទៅដល់កន្លែងកើតហេតុវេលាម៉ោងប្រហែល ៧ ព្រឹក ថ្ងៃ​​ទី ២១ ខែ​កញ្ញា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍ពី​បុរស​ម្នាក់ “ត្រូវភ្លើងឆេះ” ។


ប៉ូលិសមានវត្តមាននៅកន្លែងកើតហេតុ រូបភាព៖ Japan Times

នៅពេលប្រទះឃើញ បុរសម្នាក់នោះបានសន្លប់ ប៉ូលិស​ដែល​ព្យាយាម​ពន្លត់​ភ្លើង​ដើម្បី​សង្គ្រោះ​បុរស​នោះ​ក៏​បាន​រង​របួស​ដែរ ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

ក្រោយមក មន្ត្រីប៉ូលីសបានអោយដឹងពេលបុរសនោះដឹងខ្លួនឡើងវិញ ហើយ​ប្រាប់​ប៉ូលិស​ថា គាត់ចាក់សាំងលើខ្លួនរួចដុតភ្លើង។ បុគ្គលម្នាក់នេះបានសារភាព​ថាដុត​ខ្លួនឯង ​ដើម្បី​ប្រឆាំងនឹង​គម្រោង​រៀបចំ​ពិធីបុណ្យ​សព​ថ្នាក់ជាតិ​សម្រាប់​​អតីត​​នាយក​រដ្ឋមន្ត្រី Shinzo Abe ។

លោក Shinzo Abe ត្រូវគេធ្វើឃាត​កាល​ពី​ថ្ងៃ​ទី ​៨ ខែ​កក្កដា ខណៈពេលកំពុងថ្លែង​សុន្ទរកថា​គាំទ្រ​ការ​បោះឆ្នោតអោយគណបក្ស LDP នៅ​ក្រុង​ណារ៉ា។ ពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតនាយករដ្ឋមន្ត្រី Abe ត្រូវបានកំណត់នៅថ្ងៃទី ២៧ ខែកញ្ញា ដោយមានប្រជាជនជប៉ុនប្រមាណ ៦០០០ នាក់ និងជនបរទេសចូលរួម។

ប៉ុន្តែ​ការ​ប្រឆាំង​នឹង​ព្រឹត្តិការណ៍​នេះ​កាន់តែច្រើនឡើង ដោយសារព័ត៌មានពាក់ព័ន្ធនឹងទំនាក់ទំនងរវាងគណបក្ស LDP និងសាសនាបង្រួបបង្រួម។ បុគ្គលដែលបានសម្លាប់លោក Abe បាននិយាយថា ការបរិច្ចាគទៅអោយសាសនានេះធ្វើឱ្យម្តាយគាត់ក្ស័យធន ហើយគាត់គិតថាលោក Abe គាំទ្រសាសនានេះ។

ប្រជាជនជប៉ុនជាច្រើនបានធ្វើបាតុកម្មប្រឆាំងនឹងការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ។ ចំណុចនេះក៏បានធ្វើអោយអត្រាគាំទ្រចំពោះនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅដើមខែកញ្ញាបានធ្លាក់ចុះត្រឹម ៣២,៣% ។ នេះ​​ជា​​កម្រិត​​ទាប​​បំផុត​បន្ទាប់​ពី​នាយក​​រដ្ឋមន្ត្រី​លោក Kishida ឡើង​កាន់​តំណែង​កាលពី​ខែ​តុលាឆ្នាំមុន។

ក្នុងការស្ទង់មតិដែលធ្វើឡើងដោយ Jiji Press មាន ៦២,៧% នាក់បានអោយដឹងថា ពួកគេមិនគាំទ្រការឆ្លើយ​តប​របស់​នាយក​រដ្ឋមន្ត្រី​លោក Kishida ចំពោះបញ្ហាទាក់ទងនឹងសាសនាបង្រួបបង្រួម។ ៧៤,២% មិនពេញចិត្តនឹង​ការ​ពន្យល់​របស់​នាយក​រដ្ឋមន្ត្រី​លោក Kishida និងសមាជិកសភាពាក់ព័ន្ធ​នឹង​បញ្ហា​សាសនា​បង្រួបបង្រួម។

ប្រភព៖ Japan Times

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: