ជនភៀសខ្លួនអ៊ុយក្រែនជំនះឧបសគ្គភាសា មាន​​​ភាព​រីក​រាយ​ពេល​ធ្វើការនៅ Don Quijote

រយៈពេល ៦ ខែមកហើយបន្ទាប់ពីព្រឹត្តិការណ៍ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ កំឡុងពេលកន្លះឆ្នាំមកនេះ ចំនួន​ជន​ភៀស​ខ្លួន​នៅ​តែ​បន្ត​កើន​ឡើង។

ជនភៀសខ្លួនអ៊ុយក្រែនជាច្រើននាក់បានអោយដឹងថា “ខ្ញុំបាត់បង់គ្រប់យ៉ាង ផ្ទះរបស់ខ្ញុំ និងអ្វីៗទាំងអស់។ ខ្ញុំគ្មាន​​កន្លែង​​​រស់​​នៅ” ។

ប្រជាជនអ៊ុយក្រែនជាង ១១,១៥ លាននាក់ត្រូវ​ជម្លៀស​ចេញ​គ្រប់​ទីកន្លែង។ អ្នកដែលត្រូវបង្ខំឱ្យចាកចេញពីប្រទេស​​របស់​​ពួក​គេ កុមារភាគច្រើនបាត់បង់អនាគត។ តើអ្នកទាំងនោះកំពុងគិតអ្វី?

ជនភៀសខ្លួនចំនួន ១៧៤០ នាក់នៅប្រទេសជប៉ុន។

ក្នុងនោះមាន IIona អាយុ ២២ ឆ្នាំ និង Ana អាយុ ១៩ ឆ្នាំ រកបានការងារធ្វើនៅហាងបញ្ចុះតម្លៃក្នុងទីក្រុងតូក្យូចាប់​ពី​ខែ​នេះ។ អ្នក​ទាំង​ពីរ​ជា​មិត្ត​នឹង​គ្នា សុទ្ធតែមក​ពី Mikolaiv នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ជា​កន្លែង​ដែល​ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្តផ្ទុះឡើង។ Mikolaiv ជាកន្លែងដែលមានសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងមជ្ឈ​មណ្ឌល​អប់រំជាច្រើនទៀត ហើយធ្លាប់ត្រូវកងទ័ពរុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំជាច្រើនដង។ យោងតាមអភិបាល​ក្រុង Mikolaiv មូលដ្ឋានសាធារណៈប្រមាណ ២៥០ កន្លែងដូចជាសាលារៀន និងមន្ទីរពេទ្យរងការ​ខូច​ខាត​យ៉ាង​ធ្ងន់​​ធ្ងរ។

នារីខាងលើគ្រាន់តែជានិស្សិតធម្មតាប៉ុណ្ណោះ ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ស្រុក​កំណើត ហើយទៅដល់ជប៉ុនកាលពីខែមិថុនា។ បច្ចុប្បន្ននេះ ពួក​គេ​កំពុង​ធ្វើ​ការ​នៅ​ហាង​មួយដោយ​មានជំនួយពី​ក្រុមហ៊ុន​ប្រតិបត្តិការ​របស់ Don Quijote ។

ពួកគេ​ទាំង​ពីរ​នាក់ទទួល​បន្ទុករៀបចំទំនិញ។ ពួកគេ​ទាំង​ពីរ​នាក់មិនចេះនិយាយភាសាជប៉ុនទេ ដូច្នេះពួកគេត្រូវបាន​បុគ្គល​ដែល​ចេះ​ភាសាអង់គ្លេសណែនាំការងារ។

Ilona និយាយថា “អ្វីដែលពិបាកបំផុតគឺចាំឈ្មោះមិត្តរួមការងារ ដោយសារតែឈ្មោះរបស់ពួកគេខុសពីឈ្មោះជន​ជាតិ​អ៊ុយ​ក្រែន” ។

Ana និយាយថា “ខ្ញុំពិតជាដឹងគុណដែលបានធ្វើការនៅទីនេះ។ មិត្តរបស់ខ្ញុំដែលជាជនភៀសខ្លួននៅអឺរ៉ុបសុទ្ធតែគ្មានការងារធ្វើ” ។ គ្រួសារ និងមិត្តភ័ក្តិរបស់ Ana ជម្លៀសទៅនៅកន្លែងផ្សេងៗគ្នា ម្តាយរបស់នាងបច្ចុប្បន្នកំពុងនៅ​ប្រទេស​បារាំង។

បន្ទាប់ពីបញ្ចប់ការងារ ពួកគេទាំងពីរនាក់ចូលរួមថ្នាក់រៀនអនឡាញនៃសាកលវិទ្យាល័យអ៊ុយក្រែន។ ថ្វីត្បិតតែមិន​មាន​ពេល​រៀន​ភាសា​ជប៉ុន អ្នកទាំងពីរដឹងគុណដែលបុគ្គលិកនៅកន្លែងធ្វើការផ្តល់ភាពកក់ក្តៅដល់ពួកគេ។

នៅថ្ងៃទីមួយទៅធ្វើការ មិត្តរួមការងាររបស់ Ilona បានប្រាប់នាងថា “កុំគិតថាទីនេះជាកន្លែងធ្វើការ ចូរចាត់ទុកកន្លែង​នេះ​ជា​គ្រួសារ” ។

ចាប់ពីពេលទទួលបានការងារធ្វើ ខ្ញុំតែង​តែ​សប្បាយ​ចិត្ត។

បច្ចុប្បន្នជនភៀសខ្លួនអ៊ុយក្រែនប្រហែល ២៣ នាក់កំពុងធ្វើការនៅ Don Quixote ។ ពួកគេទទួលបានកន្លែងស្នាក់​នៅ និង​សម្ភារៈ​ប្រើ​ប្រាស់​ប្រចាំថ្ងៃដោយឥតគិតថ្លៃ។

Itsuka Oguri បុគ្គលិក PR នៃ “PPIH” ដែលគ្រប់គ្រងដោយ Don Quijote បានអោយដឹង “យើងសង្ឃឹមថាអាច​ជួយ​អភិវឌ្ឍ​បរិយាកាស​មួយដែលជនភៀសខ្លួនអ៊ុយក្រែនអាចរស់នៅដោយសុវត្ថិភាព និងសន្តិភាព” ។

ពេលសាកសួរអំពីបំណងប្រាថ្នា Ilona ឆ្លើយថា “បន្ទាប់ពីសង្គ្រាមបានបញ្ចប់ ខ្ញុំចង់ត្រឡប់ទៅអ៊ុយក្រែនវិញ។ ខ្ញុំមិន​​ដឹង​​ថា​​អនាគត​​ស្ថាន​ភាព​នឹងទៅជាយ៉ាងណាឡើយ ដូច្នេះខ្ញុំអាចគិតតែថ្ងៃនេះប៉ុណ្ណោះ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: