គូស្វាមីភរិយាជនជាតិជប៉ុនលែងលះគ្នា ៣ ឆ្នាំម្តងដោយសារច្បាប់ចែកនាមត្រកូលក្រោយពេលរៀបការ
ជារៀងរាល់ ៣ ឆ្នាំ គូស្វាមីភរិយាជនជាតិជប៉ុនលែងលះគ្នាម្តង ដោយសារច្បាប់ចែកនាមត្រកូលក្រោយពេលរៀបការ។
មុនពេលរៀបការ ប្តីប្រពន្ធរស់នៅជាយក្រុង Hachioji ភាគខាងលិច Tokyo ធ្លាប់ខ្វែងគំនិតគ្នាចំពោះបញ្ហាប្តូរនាមត្រកូលក្រោយពេលរៀបការជាច្រើនដង។
ច្បាប់ជប៉ុនចែងថា គូស្វាមីភរិយាគ្រប់រូបត្រូវឯកភាពប្រើនាមត្រកូលតែមួយបន្ទាប់ពីរៀបការជាមួយគ្នា។
ដើម្បីដោះស្រាយបញ្ហាខាងលើ គូស្វាមីភរិយាវ័យ ៣២ ឆ្នាំដំណាលគ្នាបានសម្រេចចិត្តលែងលះ និងរៀបការឡើងវិញរៀងរាល់ ៣ ឆ្នាំម្តង បន្ទាប់ពីបុរសជាប្តីធ្លាប់ឮរឿងប្ដីប្រពន្ធមួយគូប្តូរនាមត្រកូលរាល់ ៣ ឆ្នាំម្តងនៅកន្លែងធ្វើការ។
នៅឆ្នាំ ២០១៦ អ្នកទាំងពីររៀបការ ហើយបានសម្រេចចិត្តប្រើនាមត្រកូលរបស់ប្រពន្ធរយៈពេល ៣ ឆ្នាំដំបូង។
រូបភាព Mainichi
កាលពីខែកក្កដាកន្លងទៅនេះ ពួកគេបានដាក់ពាក្យលែងលះ និងចុះឈ្មោះរៀបការឡើងវិញ។ លើកនេះអ្នកទាំងពីរប្តូរទៅប្រើនាមត្រកូលប្តីវិញម្តង។
ចំពោះគូស្វាមីភរិយាជនជាតិជប៉ុន រឿងលែងលះគ្នាហើយរៀបការឡើងវិញ ជារឿងដែលស្មុគស្មាញ។ ប៉ុន្តែពួកគេត្រូវបង្ខំចិត្តធ្វើដូច្នេះ ព្រោះមិនអាចបំពានច្បាប់។
បច្ចុប្បន្នប្តីប្រពន្ធមួយគូនេះកំពុងពិចារណាទៅរៀបការនៅក្រៅប្រទេស បន្ទាប់ពីបានដឹងអំពីសេចក្តីសម្រេចរបស់តុលាការក្រុងតូក្យូកាលពីជាង ២០ ឆ្នាំមុន ទាក់ទងនឹងអាពាហ៍ពិពាហ៍របស់អ្នកដឹកនាំរឿង Kazuhiro Soda និងភរិយា Kiyoko Kashiwagi ។
ក្នុងឆ្នាំ ១៩៩៧ លោក Soda និងភរិយាបានរៀបការនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក)។ ឆ្នាំ ២០១៨ ពួកគេបានដាក់ពាក្យសុំរៀបការក្រោមនាមត្រកូលរៀងខ្លួនទៅកាន់ការិយាល័យខណ្ឌ Chiyoda ទីក្រុងតូក្យូ ប៉ុន្តែ្តត្រូវបដិសេធ។
ទោះជាយ៉ាងណា កាលពីខែមេសា ឆ្នាំ ២០២១ តុលាការក្រុងតូក្យូចេញសេចក្តីសម្រេចទទួលស្គាល់ស្ថានភាពអាពាហ៍ពិពាហ៍របស់ពួកគេនៅប្រទេសជប៉ុន។ នេះក៏ជាករណីទីមួយដែលប្ដីប្រពន្ធរៀបការនៅបរទេសប្រើនាមត្រកូលដើមត្រូវបានទទួលស្គាល់នៅជប៉ុន។
ប្រភព៖ Skydoor