បាតុភូត “SHIKADAMARI” នៅឧទ្យាន Nara ឆ្នាំ​នេះ​​ប្រែ​​ប្រួល​​មិន​​ដូច​រាល់​ឆ្នាំទេ

រដូវក្តៅនេះ បាតុភូត Shikadamari មានភាពខុសគ្នា។

ជារៀងរាល់រដូវក្តៅ អ្នកនឹងមានឱកាសបានឃើញបាតុភូតមួយដែលមានឈ្មោះថា Shikadamari នៅឧទ្យាន Nara ។ Shikadamari (鹿だまり) ប្រើសម្រាប់ពណ៌នាអំពីទិដ្ឋភាពហ្វូងក្តាន់ប្រមូលផ្តុំគ្នានៅកន្លែងតែមួយ អំឡុងពេលមួយ​ក្នុង​មួយ​ថ្ងៃ។

សកម្មភាពមិនធម្មតានេះបានធ្វើឱ្យអ្នកស្រុកមានការងឿងឆ្ងល់ជាច្រើនឆ្នាំមកហើយ។ សូម្បីតែអង្គការអភិរក្សសត្វ​ក្តាន់ Nara ក៏​មិន​អាច​ផ្តល់ការពន្យល់បានដែរ។

បើ​ធៀប​ទៅនឹង​ឆ្នាំ​មុន បាតុភូត Shikadamari កើតឡើងលឿនជាងមុន។ ជាទូទៅសត្វក្តាន់ប្រមូលផ្តុំគ្នានៅ​លើ​វាល​ស្មៅ​មុខ​សារមន្ទីរ​ជាតិ Nara នាខែកក្កដា និងសីហា។ ប៉ុន្តែប៉ុន្មានឆ្នាំថ្មីៗនេះ បាតុភូតបានចាប់ផ្តើមកើតឡើង​នា​ចុង​​ខែ​​ឧសភា ឬយឺតបំផុតនាពាក់កណ្តាលខែមិថុនា។

នៅឆ្នាំនេះ ក្នុងខែឧសភាថ្ងៃខ្លះសីតុណ្ហភាពជាង ៣០ អង្សាសេ។ ហាក់បីដូចជាសីតុណ្ហភាពអាកាសធាតុប៉ះពាល់ដល់​ទម្លាប់​របស់​សត្វក្តាន់។

នៅវេលាម៉ោង ៦ៈ៣០ នាទីយប់ហ្វូងក្តាន់ចាប់​ផ្តើម​ដេក​សម្ងំលើ​ស្មៅ។ តាម​ការ​ប៉ាន់​ស្មានមានប្រហែល ៦០ ក្បាល​ប្រមូល​​ផ្តុំ​​គ្នា​​នៅ​​កន្លែង​​មួយ។

ទោះជាយ៉ាងណា ចំនួននេះទាបជាងពាក់កណ្តាលបើធៀបនឹងតួលេខជាមធ្យមប្រចាំឆ្នាំ ហើយទាបជាងយ៉ាងខ្លាំង​បើ​ប្រៀប​នឹង​តួលេខ​ស្ថិតិ​កាល​ពីឆ្នាំ ២០១៩ និង ២០២០ ។

រូបភាពនេះថតក្នុងឆ្នាំ ២០១៩ ស្ទើរតែមើលមិនឃើញវាលស្មៅព្រោះតែហ្វូងក្តាន់។

ប៉ុន្តែនៅឆ្នាំនេះ មើលទៅមានកន្លែងទំនេរច្រើន។

ចំនួនធ្លាក់ចុះតាំងពីខែ​កក្កដា ប៉ុន្តែ​រហូត​មក​ដល់​ដើម​ខែ​សីហា ស្ទើរតែមិននៅសល់ឡើយ។ មិនមែនមិនមានក្តាន់​នោះ​ទេ ពួកវាមិនប្រមូលផ្តុំដេកលើវាលស្មៅឡើយ វាដើរទៅមករកសុីស្មៅ។

មូលហេតុ​ប្រហែលមកពីរដូវក្តៅឆ្នាំនេះក្តៅខុសពីធម្មតា ហើយក៏ដោយសារតែចំនួនភ្ញៀវមកលេងឧទ្យានកើនឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីផ្អាកអស់រយៈពេលយូរអំឡុងពេលជំងឺរាតត្បាត។

សរុបទៅ មិនមានការពន្យល់បែបវិទ្យាសាស្ត្រចំពោះការធ្លាក់ចុះនៃបាតុភូត Shikadamari នេះទេ។ ប៉ុន្តែហាក់​ដូច​ជា​​ចំណុច​​ខ្វះ​ខាត​​​ដែល​ភ្ញៀវ​ទេសចរណ៍​មិន​អាច​មើល​ឃើញ Shikadamari ក្នុង​ឆ្នាំ​នេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: