ភូមិកញ្ជ្រោង Zao Kitsune ជាកន្លែងកំសាន្តមានទេសភាពធម្មជាតិស្រស់ស្អាត
ភូមិ Zao Kitsune ជាជម្រករបស់សត្វកញ្ជ្រោងឆ្លាតវៃ គួរអោយស្រលាញ់ ជាមួយនឹងរោមពណ៌មាសរលោង។
Zao Kitsune ឬគេហៅថា Zao Fox Village ជាកន្លែងពិសេសមួយដែលអាចទៅលេងពេលទៅប្រទេសជប៉ុន។ ភូមិកញ្ជ្រោង Zao ស្ថិតនៅក្នុងភូមិតូចមួយក្បែរទីក្រុង Shiroishi ខេត្ត Miyagi ។ តំបន់ទេសចរណ៍នេះនៅលើភ្នំដ៏ស្ងប់ស្ងាត់មួយ ដាច់ឆ្ងាយពីភាពអ៊ូអរនៅទីក្រុង។ ភូមិនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ រហូតមកដល់ពេលនេះជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍នៅខេត្ត Miyagi ។
ដំបូងឡើយ កន្លែងនេះគ្រាន់តែតំបន់អភិរក្សសម្រាប់សត្វកញ្ជ្រោងប៉ុណ្ណោះ។ រហូតមកដល់សព្វថ្ងៃនេះ ភូមិបានក្លាយជាកន្លែងដើរទស្សនាយ៉ាងពេញនិយម ដែលជាកន្លែងចិញ្ចឹមកញ្ជ្រោងគួរឱ្យស្រឡាញ់រាប់រយក្បាល។
នៅខាងក្នុងភូមិកញ្ជ្រោង Zao Kitsune ត្រូវបានបែងចែកទៅជាតំបន់ខុសៗគ្នា។ កន្លែងទីមួយពេលដើរចូលតាមច្រកទ្វារធំ កញ្ជ្រោងត្រូវមើលថែដូចជាសត្វចិញ្ចឹមនៅក្នុងទ្រុង។ ឆ្លងកាត់កន្លែងនេះ សត្វកញ្ជ្រោងផ្សេងទៀតត្រូវប្រលែងអោយដើរដោយសេរីក្រោមបរិយាកាសធម្មជាតិ។
នៅកន្លែងទាំង ២ នេះ ក្រៅពីសម្លឹងមើលសត្វកញ្ជ្រោងដ៏គួរឱ្យស្រឡាញ់ ភ្ញៀវទេសចរណ៍ថែមទាំងមានឳកាសប្រាស្រ័យទាក់ទង និងអោយចំណីពួកវា។ កញ្ចប់ចំណីត្រូវបានលក់នៅកន្លែងដើរទស្សនា មានតម្លៃចាប់ពី ១០០ យ៉េន។ ប្រសិនបើភ្ញៀវទេសចរណ៍ចង់ចូលកាន់តែជិតជាងនេះ អ្នកអាចចុះឈ្មោះសេវាកម្មថតរូបជាមួយកញ្ជ្រោង។
នៅតំបន់ទាំង ២ ខាងលើមានបទប្បញ្ញត្តិតឹងរ៉ឹងដើម្បីធានាសុវត្ថិភាព ភ្ញៀវពិបាកនឹងចូលទៅជិត ក៏ដូចជាថតរូបជាមួយកញ្ជ្រោង ដូច្នេះសេវាកម្មថតរូបជាមួយកញ្ជ្រោងនេះ ភ្ញៀវទេសចរណ៍អាចឱប ថតរូប និងស្និទ្ធស្នាលជាមួយពួកវា។
ប្រសិនបើនរណាម្នាក់ច្រឡំភូមិកញ្ជ្រោង Zao ជាមួយនឹងទម្រង់សួនសត្វមិនត្រូវនោះទេ។ ព្រោះតែមិនដូចសួនសត្វធម្មតាទេ ភូមិ Zao មានបរិវេណធំទូលាយ។ កន្លែងនេះប្រៀបដូចជាព្រៃធម្មជាតិតូចមួយ សត្វកញ្ជ្រោងអាចរត់លេងដោយសេរី។ នៅពេលធ្វើដំណើរទៅកាន់ប្រទេសជប៉ុន អ្នកមិនត្រឹមតែមានឱកាសប្រលែងជាមួយសត្វកញ្ជ្រោងដ៏គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ថែមទាំងមានឱកាសបានឃើញភូមិកញ្ជ្រោងដ៏ស្រស់ស្អាត និងសន្តិភាពផងដែរ។
ក្នុងបរិវេណភូមិកញ្ជ្រោង Zao Kitsune មានប្រាសាទកញ្ជ្រោងមួយ។ កន្លែងនេះមានបរិយាកាសស្ងប់ស្ងាត់ខុសពីធម្មតា នៅជុំវិញហ៊ុំព័ទ្ធដោយដើមឈើបៃតង ជាមួយនឹងរូបចម្លាក់កញ្ជ្រោង Inari ប្លែកៗជាច្រើននៃវប្បធម៌ជប៉ុន។ នេះជាកន្លែងស័ក្តិសមសម្រាប់ភ្ញៀវទេសចរណ៍ដែលស្រលាញ់ធម្មជាតិ មានឱកាសដើរលេង និងគយគន់ទេសភាពពេលមកដល់ Zao Kitsune ។
ភូមិចាប់ផ្តើមបើកឱ្យភ្ញៀវចូលទស្សនាចាប់ពីម៉ោង ៩ ព្រឹកដល់ម៉ោង ៤ ល្ងាច តម្លៃសំបុត្រ ៧០០ យ៉េន/ម្នាក់។
ប្រភព៖ Skydoor