“ម៉ាក់ កូនចង់ស្លាប់” ក្មេងស្រីម្នាក់ត្រូវធ្វើបាប​រហូត​ដល់​ថ្នាក់​ចង់ស្លាប់ សំណួរសួរថា តើ​ទំនួល​ខុសត្រូវស្ថិត​លើ​អ្នក​ណា?

កាលពីខែមីនាឆ្នាំ ២០២១ ក្មេងស្រី​ម្នាក់​ឈ្មោះ Saaya Hirose អាយុ ១៤ ឆ្នាំ ត្រូវគេប្រទះឃើញថា កកស្លាប់​ក្រោម​អាកាស​​​ធាតុ​​ត្រជាក់​​ខ្លាំង​នៅ Asahikawa, Hokkaido ។

នៅ Asahikawa នាខែមីនាត្រជាក់ខ្លាំងណាស់ ហើយ​នៅ​ថ្ងៃ​កើតហេតុសីតុណ្ហភាព​ក្រោម​ ១៧ អង្សា​។ ក្រោមអាកាសធាតុត្រជាក់បែបនេះ Saaya Hirose រត់ចេញពីផ្ទះ ហើយបាត់ខ្លួន។ ព្រោះតែក្មេងស្រីត្រូវព្រិលគ្របដណ្តប់ ដូច្នេះដំណើរការ​ស្វែង​រក​មានភាពយឺតយ៉ាវ។ រហូត ១០ ថ្ងៃក្រោយមកទើបក្រុមជួយសង្គ្រោះបានរកឃើញសាកសពរបស់ប្អូន។

ប្អូនស្រី Saaya Hirose ចុះឈ្មោះចូលរៀនវិទ្យាល័យក្នុងស្រុកកាលពីខែមីនា ឆ្នាំ ២០១៩ ។ 

ដោយសារតំបន់ខុសគ្នា ដូច្នេះ​មិត្ត​រួម​ថ្នាក់កាលបឋម​សិក្សាត្រឹម​ប៉ុន្មាននាក់​ចូល​រៀន​មធ្យម​សិក្សាជាមួយប្អូនប៉ុណ្ណោះ។ នៅ​ជុំវិញ​ក្មេងស្រីសុទ្ធតែមនុស្សប្លែកមុខ Saaya មិនអាចសម្របនឹង​បរិយាកាស​ក្នុង​ថ្នាក់​ឡើយ។

បន្ទាប់ពីបញ្ចប់ម៉ោងរៀន Saaya ជាក្មេងស្រីម៉ឺងម៉ាត់ម្នាក់ ច្រើនតែអង្គុយនៅសួនច្បាររៀន ឬ​អាន​សៀវភៅ​រហូត​​ដល់​​ពេល​​ចូល​​រៀន​​បន្ថែម។ នៅទីនោះប្អូនជួបមិត្ត A ម្នាក់ (ភេទស្រី) អាយុធំជាងប្អូន ២ ឆ្នាំ។

ដើមឡើយ Saaya និង A និយាយគ្នាចុះសម្រុង ប៉ុន្តែមិត្តរបស់ A គឺ B និង C (សុទ្ធតែជាប្រុស) មិនចូលរួមជជែកគ្នា​ទេ។ នៅពេលយប់ ម្នាក់ៗទៅផ្ទះរៀងខ្លួន ប៉ុន្តែការជជែកគ្នានៅតែបន្តតាមរយៈ boxchat ក្នុងហ្គេមអនឡាញ។ អំឡុង​ពេល​លេង​ហ្គេម រឿងមិនសមរម្យកើនឡើងជាលំដាប់ ខណៈពេលនោះ Saaya ចាប់ផ្តើមត្រូវ ៣ នាក់នោះធ្វើ​បាប។

យូរទៅស្នាមញញឹម​លើមុខប្អូនរលាយបាត់បន្តិចម្តងៗ ហើយប្អូនស្រាប់តែនិយាយប្រាប់ម្តាយថា “ម៉ាក់ កូនចង់ស្លាប់​… កូន​ស្អប់​គ្រប់​យ៉ាង” ។

នៅពេលនោះ Saaya រត់ចេញពីផ្ទះទាំងកណ្តាលយប់។ ទោះបីជាម្តាយប្អូនព្យាយាមរារាំង ប៉ុន្តែប្អូនស្រីភ័យ​ស្លន់ស្លោយ៉ាង​ខ្លាំង។

“គេកំពុងតែហៅកូន កូនត្រូវតែទៅ” ។

បើទោះជាត្រូវឪពុកម្តាយបង្ខំឱ្យនៅផ្ទះ ប៉ុន្តែស្ថានភាពស្មារតីរបស់ Saaya មិននឹងនរនោះទេ។

បន្ទាប់ពីសួរនាំរកមូលហេតុ​ Saaya អោយម្តាយមើលសារដែល C បានផ្ញើអោយប្អូន ជាមួយនឹងខ្លឹមសារ៖

ផ្ញើវីដេអូអាក្រាតមក រូបភាពក៏បាន

បើមិនដូច្នោះទេ ខ្ញុំនឹងធ្វើដោយមិនប្រើស្រោមអនាម័យ។

Saaya បានបដិសេធជាច្រើនដង ប៉ុន្តែ​ដោយ​សារ C គំរាម​ប្រើអំពើហិង្សា ដូច្នេះទើបស្តាប់តាម និងផ្ញើរូបភាពទៅអោយ​ម្នាក់​នោះ។

ចាប់ពីពេលនោះ A និង B ក៏បានចូលរួម ហើយកម្រិតនៃការសម្លុតធ្វើបាបកាន់តែខ្លាំងឡើង។

ម្តាយរបស់ Saaya បានរាយការណ៍ពីហេតុការណ៍នេះទៅកាន់គ្រូបន្ទុកថ្នាក់របស់ប្អូន ប៉ុន្តែ​គ្រូ​គិត​ថា​ មិន​មានករណីសម្លុតធ្វើបាប ដូច្នេះមិនបានធ្វើអ្វីទាំងអស់។ ខណៈពេលនោះ រូបថតអាក្រាតកាយរបស់ Saaya ត្រូវបានចែក​រំលែក​ទូទាំង​សាលា ចំណែកកម្រិតការគំរាមកំហែងកាន់តែច្រើនឡើង។

ទ្រាំមិនបាននឹងការសម្លុតនេះ មានម្តងអំឡុងពេលត្រូវឡោម​ព័ទ្ធដោយជនអាក្រក់ Saaya ស្ទុះលោតចូលទន្លេដែលមានកម្ពស់ ​៤ ​ម៉ែត្រធ្វើអត្តឃាត ប៉ុន្តែត្រូវបានជួយសង្គ្រោះ។ ម្តាយរបស់ Saaya មកដល់សាលា ហើយឃើញកូនរបស់ខ្លួន​ទទឹកជោក និយាយ​ដដែលៗ​ថា “ទុកអោយខ្ញុំស្លាប់” ។

ពេលប្អូនលោតចុះ ពួកនោះមិនបានមកជួយសង្គ្រោះភ្លាមៗទេ ប៉ុន្តែថតរូប និងវីដេអូដោយប្រើទូរស័ព្ទ។ សំណាងល្អ Saaya មិន​រង​របួស​ធ្ងន់ ចំណែកមេខ្លោង​នៅ​តែ​មិន​អស់ចិត្ត។ ពួកគេបានក្លែងបន្លំប្រាប់ប៉ូលិសថា “Saaya ត្រូវម្តាយវាយធ្វើបាប ឈឺចាប់ពេកទើបលោតទឹកសម្លាប់ខ្លួន” ។

អាក្រក់ជាងនេះទៅទៀត ប៉ូលិសជឿលើសក្ខីកម្មនេះ ហើយមិនអនុញ្ញាតអោយអ្នកស្រីមើលថែកូន។ លុះក្រោយ​មក​ទើប​​គេ​​រក​​ឃើញ​​ថា ​​គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ បានជាពួកគេបង្វែរការសង្ស័យទៅលើយុវជននោះ។

ប៉ូលិសបានរកឃើញវីដេអូ និងរូបថតរបស់ Saaya ក្នុង​ទូរស័ព្ទ​របស់​យុវជនទាំងនោះ ហើយបញ្ជាក់​ថា ជន​រង​គ្រោះ​ត្រូវ​​​ធ្វើ​​បាប។ ទោះជាយ៉ាងណា នៅប្រទសជប៉ុនមានច្បាប់ការពារអនីតិជន ដូច្នេះជនល្មើសមិនត្រូវបានផ្តន្ទាទោសទេ។ ក្រុម​យុវជន​ដូច​ជា​មិនស្តាយ​ក្រោយ​ឡើយ បន្ត​ផ្សព្វផ្សាយ​វីដេអូ និង​រូបភាព។ 

ក្រោយករណីខាងលើ Saaya ត្រូវបានបញ្ជូនទៅសាលាផ្សេងទៀត ប៉ុន្តែ​ដោយសារ​មាន​ការ​តក់ស្លុត​ផ្លូវចិត្ត​ខ្លាំង ប្អូនមិន​អាច​ទៅ​សាលា​បាន។

មួយឆ្នាំក្រោយ…

Saaya រត់ចេញពីផ្ទះ ១០ ថ្ងៃក្រោយមក ប្អូនត្រូវគេប្រទះឃើញកកស្លាប់ក្នុងព្រិល។

តើនរណាជាអ្នកបង្ខំឲ្យ Saaya ទាល់ច្រកបែបនេះ? ប្រាកដណាស់ យុវជន​ទាំង​នោះ​ត្រូវទទួលខុសត្រូវធំបំផុត។

ចុះចំណែកសាលា និងប៉ូលិសវិញ?

ប្រសិនបើមនុស្សធំធ្វើអ្វីម្យ៉ាងខុស Saaya អាចនឹងត្រូវបានជួយសង្គ្រោះ។

ម្យ៉ាងវិញទៀត តើច្បាប់ការពារអនីតិជនបានអត់ឱនឱ្យក្មេងៗដែលមានចិត្តអាក្រក់ទាំងនោះឬ? 

បុគ្គល A ក្នុងបទ​សម្ភាស​បន្ទាប់ពីហេតុការណ៍​ខាងលើ មិនបង្ហាញ​ថា​គ្មាន​វិប្បដិសារីនោះទេ។ ម្នាក់នេះនិយាយ​ថា​​មិន​គិត​អ្វី​ទាំង​អស់​ពេល​ដឹង Saaya បានទទួលមរណៈភាព ហើយ​ក៏​បាន​បញ្ជាក់​ថា មិន​បាន​គំរាម​កំហែង ឬ​បង្ខិត​បង្ខំ​​នាង​នោះ​ទេ។

តើច្បាប់របស់យើងគួរតែការពារ​មនុស្ស​បែប​នេះដែរ​ទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: