បុរសជនជាតិវៀតណាមម្នាក់ត្រូវគេចាក់សម្លាប់នៅទីក្រុង Kawasaki ប្រទេសជប៉ុន
បុរសជនជាតិវៀតណាមអាយុ ៥៧ ឆ្នាំម្នាក់ត្រូវចាក់សម្លាប់តាមដងផ្លូវទីក្រុង Kawasaki ជិត Tokyo ប្រទេសជប៉ុន។ ចំណែកបុរសម្នាក់ទៀតកាន់កាំបិតត្រូវគេឃើញរត់ចេញពីកន្លែងកើតហេតុ។
ជនរងគ្រោះត្រូវបានគេប្រទះឃើញក្នុងស្ថានភាពហូរឈាមកាលពីយប់ថ្ងៃទី ១១ ខែកញ្ញា នៅជិតតំបន់ស្ថានីយ៍ Kawasaki ជាកន្លែងដែលមានភោជនីយដ្ឋាន និងអាជីវកម្មច្រើន។ NHK បានដកស្រង់សម្តីប៉ូលិសនិយាយ បុរសម្នាក់នេះមានឈ្មោះថា Nguyen Dai Hiep អាយុ ៥៧ ឆ្នាំ សញ្ជាតិវៀតណាម ជាបុគ្គលិកក្រុមហ៊ុនមួយនៅប្រទេសជប៉ុន។
តាមសម្តីសាក្សីដែលបានទូរស័ព្ទទៅប៉ូលិសរាយការណ៍ថា “បុរសម្នាក់ហូរឈាម ហើយដួលតាមផ្លូវ ចំណែកបុរសដែលកាន់កាំបិតផ្ទះបាយបានរត់គេចខ្លួន” ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនោះ ប៉ុន្តែបាត់បង់ជីវិត។
បើតាមប៉ូលិសលោក Nguyen Dai Hiep ត្រូវចាក់ចំទ្រូង។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកមិនឃើញអាវុធនោះទេ។
ប៉ូលិសជប៉ុនបានបើកការស៊ើបអង្កេតដើម្បីស្វែងរកពិរុទ្ធជន ពួកគេកំពុងស្រង់សម្តីអ្នកដែលនៅក្បែរកន្លែងកើតហេតុ ហើយទន្ទឹមនឹងនេះក៏ណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នផងដែរ។ មន្ត្រីមូលដ្ឋានបានអោយដឹងថា ជនជាតិវៀតណាមម្នាក់អាចផ្តល់ព័ត៌មានលម្អិតចំពោះហេតុការណ៍នេះ។
ប្រភព៖ Skydoor