អត្រាទារកទើបនឹងកើតធ្លាក់ដល់កម្រិតទាបបំផុតអំឡុងពេល ២២ ឆ្នាំ

នៅពាក់កណ្តាលឆ្នាំ ២០២២ សរុបចំនួនទារកទើបនឹងកើតនៃប្រទេសជប៉ុន រួមទាំងទារកដែលកើតនៅក្នុងប្រទេស​ជប៉ុន និងកូនរបស់ប្រជាជនជប៉ុនកើតនៅបរទេស បានធ្លាក់ចុះ ៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ​មុន លើកដំបូងទាបជាង ៤០០.០០០ ទារកចាប់ពីឆ្នាំ ២០០០ ។ អត្រាកំណើតមានកម្រិតទាបបំផុតក្នុងបរិបទជប៉ុន​រងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ រយៈពេលយូរ។

ជាក់ស្តែង អំឡុងពេលពីខែមករាដល់ខែមិថុនា ឆ្នាំ ២០២២ មានទារកចំនួន ៣៨៤.៩៤២ នាក់ ធ្លាក់ចុះ ២០.០៨៧ ទារកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយផ្អែកលើទិន្នន័យខាងលើ សរុបចំនួនទារកពេញមួយឆ្នាំត្រូវគេព្យាករណ៍ថានឹងថយចុះដល់កម្រិតទាបជាង ៨១១.៦០៤ នាក់ដែលបានកត់ត្រាក្នុងឆ្នាំ ២០២១ ជាលើកដំបូង​ក្រោម​កម្រិត ៨០០.០០០ ទារក បន្ទាប់ពីរដ្ឋាភិបាលជប៉ុនចាប់ផ្តើមប្រមូលទិន្នន័យក្នុងឆ្នាំ ១៨៩៩ ។

ក្នុងសៀវភៅឆ្នាំ ២០២២ ស្តីពីអត្រាកំណើតធ្លាក់ចុះដែលប្រកាសដោយការិយាល័យខុទ្ទកាល័យជប៉ុន មានកថាខណ្ឌ​មួយ​បញ្ជាក់​ថា ការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩ បានកាត់បន្ថយចំនួនគូស្នេហ៍រៀបការ និងមានកូនមុនពេល​ផ្ទុះជំងឺ​រាតត្បាត អ្នកដែលមានអាយុពី ២០ ទៅ ៣០ ឆ្នាំក៏ព្រួយបារម្ភចំពោះអាពាហ៍ពិពាហ៍ ប្រាក់ចំណូល ការ​​ងារ និងគ្រួសារជាជាងក្រុមអាយុផ្សេងទៀត។

យោងតាមទិន្នន័យផ្លូវការ ចំនួនគូស្វាមីភរិយារៀបការនាពាក់កណ្តាលឆ្នាំ ២០២២ កើនឡើងចំនួន ២៤៣ គូបើ​ធៀប​​នឹង​​រយៈ​ពេល​​ដូច​​គ្នា​កាល​ពី​ឆ្នាំ​មុន​ដល់ ២៦៥.៥៩៣ គូ ប៉ុន្តែចំនួននេះនៅតែធ្លាក់ចុះជាង ៥០.០០០ គូ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ មុនពេលជំងឺរាតត្បាតផ្ទុះ។ ចំនួនទារកប្រចាំឆ្នាំនៅជប៉ុនមានទំនោរធ្លាក់ចុះចាប់ពីឆ្នាំ ១៩៧០ និង​ល្បឿន​ធ្លាក់​ចុះ​នា​ពេល​នេះ​លឿនជាងការព្យាករណ៍របស់រដ្ឋាភិបាល។ នៅឆ្នាំ ២០១៧ វិទ្យាស្ថានស្រាវជ្រាវចំនួន​ប្រជាជន និងសន្តិសុខសង្គមជាតិនៃប្រទេសជប៉ុនធ្លាប់បានព្យាករណ៍ថា ទារកកើតមានចំនួន ៨៥០.០០០ នាក់​​នៅ​​ឆ្នាំ ២០២២ និង​ធ្លាក់​ចុះក្រោម ៨០០.០០០ នៅឆ្នាំ ២០៣០ ។

អា​ត្រា​កំណើតទាបកំពុងដាក់សម្ពាធយ៉ាងខ្លាំងមកលើរដ្ឋាភិបាលជប៉ុនក្នុង​បរិបទ​ដែល Tokyo កំពុងព្យាយាមបន្ត​មូលនិធិសោធននិវត្តន៍ជាតិ ធានានូវប្រព័ន្ធថែទាំសុខភាព និងការថែទាំមនុស្សចាស់ខណៈដែលចំនួនកាន់​តែ​ច្រើន។ ការ​ដោះស្រាយ​វិបត្តិ​ប្រជាសាស្ត្រ​ជា​អាទិភាព​មួយ​​ក្នុង​អំឡុង​ពេល​កាន់​តំណែង​នៃនាយក​រដ្ឋមន្ត្រី Fumio Kishida រួម​​ជា​មួយ​នឹង​បញ្ហាផ្សេងទៀតដូចជាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងស្តារសេដ្ឋកិច្ចឡើងវិញ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: