នាយករដ្ឋមន្ត្រីជប៉ុនតែងតាំង “បុរសម្នាក់ពាក់អាវពរពោះ” ធ្វើ​ជា​រដ្ឋ​មន្ត្រី​លើក​កម្ពស់អត្រាកំណើត

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានជំនួស​តំណែង​រដ្ឋមន្ត្រី​ស្រី​ទទួល​បន្ទុក​ដោះស្រាយអត្រាកំណើតដែលកំពុងធ្លាក់ចុះដោយមន្ត្រីប្រុសម្នាក់ធ្លាប់ពាក់អាវ “ពរពោះ” ដើម្បីយល់ពីអារម្មណ៍របស់ស្ត្រីមានផ្ទៃពោះ។

បើតាមសារព័ត៌មាន Bloomberg លោក Kishida បានប្តូរតំណែងរដ្ឋមន្ត្រីកាលថ្ងៃទី ១០ ខែសីហា ហើយតែង​តាំង​អតីត​មន្ត្រី​ធនាគារ​ជប៉ុនលោក Ogura Masanobu អាយុ ៤១ ឆ្នាំ ដោយចូលកាន់តំណែងខាងលើពីអតីតសមាជិកបក្សកាន់អំណាចអ្នកស្រី Noda Seiko ។

លោក Ogura បានរៀបការ ប៉ុន្តែមិនទាន់មានកូន ធ្លាប់ពាក់អាវ “ពរពោះ” ក្នុងគម្រោងមួយដែលរៀបចំដោយនាយក​ដ្ឋាន​យុវជនរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) កាន់អំណាចប្រារព្ធធ្វើឡើងនៅខែមេសា ឆ្នាំ ២០២១ ។ ទន្ទឹម​នឹង​នេះ អ្នកកាន់តំណែងមុនអ្នកស្រី Noda ជាម្តាយកូនមួយ។

យោងតាមកាសែត Sankei លោក Ogura និងសមាជិកសភាប្រុសពីរនាក់ផ្សេងទៀតបានពាក់អាវពរពោះទម្ងន់ ៧,៣ គីឡូក្រាមអំឡុងពេល​បំពេញ​ការ​ងារ​ប្រចាំ​ថ្ងៃ ដើម្បីយល់កាន់តែច្បាស់អំពីបន្ទុករាង​កាយ​ពេល​មាន​ផ្ទៃពោះ។

នៅពេលនោះ លោក Ogura បានចែករំលែកថា គាត់ឈឺខ្នង ហើយ​មាន​ការ​ព្រួយ​បារម្ភ​ថា​អ្នក​ដំណើរ​នៅ​លើ​ឡាន​ក្រុង​ប៉ះ​ពោះ​របស់គាត់។

សេចក្តីថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Kishida មានប្រសាសន៍ថា គាត់​អនុវត្ត​ចំណុចថ្មីក្នុង​ការតែង​តាំង​លោក Ogura ដើម្បីដោះស្រាយបញ្ហាចំនួនប្រជាជនធ្លាក់ចុះនៅជប៉ុន។

បន្ទាប់ពីកាន់តំណែងលោក Ogura បាននិយាយថា ការ​ពង្រឹង​គោលនយោបាយ​ជួយ​គ្រួសារ​ចិញ្ចឹម​កូន​ជាកិច្ចការបន្ទាន់ នេះ​​បើ​​យោង​​តាម​​កាសែត Kyoiku ។

នៅជប៉ុន ឆ្នាំ ២០២១ ទារកមានចំនួន ៨១១.៦០៤ នាក់ ខណៈដែលចំនួនអ្នកស្លាប់ដល់ទៅ ១,៤៤ លាននាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ កម្លាំងពលកម្មនៅជប៉ុនក៏កាន់តែចាស់ទៅដែរ ដោយមានមនុស្សអាយុ​ចាប់​ពី ៦៥ ឆ្នាំ​ឡើង​កាន់​តែ​ច្រើន។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: