ជណ្តើរព្យាណូនៅស្ថានីយ៍រថភ្លើងជប៉ុន
ក្រុមហ៊ុនផ្លូវដែកជប៉ុនខាងលិច និងអាជ្ញាធរទីក្រុង Fukuoka បានដំឡើងប្រព័ន្ធជណ្តើរដែលយកលំនាំតាមព្យាណូត្រង់ច្រកចេញភាគខាងជើងស្ថានីយ៍ Nishitetsu នៅទីក្រុង។
ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងជម្រុញអោយប្រជាជនលើកកម្ពស់សុខភាពតាមរយៈការរាំតាមចង្វាក់ភ្លេង ក្រុមហ៊ុនផ្លូវដែកជប៉ុនខាងលិច និងអាជ្ញាធរទីក្រុង Fukuoka បានដំឡើងជណ្តើរដែលយកលំនាំតាមព្យាណូនៅច្រកចេញភាគខាងជើងស្ថានីយ៍ Nishitetsu ទីក្រុង Fukuoka ភាគនិរតីនៃប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៩ ខែកក្កដាដល់ថ្ងៃទី ១១ ខែកញ្ញា។
ជណ្តើរព្យាណូនៅស្ថានីយ៍រថភ្លើងជប៉ុន រូបភាព៖ mainichi.jp
ដូច្នេះហើយ ចាប់ពីកាំជណ្តើរលេខ ៤ ដល់លេខ ១៨ (ពីខាងក្រោមឡើង) ត្រូវបានតុបតែងដូចជាព្យាណូ និងដំឡើងឧបករណ៍ចាប់សញ្ញាអុីនហ្វ្រារ៉េដសងខាងកាំជណ្តើរនីមួយៗ។
នៅពេលអ្នកដំណើរឈានជើងឡើងនឹងបង្អាក់អុីនហ្វ្រារ៉េដ ធ្វើឱ្យឧបករណ៍ចាប់សញ្ញាដំណើរការ និងបង្កើតសំឡេងស្រដៀងព្យាណូ។
អាជ្ញាធរទីក្រុងសង្ឃឹមថា ជណ្តើរនេះនឹងលើកទឹកចិត្តឱ្យប្រជាជនធ្វើលំហាត់ប្រាណយ៉ាងសប្បាយរីករាយ។
តាមការស្មានអ្នកដំណើរប្រមាណ ១០០,០០០ នាក់ប្រើស្ថានីយ៍ Nishitetsu ជារៀងរាល់ថ្ងៃក្នុងឆ្នាំសារពើពន្ធ ២០២១ ក្នុងនោះមានបុគ្គលិកការិយាល័យច្រើន។
អាជ្ញាធរទីក្រុងក៏មានបំណងប្រៀបធៀបចំនួនប្រជាជនដែលប្រើជណ្តើរមុន និងក្រោយអនុវត្តគម្រោង។ អ្នកដំណើរ Riku Gomamoto មកពី Kyoto និយាយថា៖ “ខ្ញុំពិតជាភ្ញាក់ផ្អើលដែលជណ្តើរបញ្ចេញសំឡេង ព្រោះខ្ញុំគិតថាវាគ្រាន់តែលាបពណ៌ប៉ុណ្ណោះ។ លេងមួយបទភ្លេងធ្វើអោយខ្ញុំបែកញើសខ្លាំង” ។
ប្រព័ន្ធជណ្តើរស្រដៀងគ្នាត្រូវបានដំឡើងនៅ Stockholm ប្រទេសស៊ុយអែតបង្កើនចំនួនអ្នកដើរថ្មើរជើងប្រហែល ៦៦% ។
ប្រភព៖ Skydoor