ជប៉ុនប្រឈមនឹងបញ្ហាផ្ទះនៅទំនេរប្រមាណ ១០ លានខ្នងនៅឆ្នាំ ២០២៣

ជប៉ុន​ប្រឈមនឹង​បញ្ហា​ផ្ទះ​នៅ​ទំនេរ​ប្រមាណ ១០ លាន​ខ្នង​នៅ​ឆ្នាំ ២០២៣ ហើយចំនួននេះកើនឡើងជាង ២៣ លាន​នៅឆ្នាំ ២០៣៨ ។

យោងទៅតាម Nikkei Asian Review ផ្ទះនៅទំនេរ ១០ លានខ្នងនៅឆ្នាំ ២០២៣ ដោយ​សាររដ្ឋាភិបាលបន្ត​គោល​នយោបាយ​​ជម្រុញ​ទីផ្សារ​អចលន​ទ្រព្យ បើទោះបីជាតម្រូវការធ្លាក់ចុះព្រោះតែចំនួនប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័ស។ ជាក់ស្តែង ស្ថានភាពនេះបង្ហាញឱ្យឃើញច្បាស់តាំងពីឆ្នាំ ២០១៨ ជាមួយនឹងចំនួនផ្ទះទំនេរ ៨,៤៩ លាន​ខ្នង។

របាយការណ៍របស់ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងជប៉ុន (MIAC) បង្ហាញថាសេដ្ឋកិច្ចមានផ្ទះប្រមាណ ៦២,៤១ លាន​ខ្នង​គិត​ត្រឹម​ឆ្នាំ ២០១៨ ។ ទន្ទឹមនឹងនោះ វិទ្យាស្ថានស្រាវជ្រាវ Nomura បានប៉ាន់ប្រមាណថាចំនួននេះនឹងកើនឡើងដល់ ៦៥,៤៦ លានខ្នងនៅឆ្នាំ ២០២៣ ។

ចំនួនផ្ទះកំពុងលើសចំនួនគ្រួសារដែលរស់នៅប្រទេសជប៉ុន។

តាមការស្រាវជ្រាវមួយផ្សេងទៀត វិទ្យាស្ថានប្រជាជន និងសន្តិសុខសង្គមជាតិ (NIPSSR) បានព្យាករណ៍ថា ចំនួនផ្ទះ​នៅប្រទេសជប៉ុនអាចឡើងដល់ ៥៤,១៩ លានខ្នងនៅឆ្នាំ ២០២៣ ។

ទោះជាយ៉ាងណា របាយការណ៍ទាំងអស់យល់ស្របថា មូលហេតុ​ដែល​រដ្ឋាភិបាល​បន្ត​ផ្តល់​លំនៅឋាន​បន្ថែម​ដោយសារអាយុជាមធ្យមកាន់តែកើនឡើង គុណភាព​ការរស់នៅ​ល្អ​ធ្វើ​អោយប្រជាជនស​រស់​បាន​យូរ បើ​ទោះ​បីជារស់នៅម្នាក់​ឯង​ក៏​​ដោយ។ ម៉្យាង​វិញ​ទៀត ចំនួនយុវជនមិនព្រមរៀបការកាន់តែច្រើន និងបង្កើនតម្រូវការលំនៅដ្ឋានតាមតំបន់​ទី​ក្រុង។

ទោះជាយ៉ាងនេះក្តី ប្រសិនបើក្រឡេកមើលទាំងមូល នោះចំនួនផ្គត់ផ្គង់អចលនទ្រព្យរបស់ជប៉ុនកំពុងលើសតម្រូវ​ការ ដោយ​សារ​ចំនួន​អ្នក​ស្លាប់​មានកម្រិតខ្ពស់ជាងចំនួនអ្នកកើតថ្មី។

សាស្ត្រាចារ្យ Ken Miura នៃសាកលវិទ្យាល័យ Kyoto បាននិយាយថា ជាមួយនឹងសន្ទុះមនុស្សចាស់នាពេលនេះ នោះចំនួន​ផ្ទះ​ដែល​គេ​បោះ​បង់​ចោល​អាច​ឡើង​ដល់ ​២០-៣០​ លាននាពេលខាងមុខមិនថាយុវជនចង់រស់នៅម្នាក់ឯង។

បើតាម Nikkei បានអោយដឹងថា ជប៉ុនធ្លាប់ធ្លាក់ក្នុងស្ថានភាពខ្វះលំនៅឋាននាចុងសង្គ្រាមលោកលើកទី ២ រហូត​ដល់​ទសវត្សរ៍​ឆ្នាំ ១៩៦០ ។ ការបំផ្លិចបំផ្លាញនៃសង្គ្រាមលោកលើកទី ២ តែងតែរក្សាគោលនយោបាយជំនួយទីផ្សារសាងសង់លំនៅដ្ឋាន។

លទ្ធផល ទោះបីជាស្ថានភាពខ្វះខាតលំនៅឋានបានបញ្ចប់នៅឆ្នាំ ១៩៧៣ ជប៉ុននៅតែបន្ត​សាងសង់ផ្ទះជាង ១ លានខ្នងក្នុងមួយឆ្នាំរហូតដល់ឆ្នាំ ២០០០ ។

សាស្ត្រាចារ្យ Miura បាននិយាយថា “នេះជាអ្វីដែលនៅសេសសល់នៃសម័យកាលរីកចម្រើនខ្លាំង។ មិនថាចំនួនប្រជាជន​ធ្លាក់ចុះ រដ្ឋាភិបាលនៅតែមិនព្រមផ្លាស់ប្តូរគោលនយោបាយ និង​បន្ត​ដាក់​សម្ពាធឱ្យសាងសង់លំនៅដ្ឋានបន្ថែម​ទៀត” ។

ជាមួយនឹងគំនិតដូចគ្នា វិទ្យាស្ថាន Nomura បានព្យាករណ៍ថា ចំនួនផ្ទះទំនេរអាចឈានដល់ ២៣,០៣ លានខ្នងនៅ​ឆ្នាំ ២០៣៨ ប្រសិន​បើ​សន្ទុះ​នៃការសាងសង់នៅតែបន្តដូចសព្វថ្ងៃ។

យោងតាម Nikkei ផ្ទះរបស់មនុស្សចាស់លែងពេញនិយមសម្រាប់យុវវ័យទៀតហើយ ដោយសារវាមានសភាពទ្រុឌទ្រោម ឬមិនស្របតាមស្តង់ដារការពាររញ្ជួយដី សន្សំថាមពល ឬតម្រូវការផ្សេងទៀត។ ចំណុចនេះហើយធ្វើអោយផ្ទះ​ដែល​ទ្រុឌទ្រោម​មួយ​ចំនួន​ធំ​ត្រូវ​គេ​បោះ​បង់​ចោល ហើយ​គ្មាន​អ្នក​ណា​ខ្វល់ឡើយ។

ជាងនេះទៅទៀត ព្រោះតែធ្វើតាមគោលនយោបាយបរិមាណជាជាងគុណភា ដូច្នេះបើទោះបីជាសាងសង់ផ្ទះច្រើន ប៉ុន្តែកម្រិតធន់របស់វាមានកំណត់។ ហេតុនេះ ផ្ទះដែលសាងសង់យូរមកហើយនៅជប៉ុនធ្លាក់ចុះយ៉ាងឆាប់រហ័ស ក្លាយ​ជា​បន្ទុក​ទាំង​ម្ចាស់ និងអាជ្ញាធរមូលដ្ឋាន។

របាយការណ៍របស់គណៈរដ្ឋមន្ត្រីជប៉ុនឆ្នាំ ២០២១ បានបង្ហាញថា ផ្ទះចំនួន ៧ លានក្នុងចំណោម ៥៣,៦ លានខ្នងមិនស្របតាមស្តង់ដារការពាររញ្ជួយដីគិតត្រឹមឆ្នាំ ២០១៨ ។ អាក្រក់ជាងនេះទៅទៀត ប្រមាណ ៣៤,៥ លានខ្នងដែល​បំពេញ​តាម​ស្តង់​ដារ​ធន់​នឹង​ការ​រញ្ជួយដី បែរជាមិនបំពេញតាមស្តង់ដារសន្សំសំចៃថាមពល។

ទំព័រ Nikkei បានអោយដឹងអត្រាផ្ទះដែលប្រើប្រាស់រួចមានត្រឹមតែ ១៤% ទីផ្សារលក់អចលនទ្រព្យជប៉ុន ទាបជាង​បើ​ធៀប​នឹង ៨០% នៅសហរដ្ឋអាមេរិ និង ៩០% នៅអង់គ្លេស។ ដូច្នេះលុះត្រាតែគុណភាពលំនៅដ្ឋាន​ត្រូវបាន​កែ​លម្អ​​​បន្ថែម​​ទៀត​​​ដើម្បី​​តាមទាន់​​ស្តង់​ដារ​ នោះអត្រាផ្ទះ​ដែល​គេ​បោះបង់ចោលនឹង​បន្ត​កើនឡើង​។

មូលហេតុមួយផ្សេងទៀតដែលធ្វើអោយជប៉ុននៅសល់ផ្ទះទំនេរដោយសារមានចំណែកប្រជាជន រួមទាំងមនុស្សចាស់ ឬឪពុក​ម្តាយនៅលីវមិនទទួលបានជំនួយស្វែងរកលំនៅដ្ឋានថ្មី។ បើតាមសាស្ត្រាចារ្យ Miura ការខ្វះខាតប្រសិទ្ធភាពក្នុង​កិច្ច​សហប្រតិបត្តិ​ការរវាងអចលនទ្រព្យ និងសន្តិសុខសង្គមធ្វើឱ្យមនុស្សចាស់ បុគ្គលនៅលីវ មិនរកបានផ្ទះថ្មី ទោះ​បី​ជា​ចំនួន​ផ្គត់​ផ្គង់​ច្រើន។

ម៉្យាងវិញទៀត ប្រធាន Osamu Nagashima នៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Sakurajimusho បាននិយាយថា បទ​ប្បញ្ញត្តិ​ពន្ធ​របស់​ជប៉ុន​ជា​បញ្ហាដែលប៉ះពាល់ដល់ដំណើរការរុះរើផ្ទះចាស់។ ជប៉ុនយកពន្ធខ្ពស់លើដីដែលគ្មានការ​សាង​សង់ ដូច្នេះ​ទោះ​បី​ជា​ផ្ទះ​ដែលគេបោះបង់ចោលចាស់ ឬគ្រោះថ្នាក់ក៏មិនត្រូវបានម្ចាស់រុះរើនោះដែរ។

លោក Nagashima បាននិយាយថា “រដ្ឋាភិបាលគួរតែមានគោលនយោបាយពន្ធត្រឹមត្រូវ ដើម្បី​លើកទឹកចិត្ត​ម្ចាស់​រុះរើ​ផ្ទះចាស់” ។

ទោះ​យ៉ាង​ណា អ្នកដែលគាំទ្រគោលនយោបាយពន្ធគិត​ថា​នេះ​ជា​វិធានការ​សមស្រប ដើម្បីទប់ស្កាត់ការរកសុីប្រថុយ បង្កើនដីដែលមិនសាងសង់អ្វីទាំងអស់។ ចំណុចនេះផ្ទុយនឹងបំណងប្រើប្រាស់ដី ដើម្បីសាងសង់លំនៅដ្ឋានរបស់រដ្ឋាភិបាល Tokyo ។

ដូច្នេះហើយ Nikkei បានអោយដឹងថា ការទប់ស្កាត់ផ្ទះដែលត្រូវគេបោះបង់ចោល និងផ្ទះទំនេរនៅមានដំណើរវែងឆ្ងាយ​ណាស់។

ប្រភព៖ Nikkei Asian Review

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: