កងកម្លាំងស្ម័គ្រស្លាប់ Kamikaze យុទ្ធនាការអមនុស្សធម៌​សូម្បី​តែ​អ្នក​ផ្តួច​ផ្តើម​ក៏​មិនគាំទ្រ

សង្គ្រាមលោកលើកទី ២ ជាសោកនាដកម្មដ៏ធំសម្រាប់មនុស្សជាតិទាំងអស់ មិនមែនដោយឡែកប្រទេសណាមួយនោះទេ។ ដំបូង​ឡើយ ជប៉ុន​មានប្រៀប​ក្នុង​សមរភូមិ ប៉ុន្តែ​ក្រោយ​មក​បែរជាបរាជ័យ​ដោយសារ​កងកម្លាំង​សម្ព័ន្ធមិត្ត។ ក្នុង​កំឡុង​សង្គ្រាមលោកលើកទី ២ ជប៉ុនដាក់ពង្រាយយុទ្ធសាស្ត្រវាយប្រហារពិសេសដោយប្រើកងកម្លាំងស្ម័គ្រស្លាប់ Kamikaze (Shinpu tokubetsu kougekitai) ប្រថុយស្លាប់យកគ្រាប់បែកទម្លាក់លើនាវាចម្បាំងរបស់សត្រូវ។

តាមការស្រង់ស្ថិតិចំនួនទាហានដែលបានលះបង់ស្លាប់ក្នុងយុទ្ធនាការ Kamikaze ជាមធ្យមមានចំនួន ២៤៩៨ នាក់។

ដោយសារតែយុទ្ធនាការអមនុស្សធម៌នេះ វាត្រូវគេរិះគន់ទូទាំងពិភពលោក ចំណែកជប៉ុនត្រូវគេចាត់ទុក​ជា​ប្រទេស​​ឆ្កួត​​នឹង​សង្គ្រាម សុខចិត្ត​លះ​បង់​ជីវិត​មនុស្ស​​ដោយ​ឥត​ប្រយោជន៍។

យុវជនទាំងនេះជាជនរងគ្រោះនៃក្រុមអ្នកដឹកនាំអសមត្ថភាព ដែលមានទង្វើខុសឆ្គងផ្ទុយនឹងសីល​ធម៌​របស់​មនុស្ស​ក្នុង​នាម​ប្រតិបត្តិការ​យោធា។

ខាង​ក្រោម​នេះ​ជា​ការ​លើក​ឡើង​របស់អ្នកបង្កើតកងកម្លាំង Kamikaze លោក Takijiro Onishi ជាអ្នកដែលបានបន្សល់ទុក​សំបុត្រ​​រួច​ធ្វើ​អត្តឃាត។

ខ្ញុំ​សុំទោស​ដោយ​ស្មោះ​ចំពោះ​កងកម្លាំងវាយ​ប្រហារ​ពិសេស ជាអ្នក​ដែល​ជឿ​លើ​ជ័យ​ជម្នះ​ចុង​ក្រោយព្រមលះ​បង់​ជីវិត។ សូមចាត់ទុកការស្លាប់​របស់​ខ្ញុំ​ដូចជាការ​សុំទោស​ដល់​ពួកគេ និង​ក្រុម​គ្រួសារ​ចំពោះជ័យជម្នះ​ដែល​អ្នក​មិន​អាច​សម្រេច​​បាន។

ក្រៅពីនេះ សូមផ្តាំផ្ញើទៅកាន់យុវជន។
អ្នកទាំងអស់គ្នាជាសម្បត្តិជាតិ។
បន្ទាប់ពីបញ្ចប់សង្គ្រាម ចូរការពារប្រទេសដែលកងកម្លាំងវាយប្រហារពិសេសបានថែរក្សា។
ចូររក្សាជំនឿ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីសេចក្តីសុខរបស់ប្រជាជនជប៉ុន និងសន្តិភាពនៃពិភព​លោក។

លោក Onishi ធ្វើអត្តឃាតតាមទម្រង់វះពោះរាងឈើឆ្កាង។ ជាទូទៅ គេអនុវត្តពិធី Seppuku ដោយវះពោះមួយប្រហោង​ធំ ហេតុអ្វីលោក Onishi សម្រេចចិត្តវះថែមមួយឆ្នូតទៀត?

យ៉ាងណា បញ្ចប់ពិធី Seppuku អ្នកឈរនៅក្បែរនោះត្រូវកាត់ក្បាលអ្នកវះពោះ ដើម្បីបញ្ចប់ភាពឈឺចាប់ទាំងអស់សម្រាប់បុគ្គលនោះ ប៉ុន្តែលោក Onishi បានបដិសេធ ហើយទទួលយកភាពឈឺចាប់​រយៈពេល ១០ ម៉ោង​មុនពេលស្លាប់។

ប្រហែលជាគាត់ធ្វើបែបនេះដើម្បីលុបលាងកំហុសដល់យុវជនដែលបានបាត់បង់ជីវិតដោយសារបញ្ជារបស់គាត់។ ប៉ុន្តែបើគិតដូចនេះ ហេតុ​អ្វីបានជាផ្តើមគំនិតដ៏​អាក្រក់​ដូច្នេះ?

ចំពោះបញ្ហានេះ លោក Onishi មិនបាននិយាយអ្វីបន្ថែមទេ ប៉ុន្តែមនុស្សនៅជុំវិញបាននិយាយថា គាត់ប្រាប់ពីមូល​ហេតុ​ដល់​កូន​សិស្ស​ជិត​ស្និទ្ធ​ម្នាក់។

ជាក់​ស្ដែង​ នៅពេលនោះជប៉ុន​ស្ថិត​ក្នុង​ស្ថានភាព​មិន​អាចយកឈ្នះបានទៀតទេ។ មេដឹកនាំបានចាប់ផ្តើមការចរចា​ជា​មួយ​នឹង​បំណង​ចង់បញ្ចប់សង្រ្គាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ 

យ៉ាងណាជប៉ុន​លែង​មានកម្លាំង​ប្រយុទ្ធតទៅទៀត ហើយបើតាមដំណើរការចរចា លក្ខខណ្ឌដែលបានផ្តល់ឱ្យជប៉ុនមិនអំណោយផលនោះទេ ហើយអាចរឹតបន្តឹងប្រទេសនេះនាពេលអនាគត។

ទោះបីជាមិនច្រើន បើសិនជាអាចវាយលុកសត្រូវបាន អាច​បញ្ចប់​សង្គ្រាមតាមលក្ខខណ្ឌ​អំណោយផល​ខ្លះសម្រាប់ជប៉ុន។

នៅពេលនោះ ប្រសិនបើនិយាយអំពីការចរចាសន្តិភាពនៅទីក្រុងតូក្យូ នឹងត្រូវចាប់សម្លាប់ភ្លាមៗ។ លោក Onishi មិន​ខ្លាច​ស្លាប់​ទេ ប៉ុន្តែ​លោក​ចង់អោយសង្គ្រាម​បញ្ចប់អោយបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ដូច្នេះគាត់ភ្នាល់ចំនួន ២ ចំណុច

ចំណុចទីមួយ៖ ព្រះចៅអធិរាជនឹង​បញ្ឈប់​ការ​ប្រយុទ្ធ​ភ្លាមបន្ទាប់ពីទ្រង់ជ្រាប​អំពី​យុទ្ធនាការ​ដ៏​គួរ​អោយភ័យខ្លាច​ដែល​​​គេ​​ហៅ​ថា Kamikaze ។

ចំណុចទីពីរ៖ មិនថាលទ្ធផលការ​ចរចា​សន្តិភាព​នេះ​ទៅ​ជាយ៉ាងណា ប្រជាជនជប៉ុននាពេលអនាគតនឹងមាន​មោទន​ភាព​ដែល​មាន​យុវជន​ស្ម័គ្រចិត្តលះបង់ជីវិតដើម្បីប្រទេសជាតិ។

លទ្ធផលដូច​យើង​ដឹង​ហើយ​ថា Kamikaze មិនអាចធ្វើអោយចិត្តរបស់អធិរាជប្រែប្រួលបានឡើយ។ ឬថ្នាក់ដឹកនាំនៅជុំវិញអធិរាជមិនបានអនុញ្ញាតឱ្យទ្រង់បញ្ឈប់សង្រ្គាម។

ក្រោយមក Okinawa ត្រូវវាយប្រហារ ហើយបន្ទាប់ពីអាល្លឺម៉ង់ចុះចាញ់​ ទើបជប៉ុនចាប់ផ្តើមគិតដល់រឿងបញ្ចប់ការប្រយុទ្ធ។ ទោះជាយ៉ាងណា យឺតពេលទៅហើយ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុង Nagasaki និង Hiroshima ភាព​អស់​សង្ឃឹម​ឈាន​ដល់កម្រិតកំពូលនៅពេលដែលសហភាពសូវៀតចូលរួមសង្រ្គាម។

សូម្បីតែអ្នកផ្តើមគំនិត Kamikaze នេះក៏មិនគាំទ្រដែរ ចំណែកថ្នាក់ដឹកនាំដឹងតែចេញបញ្ជានៅតំបន់សុវត្ថិភាព។ ដើម្បី​ការ​ពារ​ខ្លួន យុវជន​បាន​ក្លាយ​ជា​ការ​លះ​បង់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: