សាកលវិទ្យាល័យ Tohoku ណែនាំហ្គេមជួយរកឃើញជំងឺដក់ទឹកក្នុងភ្នែងដំណាក់កាលដំបូង
ឥឡូវនេះ ភារកិច្ចរបស់អ្នកគឺបំភាយអាចម៍ផ្កាយដោយរស្មីឡាស៊ែរយក្ស… គ្រប់យ៉ាងដើម្បីសុខភាពរបស់អ្នក។
ក្មេងៗត្រូវឪពុកម្តាយស្តីបន្ទោសព្រោះលេងហ្គេមច្រើនពេក មូលហេតុដោយសារមិនល្អចំពោះសុខភាព ជាពិសេសកាត់បន្ថយកម្លាំងរាងកាយ។ នៅតែមានការជជែកវែកញែកជាច្រើនជុំវិញបញ្ហានេះ ប៉ុន្តែមតិយោបល់មួយចំនួនយល់ថា ជាក់ស្តែងការលេងហ្គេមអាចជួយដល់ភ្នែករបស់មនុស្សជាច្រើន។
Meteor Blaster ជាហ្គេមបាញ់ប្រហារលើកម្មវិធីស្មាតហ្វូន ដែលសហការបង្កើតឡើងដោយ Sendai Television និងមហាវិទ្យាល័យវេជ្ជសាស្ត្រសាកលវិទ្យាល័យ Tohoku ។ ហ្គេមនេះទទួលបានប៉ាតង់កាលពីខែកក្កដាឆ្នាំមុន ជាមួយនឹងគោលបំណងជួយអ្នកលេងរកឃើញរោគសញ្ញាជំងឺដក់ទឹកក្នុងភ្នែកដោយគ្រាន់តែលេងហ្គេម ៥ នាទីប៉ុណ្ណោះ។
ដើម្បីលេងហ្គេម អ្នកកាន់ទូរស័ព្ទចម្ងាយប្រហែល ៣០ សង់ទីម៉ែត្រ ប្រើកាណុងឡាស៊ែរបាញ់អាចម៍ផ្កាយពេលវាចូលបរិវេណសង្កេតមើលរបស់អ្នក (ចុចប៊ូតុង “Shoot”)។ ក្នុងពេលជាមួយគ្នានេះលើអេក្រង់ក៏បង្ហាញចំណុចពណ៌ស នៅពេលនោះអ្នកត្រូវចុចប៊ូតុង “Capture” ចំណាំ spam ប៊ូតុងសារនឹងត្រូវដកពិន្ទុ។
ក្រោយពេលឆ្លង ៤ វគ្គ Meteor Blaster នឹងផ្គត់ផ្គង់សេចក្តីសង្ខេបការមើលឃើញរបស់អ្នក។ អេក្រង់ត្រូវបានបែងចែកជា ១៦ ផ្នែកដែលមានពិន្ទុពី ១ ដល់ ៥ សម្រាប់តំបន់នីមួយៗ ក្នុងនោះលេខ ១ ល្អ ចំណែកលេខ ៥ មិនល្អ ដោយផ្អែកលើសមត្ថភាពរកឃើញវត្ថុរបស់ភ្នែក។
ប្រសិនបើអ្នកទទួលបាន ៥ ពិន្ទុ នោះអាចជាសញ្ញាដំបូងនៃជំងឺដក់ទឹកក្នុងភ្នែក យើងសូមណែនាំឱ្យអ្នកពិគ្រោះជាមួយអ្នកជំនាញ។ ជំងឺដក់ទឹកក្នុងភ្នែកគឺជាការខូចខាតដល់សរសៃប្រសាទអុបទិក ដែលចាប់ផ្តើមដោយរោគសញ្ញាស្រាល ប៉ុន្តែកាន់តែអាក្រក់ទៅៗ ប្រសិនបើមិនត្រូវបានរកឃើញទាន់ពេល។ អាក្រក់ជាងនេះទៅទៀត នេះជាមូលហេតុចម្បងធ្វើអោយពិការភ្នែកនៅប្រទេសជប៉ុន ភាគច្រើនដោយសារមិនរកឃើញជំងឺទាន់ពេលសម្រាប់ព្យាបាល។
សាស្ត្រាចារ្យ Toru Nakazawa ដែលបានជួយបង្កើតហ្គេមនេះនិយាយថា “ជំងឺដក់ទឹកក្នុងភ្នែកជាជំងឺពិបាកមើលដឹងណាស់។ មនុស្សប្រមាណ ៤,៦៥ លាននាក់មានជំងឺនៅជប៉ុន ប៉ុន្តែ ៩០% មិនទៅមន្ទីរពេទ្យ” ។
សាស្ត្រាចារ្យបានបន្ថែមថា “ប្រសិនបើជំងឺនេះត្រូវបានរកឃើញក្នុងដំណាក់កាលដំបូង ការព្យាបាលនឹងមានប្រសិទ្ធភាពជាង ហើយភាគច្រើនមិនធ្វើឱ្យងងឹតភ្នែកនោះទេ។ នៅពេលដែលអ្នកកត់សម្គាល់ឃើញជំងឺ ពេលនោះច្រើនតែយឺតពេល” ។
ក្រៅពីអត្ថប្រយោជន៍ផ្នែកវេជ្ជសាស្រ្ត Meteor Blaster ក៏ជួយកាត់បន្ថយការមាក់ងាយចំពោះវីដេអូហ្គេមដែលគ្រោះថ្នាក់ដល់ភ្នែកផងដែរ។ ចំណុចនេះមិនមែនលើកទឹកចិត្តអោយលេងហ្គេមនោះទេ ប៉ុន្តែជាការលើកទឹកចិត្តដល់ការអភិវឌ្ឍ Game ក្នុងទិសដៅល្អសម្រាប់សុខភាព ជាពិសេសសម្រាប់ភ្នែក។
សាកល្បងលេង៖ http://syk.brain-drive-app.jp/main/index.html
Sacchan