ជប៉ុនផលិត LEXUS រថយន្តខ្លាំងលំដាប់ពិភពលោក ធន់នឹងគ្រាប់បែក
LEXUS ជាតំណាងរថយន្តលំដាប់ខ្ពស់របស់ជប៉ុន។ ក្នុងនោះ LEXUS LX ជារថយន្តដែលមានទំហំធំ និងគ្រឿងសង្ហារិមប្រណីត ដែលភ្ញៀវ VIP លើពិភពលោកចូលចិត្ត។
https://response.jp/article/2022/01/24/353503.html
រថយន្តមានទំហំធំពេញនិយមនៅអាមេរិកខាងជើងជាជាងនៅប្រទេសជប៉ុន។ ដូច្នេះរថយន្តជំនាន់ទី ១ ជំនាន់ទី ២ ភាគច្រើនលក់នៅអាមេរិកខាងជើង និងរថយន្តជំនាន់ទី ៣ ត្រូវបានប្រកាសនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៧ ។ រហូតដល់ឆ្នាំ ២០០៥ ទើបដាក់ចេញនៅជប៉ុន ប៉ុន្តែត្រូវបានកែប្រែទំហំតូចជាង។ ម៉ូដែលរថយន្តនេះមិនផ្តោតលើទីផ្សារជប៉ុនទេ។
រថយន្ត LEXUS LX ផ្តោតលើផាសុកភាព និងសុវត្ថិភាព មិនមែនល្បឿននោះទេ ដូច្នេះហើយ ក្រុមហ៊ុនបានដាក់ចេញរថយន្តដែលមានកម្លាំងខ្លាំងជាងមុន សម្រាប់ក្រុមអតិថិជនពិសេស។ រថយន្តមានឈ្មោះថា Armored LEXUS LX600 ។
យកលំនាំដើមតាមរថយន្ត LEXUS LX600 គេបន្ថែមអក្សរ Armored (ពាសដែក) ដើម្បីបន្ថែមអារម្មណ៍ខ្លាំងក្លាដល់រថយន្ត។
រថយន្តនេះ “ខ្លាំងក្លា” ដូចជាឈ្មោះរបស់វាអញ្ចឹង។
រថយន្តនេះត្រូវបានកែប្រែដោយក្រុមហ៊ុនផលិតរថយន្តពាសដែកនៃប្រទេសកាណាដាដែលមានឈ្មោះថា INKAS Armoured Vehicle Manufacturing អាចទប់ទល់នឹងគ្រាប់បែក។ ក្រុមហ៊ុននេះបង្កើតឡើងនៅឆ្នាំ ២០០០ មានជំនាញរចនាប្រភេទរថយន្ត Sedan/SUV ពាសដែកប្រណីត រថយន្តដឹកជញ្ជូនសាច់ប្រាក់ និងរថយន្តពាសដែកយុទ្ធសាស្ត្រ ដោយផ្តោតលើអតិថិជនខាងធនាគារ បុគ្គលិករដ្ឋាភិបាល និងភ្ញៀវ VIP នៅទូទាំងពិភពលោក។
រថយន្តមានមុខងារការពារខុសគ្នាដូចជាដំឡើងកញ្ចក់ការពារគ្រាប់កាំភ្លើង ទំពក់ទ្វារមិនបាក់ទោះរថយន្តផ្ទុះ ប្រព័ន្ធកាត់បន្ថយរំញ័រជួយអោយរថយន្តធ្វើដំណើរយ៉ាងរលូនទោះផ្លូវរដឹបរដុបដោយសារត្រូវវាយប្រហារក៏ដោយ។ សំបកកង់ Run Flat អាចរត់បានចម្ងាយជាក់លាក់ទោះបែកកង់។
រថយន្តអាចការពារអ្នកបើកបរពីគ្រាប់កាំភ្លើង ៧,៦២ មីលីម៉ែត្រ និងគ្រាប់បែកដៃពីរគ្រាប់ដាក់ក្រោមរថយន្ត។ ជាមួយនឹងកម្រិតនេះ យានជំនិះអាចការពារអ្នកដំណើរពីការវាយប្រហារតាមផ្លូវ។
រថយន្តពាសដែក ប៉ុន្តែជាប្រភេទស្រាល ព្រោះពាសដែកធ្ងន់អាចប៉ះពាល់ដល់ល្បឿន ក្នុងករណីត្រូវរត់គេចពីកន្លែងកើតហេតុភ្លាមៗ ពាសដែកស្រាលមានគុណសម្បត្តិច្រើនជាង។ រថយន្តនេះក៏ត្រូវបានបំពាក់ដោយកង់រឹងមាំ ប្រព័ន្ធហ្វ្រាំងត្រូវបានពង្រឹង ស៊ីរ៉ែន ប្រព័ន្ធពន្លត់អគ្គីភ័យ។ល។
ដោយសាររថយន្តនេះត្រូវបានផលិតតាមតម្រូវការ ដូច្នេះតម្លៃមិនប្រកាសជាសាធារណៈទេ ប៉ុន្តែតាមការរំពឹងរថយន្តនឹងលក់អោយប្រទេសនានាជុំវិញពិភពលោក។
យើងកំពុងរស់នៅក្នុងពិភពដ៏គ្រោះថ្នាក់ ទោះបីជាអ្នកមិនបានធ្វើអ្វីខុសក៏ដោយ អ្នកនៅតែត្រូវវាយប្រហារ ដោយក្លាយជាជនរងគ្រោះនៃសង្គ្រាម។
យើងមិនបាត់បង់ជំនឿទេ ប៉ុន្តែយើងគួរតែមានវិធានការការពារខ្លួន។
Kengo Abe