កម្មវិធីគណនា “2 in 1” បង្កើតឡើងដោយវិស្វករជនជាតិជប៉ុនចូលនិវត្តន៍មួយរូប
ការច្នៃប្រឌិតមិនកំណត់លើអាយុនោះទេ មិនថាចូលនិវត្តន៍ហើយក៏ដោយ ជនជាតិជប៉ុននៅតែគិតជានិច្ច ហើយមិនអនុញ្ញាតឱ្យខ្លួនសម្រាកឡើយ។ វិស្វករជនជាតិជប៉ុនអាយុ ៦៣ ឆ្នាំម្នាក់បានចំណាយពេលចូលនិវត្តន៍របស់ខ្លួន ដើម្បីបង្កើតកម្មវិធីគណនាយ៉ាងពិសេស។
កម្មវិធីគណនានេះត្រូវបានដាក់ចេញសម្រាប់ iPhone និង iPad ក្រោមឈ្មោះ “Twin-Calc” ។ អ្នកបង្កើតកម្មវិធី Hiroyuki Ueda នៅ Nishinomiya សង្កាត់ Hyogo ។ ដំបូងទោះបីជាមានការលំបាកខ្លះពេលជម្រុញអោយអ្នកប្រើប្រាស់ទាញយកកម្មវិធី ប៉ុន្តែបន្ទាប់ពីវិស្វករបានកែសម្រួលមួយចំនួន ចំនួនអ្នកទាញយកកើនឡើងគួរអោយកត់សម្គាល់។
“Twin-Calc” ម៉ាស៊ីនគិតលេខពីរអនុញ្ញាតឱ្យអ្នកប្រើផ្លាស់ទីលទ្ធផលគណនាពីម៉ាស៊ីនគិតលេខមួយទៅម៉ាស៊ីនមួយទៀតដោយចុចលើព្រួញដែលបង្ហាញនៅកណ្តាលអេក្រង់។ ឧទាហរណ៍ប្រសិនបើអ្នកប្រើគណនា “៨៩ x ១៥ = ១៣៣៥” លើម៉ាសុីនគិតលេខមួយរួចចុចសញ្ញាព្រួញ លទ្ធផល “១៣៣៥” នឹងបង្ហាញនៅលើអេក្រង់ម៉ាស៊ីនគិតលេខផ្សេងទៀត ដែលអនុញ្ញាតឱ្យអ្នកប្រើបន្តការគណនាខណៈពេលដែលរក្សាលទ្ធផលការគណនាមុន។ ចំណុចនេះជួយកាត់បន្ថយកំហុសអំឡុងពេលគណនា។
លោក Ueda រៀនផ្នែករចនាមេកានិចនៅសកលវិទ្យាល័យ ហើយធ្វើការខាងផ្នែកវិស្វកម្ម រួមទាំងការរចនាការបញ្ជូននៅក្រុមហ៊ុនរថយន្តជាច្រើនឆ្នាំមុនពេលចូលនិវត្តន៍នៅអាយុ ៦០ ឆ្នាំ។
ទន្ទឹមនឹងនេះ លោកក៏ជាអ្នកគាំទ្រ iPhone ហើយចាប់ផ្ដើមរៀន Programming Language បន្ទាប់ពីចូលនិវត្តន៍។ នៅពេលនេះ វិស្វករបានរកឃើញក្តីស្រមៃរបស់ខ្លួន ជាការច្នៃប្រឌិតដែលជួយអោយជីវិតមានភាពងាយស្រួល។
លោក Ueda បានចាប់ផ្តើមតម្រង់ទិសបង្កើតកម្មវិធីកុំព្យូទ័រកាលពី ៣ ទៅ ៤ ឆ្នាំមុន ហើយចាប់ផ្តើមគម្រោងនេះជាផ្លូវការក្នុងខែសីហា ឆ្នាំ ២០២១ ។ វិស្វកររូបនេះបាននិយាយថា គាត់ចង់បង្កើតកម្មវិធីដែលមានលក្ខណៈពិសេស។ តាមរយៈជំហានដំបូងនេះ លោកឆ្ពោះទៅរកការបង្កើតកម្មវិធីមួយចំនួនសម្រាប់ iPhone និង iPad ។
លោក Ueda នឹកឃើញដំណើរការរបស់ខ្លួន “ខ្ញុំដឹងថាមិនងាយស្រួលនោះទេ ប៉ុន្តែរឿងនេះពិបាកណាស់” ។
បញ្ហាកើតឡើងចំពោះករណីបញ្ចូលលេខដែលមានសញ្ញាទសភាគ។ ឧទាហរណ៍អ្នកប្រើបញ្ចូលលេខ ០,៥ ដោយបញ្ចូលលេខ ០ សញ្ញាទសភាគ បន្ទាប់មកលេខ ៥ ហើយក៏មានអ្នករំលងលេខ ០ គ្រាន់តែបញ្ចូលសញ្ញាទសភាគ និងលេខ ៥ ប៉ុណ្ណោះ។ លោក Ueda បានអោយដឹងថា “មានប្រហែល ១០០ ករណីបញ្ចូលលេខ ហើយខ្ញុំត្រូវធ្វើការច្រើនដើម្បីដោះស្រាយបញ្ហានេះ” ។
ក្រោយពេលសាកល្បង និងមានកំហុសជាច្រើនដង លោក Ueda អាចដាក់ចេញកម្មវិធីនាខែឧសភា ឆ្នាំ ២០២២ ។ ដំបូងការទាញយកមានចំនួនតិច ដោយសារពេលនោះកម្មវិធីអាចបង្ហាញលើអេក្រង់បញ្ឈរបានត្រឹមតែ ១ ប៉ុណ្ណោះ ចង់ឃើញអេក្រង់ពីរត្រូវបង្វិលទូរសព្ទផ្ដេក។ នៅពេលនោះអ្នកប្រើគិតថានេះគ្រាន់តែជាកម្មវិធីគណនាធម្មតា។
បន្ទាប់មកលោក Ueda បានធ្វើការកែសម្រួល កំណត់អេក្រង់កម្មវិធីផ្តេកអាចបង្ហាញលើកុំព្យូទ័រពីរក្នុងពេលតែមួយ។ កំណែអាប់ដេតនេះត្រូវបានចេញផ្សាយនៅថ្ងៃទី ១៨ ខែសីហា។ គិតត្រឹមថ្ងៃទី ៨ ខែកញ្ញា ចំនួនទាញយកប្រមាណ ៥៦,៨០០ សម្រាប់កំណែដែលមានតម្លៃ ៤៩០ យ៉េន និង ៥០០០ ការទាញយកសម្រាប់កំណែឥតគិតថ្លៃ។ មុននោះមានតែ ១៨,០០០ នាក់ប៉ុណ្ណោះដែលបានទាញយកកំណែបង់ប្រាក់មុនពេលអាប់ដេត ចំនួនទាញយកជាង ៣ ដងបន្ទាប់ពីអាប់ដេត។
លោក Ueda បាននិយាយថា កិច្ចការបន្ទាប់ដែលគាត់ចង់ធ្វើគឺស្វែងរកវិធីបង្ហាញលើអេក្រង់បញ្ឈរទាំងពីរ។
ក្នុងវ័យរបស់លោក Ueda មានមនុស្សតិចណាស់ស្គាល់បច្ចេកវិទ្យា ដូច្នេះលោក Ueda មានបំណងចង់ក្លាយជាអ្នកបំផុសគំនិតសម្រាប់អ្នកដែលចង់ស្វែងយល់អំពីវិស័យនេះ។
Sacchan