ត្រី ៣ ពាន់ក្បាលងាប់ ម្ចាស់អាងចិញ្ចឹម​ត្រីនិយាយទាំងទឹកភ្នែកថា “បុគ្គលិក​របស់ខ្ញុំងាប់អស់ហើយ”

លោក Kazunori Yamada បើកដំណើរការអាងចិញ្ចឹមត្រីក្នុងផ្ទះមានឈ្មោះថា Tsuribori Honpo ក្រុង Toki ខេត្ត Gifu ។ ព្រឹកមួយ ពេលគាត់ទៅដល់អាងចិញ្ចឹម​ត្រីរៀបចំបើកទ្វារ គាត់ឃើញមាននរណាម្នាក់គាស់ទ្វារបង្អួច ហើយចូលតាមទ្វារក្រោយ។

ចោរលួចប្រាក់ប៉ុន្មានពាន់យ៉េន ជាមួយនឹងរ៉ោតទ័រវ៉ាយហ្វាយការិយាល័យ និងថាសរឹងដែលមានទិន្នន័យពីប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព។ គិត​​ទៅ​កម្រិត​ខូច​​ខាត​​​ទ្រព្យ​​សម្បត្តិ​អាច​ចាត់​ទុក​ថា​មិន​ច្រើន​ទេ ប៉ុន្តែ​ការ​ខូច​ខាត​ផ្លូវ​ចិត្ត​របស់​​លោក Yamada មាន​​ទំហំ​ធំ​​ណាស់។ ត្រីប្រមាណ ៣០០០ ក្បាលក្នុងអាងងាប់ក្រោយករណីលួចចូល។ ក្រៅពីវាយបំបែកទ្វារបង្អួចខាងក្រោយ ពួកចោរថែមទាំងកាត់​ខ្សែ​ភ្លើង​អគារ ធ្វើអោយបិទប្រព័ន្ធចម្រោះ និងបូមខ្យល់ក្នុង​អាង ដែល​បណ្តាល​ឱ្យ​ត្រី​ទាំង​អស់​ក្នុងអាងងាប់។

លោក Yamada និយាយផងយំផង “សម្រាប់ខ្ញុំ ត្រីទាំងនេះជាបុគ្គលិករបស់ខ្ញុំ។ បុគ្គលិកទាំងអស់របស់ខ្ញុំងាប់” ។

“ក្នុងរយៈពេល ៥ ឆ្នាំ យើងមើលថែត្រី ចិញ្ចឹមវា… ចំនួនប្រាក់ដែលយើងបាត់​បង់ និង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ បើនិយាយតាមត្រង់ទៅមិន​សំខាន់​ទេ បើ​ធៀប​នឹង​ត្រី។ ខ្ញុំពិតជាពិបាកចិត្តណាស់ដែលពួកវាត្រូវស្លាប់បែបនេះ” ។

គួរឱ្យភ្ញាក់ផ្អើលផងដែរដែលម្ចាស់អាងចិញ្ចឹមត្រីយកចិត្តទុកដាក់ចំពោះជីវិតត្រី ខណៈដែលពួកវានៅទីនោះរាល់ថ្ងៃអោយអតិថិជនស្ទូច។ យ៉ាងណាអាងចិញ្ចឹម​ត្រីក្នុងផ្ទះនៅជប៉ុនពិសេស​ណាស់ ត្រីក្នុងអាងមិនមែនទុកសម្រាប់បរិភោគ​ឡើយ។

ក្នុង Tsuribori Honpo មានត្រីមាស ត្រី Koi និងត្រី Sturgeon ។ ក្នុងចំណោមត្រី ៣ ប្រភេទនោះ ត្រី Sturgeon ជាប្រភេទ​តែ​មួយ​គត់​ចិញ្ចឹម​​សម្រាប់​បរិភោគ។ នៅជប៉ុនគេមិនបរិភោគត្រីមាស និងត្រី Koi ទេ ដូច្នេះ​បើ​ចាប់​បាន​ត្រី​​ទាំង​​ពីរ​​នេះ​​យក​​ទៅ​ផ្ទះចិញ្ចឹម​។ សរុបទៅ ត្រីមាស និងត្រី Koi ទុកសម្រាប់លម្អ មិនមែនទទួលទាននោះទេ។

ហើយទោះបីជាត្រីទុកសម្រាប់បរិភោគ តម្លៃ​វប្បធម៌​ជប៉ុន​នៅ​តែ​គោរព​ជីវិតសត្វនៅ​មាន​ជីវិត ទោះក្លាយជាម្ហូបអាហារក៏ដោយ។ ពួកគេតែងតែនិយាយថា “Itadakimasu” មុននឹងទទួលទាន។

លោក Yamada បាននិយាយថា “ត្រីជាសត្វមានជីវិត ហើយខ្ញុំសង្ឃឹមថាពួកគេ (ចោរ) អាចយល់ពីតម្លៃនៃជីវិតរបស់​វា” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: