ប្រធានប៉ូលិសជាតិជប៉ុនសុំលាលែងពីតំណែងបន្ទាប់ពីករណីអតីតនាយករដ្ឋមន្ត្រី Abe ត្រូវបាញ់សម្លាប់
ប្រធានទីភ្នាក់ងារប៉ូលិសជាតិនៃប្រទេសជប៉ុនកាលពីថ្ងៃទី ២៥ ខែសីហា បានអោយដឹងលោកនឹងលាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះករណីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបាញ់សម្លាប់កាលពីខែមុន។
រូបភាព៖ NIKKEI ASIA
ថ្នាក់ដឹកនាំទីភ្នាក់ងារប៉ូលិសជាតិលោក Itaru Nakamura ថ្លែងក្នុងសន្និសីទសារព័ត៌មានទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍ថា “មានភាពខ្វះខាតក្នុងផែនការសន្តិសុខ ការវាយតម្លៃហានិភ័យ និងខ្វះខាតការណែនាំពីមេបញ្ជាការនៅកន្លែងកើតហេតុ” ចំពោះកំហុសការពារអតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe ។
លោក Nakamura បានបន្ថែមថា “បន្ទាប់ពីយើងបានពិនិត្យករណីនេះយ៉ាងល្អិតល្អន់ យើងសម្រេចចិត្តចាប់ផ្តើមឡើងវិញ និងកែលម្អប្រព័ន្ធសុវត្ថិភាពរបស់ខ្លួន” ។
លោក Nakamura យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនួលខុសត្រូវរបស់ខ្លួនក្នុងករណីធ្វើឃាតអតីតនាយករដ្ឋមន្ត្រី Abe ។ លោកបានដាក់ពាក្យលាលែងពីតំណែងទៅអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី ២៥ ខែសីហា។
កងកម្លាំងដែលទទួលបន្ទុកការពារសន្តិសុខក្នុងអំឡុងពេលព្រឹត្តិការណ៍ត្រូវគេចាត់ទុកថាមិនបំពេញតួនាទីអោយល្អ។
ក្រោយមរណភាពរបស់អតីតនាយករដ្ឋមន្ត្រី Abe មេប៉ូលិសខេត្ត Nara លោក Tomoaki Onizuka ក៏បានទទួលខុសត្រូវចំពោះសន្តិសុខនៃព្រឹត្តិការណ៍ផងដែរ។
លោក Tomoaki Onizuka ប្រធានកងកម្លាំងប៉ូលិសខេត្ត Nara នៅភាគខាងលិចប្រទេសជប៉ុនបានទទួលស្គាល់ថា “ខ្ញុំជឿថាវិធានការការពារ និងសុវត្ថិភាពសម្រាប់អតីតនាយករដ្ឋមន្ត្រី Abe មានចំណុចខ្វះខាតដែលមិនអាចបដិសេធបាន” ។
ប្រភព៖ Skydoor