លោក Harasawa ជាអ្នកដែលបានកែលម្អ និងស្តារឧទ្យានថោកបំផុតនៅប្រទេសជប៉ុនឡើងវិញ
តើអ្នកធ្លាប់បានឮ “ឧទ្យានថោកបំផុតនៅជប៉ុន” ដែរទេ?
ឧទ្យានថោកបំផុតនៅជប៉ុនគឺឧទ្យាន Maebashi Luna នៅទីក្រុង Maebashi ខេត្ត Gunma ប្រទេសជប៉ុន។
នៅឧទ្យាននេះល្បែងកំសាន្តទាំងអស់មានតម្លៃក្រោម ៥០ យ៉េន។ ដើមឡើយឧទ្យាននេះត្រូវបានគ្រប់គ្រងដោយទីក្រុង Maebashi ។
នៅឆ្នាំ ២០០៤ ឧទ្យាននេះត្រូវបានប្រគល់អោយឯកជនគ្រប់គ្រង ប៉ុន្តែយូរៗទៅមនុស្សកាន់តែតិច ហើយស្ថានភាពខាតបង់អូសបន្លាយ។
នៅពេលនោះលោក Harasawa ត្រូវបានតែងតាំងជានាយកឧទ្យាន។
បន្ទាប់ពីឡើងកាន់តំណែងនាយក បុគ្គលម្នាក់នេះបានជំរុញកំណែទម្រង់ ដែលធ្វើអោយចំនួនអ្នកមកលេងឧទ្យានជាង ១៥,០០០ នាក់។
លោក Harasawa អ្នកស្រុក Gunma ។ បន្ទាប់ពីបញ្ចប់វិទ្យាល័យ លោកធ្វើការនៅធនាគារក្នុងស្រុក ប៉ុន្តែគាត់តែងតែបារម្ភពេលឃើញយុវជនចាកចេញបណ្តើរ អាជីវកម្មជាប់គាំង គ្មានភាពបត់បែន។ លោកគិតថា៖
“ខ្ញុំចង់បង្កើតតំបន់មួយដែលយុវជនចង់មករស់នៅ និងធ្វើការ” ។
ហេតុនេះហើយគាត់សម្រេចចិត្តធ្វើជាអ្នកប្រឹក្សាអាជីវកម្ម។ ក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន លោក Harasawa ឈ្នះការដេញថ្លៃគម្រោងគ្រប់គ្រងឧទ្យាននេះ។
ក្នុងបរិបទដែលចំនួនកុមារធ្លាក់ចុះចំណែកមនុស្សចាស់កើនឡើង យុវវ័យមិនចង់មានសេ្នហា បើផ្តោតលើកុមារទាំងស្រុង សួនកំសាន្តមិនអាចកែលម្អបានទេ។ លោក Harasawa បានរកមធ្យោបាយកែប្រែគោលដៅអតិថិជន។
ជាមួយនឹងគំនិតនេះ លោក Harasawa បានសម្រេចចិត្តបើកហាងស្រាពេលយប់ ដោយបង្កើតកន្លែងសម្រាប់មនុស្សធំដើម្បីទាក់ទាញអតិថិជនចម្រុះ។
លោកក៏បានបន្ថែមទម្រង់ថ្មីដូចជាការសម្តែងតាមដងផ្លូវ ឬយានជំនិះពិសេសជាដើម។ ទម្រង់អាជីវកម្មពេលយប់ក៏ត្រូវបានបន្ថែមក្នុងឱកាសបុណ្យធំៗដូចជា Halloween ផងដែរ។
ក្រៅពីនេះ សួនកំសាន្តក៏មានហាងកាហ្វេដែលមានបរិយាកាសការងារសម្រាប់បុគ្គលិកការិយាល័យ ជាមួយនឹងម៉ឺនុយត្រូវបានសិក្សាយ៉ាងល្អ សមនឹងក្លាយជាកន្លែងសម្រាប់មនុស្សមួយចំនួន។ មុខម្ហូបដែលពេញនិយមបំផុតគឺមាន់បំពងតម្លៃ ៣៥០ យ៉េន អាចលក់បានរហូតដល់ ៤៨០ ឈុតក្នុងមួយថ្ងៃ។ ស្រាបៀរ និងបាយពូតក៏ត្រូវបានលក់ជាឈុតជាមួយមាន់បំពងផងដែរ។
ម្យ៉ាងវិញទៀត សួនកំសាន្តក៏ទទួលរៀបចំកម្មវិធីផ្សេងៗដូចជាថ្ងៃខួបកំណើត ដោយមានការផ្តល់ជូនជាច្រើន។ ចាប់ពីអាយុ ៤ ឆ្នាំឡើង ប្អូនៗអាចលេងល្បែងទាំងអស់នៅក្នុងឧទ្យាន ដូច្នេះអំឡុងពេល ១ ខែចាប់ពីថ្ងៃកំណើត ជារៀងរាល់ថ្ងៃប្អូនៗទទួលបានសំបុត្រចូលលេងដោយឥតគិតថ្លៃ។ ឧទាហរណ៍ពេលជិះ Roller Coaster ប្អូននឹងទទួលបានតែមពិសេស ដូច្នេះពិតជាមានតម្លៃណាស់។
វិធីសាស្រ្តនេះមានអត្ថប្រយោជន៍មួយទៀត ពោលគឺប្រមូលទិន្នន័យអតិថិជន។ ដូច្នេះឧទ្យានដឹងអំពីអាយុរបស់អតិថិជន ក៏ដូចជាកន្លែងរស់នៅដើម្បីផ្សាយពាណិជ្ជកម្ម។
លោក Harasawa ជាមនុស្សដែលមានភាពម៉ត់ចត់បំផុត មិនត្រឹមតែពិចារណាគ្រប់ជ្រុងជ្រោយលើកត្តាដែលអាចអភិវឌ្ឍឧទ្យានប៉ុណ្ណោះទេ គាត់ថែមទាំងមើលលើទឹកមុខរបស់អតិថិជនម្នាក់ៗ ដើម្បីវិនិច្ឆ័យកម្រិតនៃការពេញចិត្តរបស់ពួកគេ ស្តាប់យោបល់អតិថិជន និងគិតអំពីវិធានការកែលម្អដោយផ្អែកលើតម្រូវការជាក់ស្តែង។
សព្វថ្ងៃនេះ ខណៈពេលដែលវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើន អ្នកអភិវឌ្ឍន៍អាជីវកម្មចូលចិត្តប្រើកុំព្យូទ័រ។ យ៉ាងណាក៏ដោយ លោក Harasawa នៅតែអោយតម្លៃវិធីសាស្រ្តដើម ហើយបញ្ជាក់សារជាថ្មីនូវតម្លៃនៃការទំនាក់ទំនងផ្ទាល់ និងវាយតម្លៃតាមការមើលឃើញ។
នោះហើយទើបជាអ្នកគ្រប់គ្រងអាជីវកម្មពិតប្រាកដ។
Kengo Abe