តារា​សម្ដែងប្រុសជនជាតិជប៉ុនសុំទោស​ចំពោះទង្វើបៀត​បៀន​​ផ្លូវ​ភេទ​បុគ្គលិក​សណ្ឋាគារ

តារា​សម្ដែងប្រុសលោក​ Teruyuki Kagawa ដែលល្បីឈ្មោះនៅជប៉ុន ​ចេញ​មុខ​សុំទោស​ចំពោះករណីបៀតបៀន​ផ្លូវ​ភេទ​បុគ្គលិក​ម្នាក់។

កាលពីថ្ងៃទី ២៤ ខែសីហា គេហទំព័រ Daily Shincho លាតត្រដាងរឿងអាស្រូវដែលកើតឡើងក្នុងឆ្នាំ ២០១៩ ។ យោងតាមប្រភពព័ត៌មានបានអោយដឹង នៅពេលនោះលោក Teruyuki Kagawa ស្ទុះទៅថើបបុគ្គលិកសណ្ឋាគារ ដោះ​ខោវ​អាវ​ក្នុង​របស់​នាង​មិនខ្វល់ពីការជំទាស់។ ហេតុការណ៍​ធ្វើអោយនារីម្នាក់នោះមាន​ជំងឺ​ស្ត្រេ​ស​ក្រោយ​ប៉ះទង្គិច​ផ្លូវចិត្ត រហូតមកទល់ពេលនេះមិន​ទាន់​ជាសះស្បើយនៅឡើយ។ សាក្សី​ម្នាក់​បាននិយាយថាថ្ងៃនោះលោក Teruyuki Kagawa មិន​ស្រវឹង​ទេ ប៉ុន្តែ​អាកប្បកិរិយាខ្វះម្ចាស់ការ។ ជនរង​គ្រោះ​ធ្លាប់​ប្ដឹង​តារា​សម្ដែង​រូប​នេះ​ ប៉ុន្តែ​កាល​ពី​ឆ្នាំ​មុន​​នាង​​បាន​​ដក​​ពាក្យ​បណ្ដឹង​វិញ។

នៅថ្ងៃទី ២៥ ខែសីហា ក្រុមហ៊ុនគ្រប់គ្រងរបស់លោក Teruyuki Kagawa បានទទួលស្គាល់ហេតុការណ៍នេះ ដោយបានអោយដឹងថា តារាសម្តែងមានការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ខ្លូនធ្វើដាក់បុគ្គលិកស្រី។ លោកបានសុំទោសនារីម្នាក់នោះ បន្ទាប់មកក្នុងកម្មវិធីផ្សាយបន្តផ្ទាល់មួយ លោក Teruyuki Kagawa សុំទោសទស្សនិកជនចំពោះ​រឿង​អាស្រូវ​នេះ។

លោក Teruyuki Kagawa កើតនៅឆ្នាំ ១៩៥៦ ឪពុកម្តាយសុទ្ធតែជាតារាសម្តែង។ គាត់ចូលប្រឡូកវិស័យភាពយន្តក្នុងឆ្នាំ ១៩៨៨ ដែលល្បី​តាម​រយៈ Rampo, Dog Race, John Rabe ។ល។ តារាសម្តែងរូបនេះធ្លាប់យកឈ្នះរង្វាន់ជាច្រើនក្នុងការសម្តែង ក្នុងនោះមានរង្វាន់តារាសម្តែងប្រុសឆ្នើមមហោស្រពភាពយន្តអន្តរជាតិតូក្យូ ២០០៣ ដោយ​សារ​ភាព​យន្ត Nuan (កែសម្រួលរឿងខ្លី Mo Yan) ។ នៅឆ្នាំ ២០១០ លោក Teruyuki Kagawa យកឈ្នះរង្វាន់តារាសម្តែង​រង​ឆ្នើម​នៅ Japan Academy Prize ដោយសារភាពយន្ត Mt. Tsurugidake ។

លោក Teruyuki Kagawa ធ្លាប់​រៀបការ​ជាមួយ​នារី​ម្នាក់​មិនធ្វើការក្នុងវិស័យសិល្បៈ មាន​កូន​ពីរ​នាក់ ប្រុស​ម្នាក់​ ស្រីម្នាក់ ប្តីប្រពន្ធនេះបានលែងលះគ្នានៅឆ្នាំ ២០១៦ ។ បើតាម Ettoday មិត្តភក្តិរបស់តារាសម្តែងរូបនេះបានអោយដឹង​​ថា​​ឪពុក​​ម្តាយ​របស់​លោក Teruyuki Kagawa លែងលះគ្នាតាំងពីគាត់នៅក្មេង។ តារា​សម្ដែងមិនចង់អោយកូនមាន​អារម្មណ៍​​ដូច​​គាត់​ឡើយ ដូច្នេះ​ហើយ ការ​លែង​លះ​ជាការសម្រេចចិត្តយ៉ាងឈឺចាប់សម្រាប់តារាសម្តែង។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: