ស្ត្រីចំណាស់ ២ នាក់នៅរស់រានមានជីវិតបន្ទាប់ពីដើរវង្វេងលើភ្នំរយៈពេល ៩ ថ្ងៃ

ថ្មីៗនេះ ស្រ្តីវ័យ ៦០ ឆ្នាំពីរនាក់ដើរវង្វេង​ក្នុង​អ័ព្ទ​ពេល​ឡើង​ភ្នំ Misen ត្រូវ​បាន​រក​ឃើញ ដោយបញ្ជាក់ពីសុវត្ថិភាពបន្ទាប់​ពី​បាត់​ខ្លួន​ប្រហែល ៩ ថ្ងៃ ពួក​គាត់​មាន​​តែ​​អាហារ​សម្រន់បន្តិចបន្តួចក្នុងកាបូប និងផឹកទឹកជ្រោះ។

ប៉ូលិស​តំបន់​បាន​ប្រកាស​បញ្ចប់​ការ​ជួយ​សង្គ្រោះ​កាលពីថ្ងៃ​ទី ១៤ ខែ​សីហា។ ជនរងគ្រោះទាំង ២ នាក់គ្រាន់តែរបួសស្រាល មិន​មានគ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ឡើយ។ ជនរងគ្រោះ​ទាំង​ ២ នាក់ រួមមាន​ស្ត្រី​អាយុ​ ៦១​ ឆ្នាំ​មក​ពី Nagoya និងស្រ្តីម្នាក់ទៀតអាយុ ៦៩ ឆ្នាំមកពី​ chinomiya, Aichi ។ ពួក​គាត់​ទៅដល់តំបន់ភ្នំ Misen កម្ពស់ ១៨៩៥ ម៉ែត្រ​កាល​ពី​ថ្ងៃ​ទី ៤ ខែសីហា។

ពួកគាត់ទាំងពីរជូនដំណឹងឡើងភ្នំនៅ​ភូមិ Tenkawa ដោយ​គ្រោង​នឹង​ចំណាយ​ពេល​ប្រហែល ២ ថ្ងៃ ១ យប់​នៅ​លើ​ភ្នំ។ សេចក្តី​ជូន​ដំណឹង​បង្ហាញ​ថា ពួកគាត់ឡើងភ្នំនៅ​វេលា​ថ្ងៃ​ត្រង់ទី ​៤ ខែ​សីហា និងស្នាក់នៅផ្ទះសំណាក់មួយ។ លុះថ្ងៃបន្ទាប់ ពួក​គាត់បាន​ចាក​ចេញ​នៅវេលាម៉ោងប្រហែល ​៨ ​ព្រឹក ដោយ​គ្រោង​ស្នាក់​នៅ​ផ្ទះ​សំណាក់​ក្នុង​ភូមិ​នា​យប់​នោះ។ ប៉ុន្តែ​រហូត​ដល់​យប់​ផ្ទះសំណាក់នៅតែមិនឃើញមាននរណាមក ដូច្នេះទើបរាយការណ៍ទៅប៉ូលិសករណីបាត់ខ្លួន។

ប៉ូលិស Nara និងនាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ចាប់ផ្តើមតាមរកកាលពី​ថ្ងៃ​ទី ​៦ ខែសីហា។ ពួក​គេ​បន្ត​ស្វែង​រក​រយៈ​ពេល​ ៥ ​ថ្ងៃ​ ប៉ុន្តែរក​មិន​ឃើញ​តម្រុយអ្វី ដូច្នេះសម្រេចចិត្តផ្អាក។

វេលាម៉ោងប្រហែល ៦ៈ៣០ នាទីយប់ថ្ងៃទី ១៣ ខែសីហា ប៉ូលិសទទួលបានទូរស័ព្ទពីម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរ ដោយ​ប្រាប់​ថា​គាត់​នៅ​ចំហៀង​ភ្នំ។

ប៉ូលិស​បន្ទាប់ពី​កំណត់​ទីតាំង​ច្បាស់លាស់​តាម​ប្រព័ន្ធ GPS បាន​បើក​ការ​ស្វែងរកនៅ​ព្រឹក​ថ្ងៃ​ទី​ ១៤ ខែសីហា។

ប្រហែលម៉ោង ៦ៈ៣០ នាទីព្រឹក ពួកគេរកឃើញជនរងគ្រោះនៅចម្ងាយ ៦ គីឡូម៉ែត្រខាងត្បូងភូមិ Tenkawa និង​ជួយ​សង្គ្រោះ​ដោយ​ឧទ្ធម្ភាគ​ចក្រ។ ប្រហែល ៣ ម៉ោងក្រោយមក ប៉ូលិស​បាន​បន្ត​ស្វែងរកតំបន់​ក្បែរ​នោះ ហើយ​រក​ឃើញ​មនុស្ស​ម្នាក់​ទៀត។ ស្ត្រី​មក​ពី Nagoya បាន​និយាយ​ថា ពួកគាត់ទាំងពីរវង្វេង​ក្នុង​អ័ព្ទ​ពេល​ចុះ​ពី​លើភ្នំ។

ពួក​គាត់បាន​រក​ឃើញ​កន្លែង​ជ្រក ដូច្នេះ​ក៏​សម្រេច​ចិត្ត​នៅ​ទី​នោះ បង្កាត់ភ្លើង និងរង់ចាំជំនួយ។ អ្នកទាំងពីរនៅ​រស់​រាន​មាន​ជីវិត​ពឹង​លើទឹកជ្រោះក្បែរនោះ ញ៉ាំនំ និងសូកូឡាបន្តិចបន្តួចដែលពួកគេយកតាមខ្លួន។ យ៉ាងណាអាហារអស់បន្តិចម្តងៗ ស្រ្តីមកពី Nagoya បន្តធ្វើដំណើរវេលាម៉ោងប្រហែល ៦ៈ៣០ នាទី​ព្រឹក​ថ្ងៃ​ទី ​១៣ ខែសីហា ចំណែក​ម្នាក់​​ទៀត​​មិនបន្តធ្វើដំណើរដោយសារអស់កម្លាំង។ ដោយ​ផ្អែក​លើ​ផែនទី និង​ត្រីវិស័យ​នៅ​លើ​ទូរស័ព្ទ Smart phone គាត់​ឆ្ពោះ​​ទៅ​​ទិស​​ខាង​ជើងដែលជាទីស្នាក់ការ​ភូមិ។

នៅពេលដែលទៅដល់តំបន់មានសញ្ញា អ្នកស្រីហៅទៅកាន់លេខ ១១០ ខណៈថ្មនៅសល់ត្រឹម​ ២០% ។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​បាន​និយាយ​ថា “សំណាង​ណាស់​ដែល​ពួក​គេ​សម្រេចចិត្ត​បំបែកគ្នានៅនាទីចុងក្រោយ។ ប្រសិន​បើ​ពួក​គេ​នៅកន្លែងតែមួយ មិនដឹងថាដល់ពេលណាទើបរកឃើញពួកគេទាំងពីរទេ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: