ជប៉ុនកំពុងប្រឈមនឹងរលកកូវីដ ១៩ លើកទី ៧ ដែលជាការបារម្ភ​យ៉ាង​ខ្លាំង

ជំងឺរាតត្បាតកូវីដ ១៩ លើកទី ៧ នាពេលថ្មីៗនេះឈានដល់កម្រិតកំពូលនៅថ្ងៃទី ៦ ខែសីហា ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងដាក់សម្ពាធធ្ងន់ដល់ប្រព័ន្ធសុខាភិបាលជប៉ុន ជាមួយនឹងចំនួនករណីថ្មីនាពេលបច្ចុប្បន្នជាង ២០០,០០០ ករណី​ក្នុង​មួយ​ថ្ងៃ។

លោក Tateda Kazuhiro សាស្រ្តាចារ្យសាកលវិទ្យាល័យ Toho បានអោយដឹង “យើងកំពុងស្ថិតនៅក្នុងរលកឆ្លងរីក​រាល​ដាល​កូវីដ​ទូទាំង​ប្រទេស។ ប្រសិនបើស្ថានភាពនេះមិនប្រែប្រួលក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ មន្ទីរពេទ្យ​នឹង​​លើស​បន្ទុក ចំណែក​សកម្មភាព​សេដ្ឋកិច្ចត្រូវអាក់ខាន។ យើងត្រូវងាកទៅរកការរឹតបន្តឹងធ្វើដំណើរ” ។

លោក Tateda ដែលជាទីប្រឹក្សាកូវីដ ១៩ របស់រដ្ឋាភិបាលជប៉ុន បានជំរុញ​ឱ្យ​ប្រជាជនគោរពតាមបទប្បញ្ញត្តិរក្សាគម្លាតសង្គម ខ្យល់ចេញចូល និងពាក់ម៉ាស់។

កាលពីថ្ងៃទី ៣១ ខែកក្កដា ជប៉ុនកត់សម្គាល់ចំនួន ២១២.៩៦០ ករណីថ្មីក្នុងរយៈពេល ២៤ ម៉ោង ដែលក្នុងនោះអ្នកស្លាប់មានចំនួន ៩១ នាក់ ថយ​ចុះ​បើ​ធៀប​នឹង​ចំនួន ២២១.៩៣៨ ករណី និងស្លាប់ចំនួន ១៣០ នាក់មុននោះមួយថ្ងៃ។

ទោះជាយ៉ាងណា ចំនួនករណីថ្មីក្នុងមួយថ្ងៃជាង ២០០,០០០ ករណី ហើយចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ នៅមាន​​កម្រិត​ខ្ពស់​បើ​ធៀប​នឹង​ចំនួនប្រហែលជាង ៥០ ករណីនៅសប្តាហ៍មុន។

បើតាម NHK រលកកូវីដ ១៩ លើកទី ៧ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចជប៉ុន។

ដោយសារកង្វះបុគ្គលិកបច្ចេកទេស ជំងឺ ឬប៉ះពាល់នឹងអ្នកឆ្លង ក្រុមហ៊ុនផ្លូវដែក JR Kyushu បានផ្អាក​សេវា​រថ​ភ្លើង​​ល្បឿន​​លឿន​​ចំនួន ១២០ ​រហូត​​ដល់​ថ្ងៃ​ទី ៥ ខែ​សីហា។

ក្រុមហ៊ុនផលិតរថយន្ត Toyota ក៏បានផ្អាកការផលិតដោយសារ​កង្វះ​កម្លាំង​ពលកម្ម និងបញ្ហាផ្គត់ផ្គង់គ្រឿងបន្លាស់។ សេវា​ប្រៃសណីយ៍​ជប៉ុន​បិទទ្វារចំនួន ១៧០ ការិយាល័យ។

ទន្ទឹមនឹងនេះ មន្ទីរពេទ្យកំពុងប្រឈមនឹងបញ្ហាទទួលអ្នកជំងឺកូវីដ ១៩ និងអ្នកសម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារក្តៅខ្លាំងនៅជប៉ុន។

កាលពីសប្តាហ៍មុននៅទីក្រុងតូក្យូ បុគ្គលិកសង្គ្រោះបន្ទាន់ពិបាកយ៉ាងខ្លាំងក្នុងការស្វែងរកគ្រែទំនេរ ហើយពួកគេចំណាយ​ពេល​ជាង ៥ ម៉ោងដើម្បីស្វែងរកគ្រែសម្រាប់អ្នកជំងឺកូវីដ ១៩ ជាង ៨០ នាក់។

អត្រាប្រើប្រាស់គ្រែមន្ទីរពេទ្យជាង ៥០% ក្នុងចំណោម ២០ លើ ៤៧ ខេត្តក្រុងនៃប្រទេសជប៉ុន។ ចំនួននេះនៅខេត្ត Okinawa ភាគខាងត្បូងច្រើនជាង ៨៨% ។

ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាល​ជប៉ុន​នៅតែ​រក្សាគោលជំហរមិនទាន់ដាក់ចេញវិធានការ​រឹតបន្តឹង​បន្ទាន់អំឡុងពេល​ផ្ទុះ​ជំងឺ​នា​ពេល​នេះទេ។

នាយករដ្ឋមន្ត្រី Kishida Fumio បានអោយដឹងធនធានរដ្ឋាភិបាលនឹងផ្តោតលើការពង្រឹងប្រព័ន្ធសុខាភិបាល និង​បន្ថែម​អាយុ​ដែលអនុញ្ញាតឱ្យចាក់វ៉ាក់សាំងលើកទី ៤ ខណៈពេលដែលរក្សាសកម្មភាពសេដ្ឋកិច្ច និងសង្គម។

ប្រភព៖ Skydoor

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: