កាត់ទោសឱ្យជាប់ពន្ធនាគារ ២០ ឆ្នាំពីបទបំពានផ្លូវភេទកុមារាចំនួន ២០ នាក់នៅជប៉ុន

កាលពីថ្ងៃទី ៣០ ខែសីហា បើតាមសារព័ត៌មាន Kyodo News បានឱ្យដឹងថា តុលានៅប្រទេសជប៉ុនបានកាត់ទោសអ្នកមើលថែក្មេងអាយុ ៣១ ឆ្នាំពីបទប្រព្រឹត្តអំពើស្មោគគ្រោក និងបំពានផ្លូវភេទចំពោះកុមារាអាយុ​ពី ៥ ដល់ ១១ ឆ្នាំ។

គ្រូបង្រៀនមត្តេយ្យដែលមានអាជ្ញាប័ណ្ណម្នាក់ឈ្មោះ Akinori Hashimoto ស្គាល់ជនរងគ្រោះមួយចំនួនដោយ​សារចុះឈ្មោះលើកម្មវិធីណែនាំអ្នកមើលថែកុមារ និងគ្រួសារដែលមានកូនតូច។ ករណី​នេះ​បង្ហាញ​​ពី​ការ​លំបាក​ក្នុង​ការ​​បំបាត់​​អំ​ពើ​​អនាចារ​ចេញ​ពី​សេវាកម្មមើលថែកុមារ​នៅ​ប្រទេស​ជប៉ុន។

ព្រះរាជអាជ្ញាបានស្នើឱ្យតុលាការក្រុងតូក្យូកាត់ទោស Hashimoto ឱ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ ខណៈដែលមេធាវីការ​ពារ​ក្តី​បាន​អះ​អាង​ថា​កម្រិត​ពិន័យ​ ១០ ឆ្នាំ។

ប្រធានចៅក្រម Masanori Kodama បានអោយដឹង សេចក្តីសម្រេចបានពិចារណាលើការប្រើប្រាស់តួនាទីដែលគួរ​ឱ្យ​ទុក​ចិត្ត​របស់ Hashimoto ដើម្បី​ប្រព្រឹត្ត​​បទ​ល្មើសជា​បន្តបន្ទាប់​រយៈពេល ៤ ឆ្នាំ ៤ ខែ។

ចៅក្រម Kodama ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មានរបស់​ជន​រងគ្រោះ។ ចំនួនកុមារ និង​អ្នក​ពាក់​ព័ន្ធក្នុងសំណុំរឿងនេះច្រើន​គួរ​អោយកត់សម្គាល់ ដូច្នេះវាត្រូវគេចាត់ទុកជាករណីធ្ងន់ធ្ងរ។

យោងតាមការចោទប្រកាន់ លោក Hashimoto បានប្រព្រឹត្តបទល្មើសចន្លោះពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ នៅតាមតំបន់នានារួមមានទីក្រុងតូក្យូ ខេត្តជិតនោះ Ibaraki, Shizuoka, Yamanashi និង Hiroshima ភាគខាងលិចប្រទេសជប៉ុន។ ក្រៅពីកន្លែងថែទាំកុមារ ស្ថានភាពរំលោភបំពានក៏កើតឡើងនៅកន្លែងថែទាំផ្សេងទៀតផងដែរ។

ព្រះរាជអាជ្ញាបានអោយដឹងថាសកម្មភាព “គួរឱ្យស្អប់ខ្ពើមបំផុត” របស់ Hashimoto ក្នុងនាមជាគ្រូបង្រៀនមត្តេយ្យ​ដែល​មាន​អាជ្ញា​ប័ណ្ណ “បានធ្វើឱ្យប៉ះពាល់ទំនុកចិត្តសាធារណជនយ៉ាងធ្ងន់ធ្ងរ” ចំពោះវិជ្ជាជីវៈនេះ។

ទន្ទឹមនឹងនេះ មេធាវីការពារក្តីបានអះអាងថា ទង្វើរបស់ Hashimoto ដែលត្រូវបានរៀបរាប់លម្អិតក្នុងការចោទប្រកាន់គឺ “មានទំនាក់ទំនងរាងកាយជិតស្និទ្ធ” មិនបង្កជាបទល្មើសនោះទេ។ ពួកគេ​ក៏​និយាយ​ដែរ​ថា “ឳកាស​ជន​ល្មើស​​ប្រព្រឹត្ត​​ឡើង​វិញ” ទាប។

ក្នុងសេចក្តីប្រកាសចុងក្រោយមុន​ពេលតុលាការកាត់ទោស Hashimoto បាននិយាយថាខ្លួនកំពុង “សញ្ជឹងគិតអំពី​រឿង​ដែល​មិន​អាចផ្លាស់ប្តូរដែលខ្ញុំបានធ្វើ” ។ មុននោះបុគ្គលម្នាក់នេះធ្លាប់ប្រាប់តុលាការថា “ខ្លួននឹងមិនមាន​ទំនាក់​ទំនង​ជា​មួយ​កុមារនាពេលអនាគត” ទេ។

នៅប្រទេសជប៉ុន ការផ្តល់អាជ្ញាបណ្ណដល់គ្រូបង្រៀន និងអ្នកមើលថែកុមារត្រូវបានត្រួតពិនិត្យដោយក្រសួងខុសៗគ្នា ដែលធ្វើឱ្យអាជ្ញាធរមានការលំបាកក្នុងការរារាំងបុគ្គលដែលមានកំណត់ត្រាបទល្មើសផ្លូវភេទផ្លាស់ប្តូរមុខ​របរ​ដែល​ពាក់​ព័ន្ធ​នឹង​កុមារ។

កាលពីខែកុម្ភៈ មន្ត្រីរដ្ឋាភិបាលបានអោយដឹងជប៉ុនកំពុងពិចារណាស្នើអ្នកដែលចង់បានការងារថែទាំ ឬអប់រំកុមារ​ត្រូវ​បញ្ជាក់​ថា​ពួក​គេ​មិន​ដែល​បាន​ប្រព្រឹត្តបទល្មើសផ្លូវភេទ។

មាតាបិតាទទួលយកសំណើនេះ ប៉ុន្តែធ្វើអោយអ្នកជំនាញមានការព្រួយបារម្ភ។

Hisashi Sonoda សាស្រ្តាចារ្យទទួលបន្ទុកផ្នែកច្បាប់ព្រហ្មទណ្ឌនៅសាកលវិទ្យាល័យ Konan បានលើកឡើងពីបញ្ហាដូចជា ហានិភ័យលេចធ្លាយព័ត៌មានប្រវត្តិបទល្មើសផ្លូវភេទរបស់នរណាម្នាក់ និងភាពមិនច្បាស់លាស់នៃនិយម​ន័យ​បទ​ល្មើស​ផ្លូវ​ភេទ​ត្រូវ​បាន​លើក​ឡើងក្នុងប្រព័ន្ធ។

លោក Sonoda បាននិយាយថា “​ប្រព័ន្ធ​នេះ​អាច​ធ្វើ​ឱ្យ​ជនដែលប្រព្រឹត្តក្លាយជាបុគ្គលដែល​សង្គម​ស្អប់ខ្ពើម” ។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: