ហេតុអ្វីជប៉ុនដែលជាប្រទេសអភិវឌ្ឍបែរជាយឺតយ៉ាវក្នុងការអប់រំផ្លូវភេទទៅវិញ?
ការអប់រំបង្កើតឡើងដើម្បីបង្រៀនមនុស្សម្នាក់ៗតាំងពីកុមារភាព ពេលធំពេញវ័យអាចចូលរួមក្នុងសង្គម។ នៅប្រទេសជប៉ុន ការអប់រំជាកំហិតថ្នាក់បឋមសិក្សា ៦ ឆ្នាំ អនុវិទ្យាល័យ ៣ ឆ្នាំ បន្ទាប់មកភាគច្រើននឹងបន្តសិក្សាវិទ្យាល័យ ៣ ឆ្នាំ សរុប ១២ ឆ្នាំ
តើចំណេះដឹងដែលបានរៀនអំឡុងពេលដ៏យូរនេះមានប្រយោជន៍នៅពេលពេញវ័យដែរទេ? ក្រៅពីចំណេះដឹងផ្នែកសិក្សា ការអប់រំក៏ត្រូវបង្រៀនពីបញ្ហាទាក់ទងនឹងជីវិតប្រចាំថ្ងៃ រួមទាំងការអប់រំផ្លូវភេទផងដែរ។
ជាមូលដ្ឋាន នៅលើពិភពលោកមានពីរភេទគឺប្រុស និងស្រី។ សូម្បីតែអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) មនុស្សនឹងមានអារម្មណ៍ចំពោះមនុស្សម្នាក់ទៀត ជួនកាលតាំងពីថ្នាក់មធ្យមសិក្សា វិទ្យាល័យចាប់ផ្តើមមានស្នេហាទៅហើយ។ ជាការពិតណាស់ អ្នកដែលស្រលាញ់គ្នាតែងតែចង់រួមភេទជាមួយគ្នា។ ទោះជាយ៉ាងណា ត្រូវការពារកុំឲ្យភាគីម្ខាងទៀតឈឺចាប់ ដោយសារតែទង្វើមិនសមរម្យ ដូចជាមានផ្ទៃពោះមុន។ នោះហើយជាមូលហេតុដែលការអប់រំផ្លូវភេទមានសារៈសំខាន់ណាស់។
យ៉ាងណាមិញ នេះជាបញ្ហាសំខាន់នៅជប៉ុន។
បច្ចុប្បន្ននេះ ភាគច្រើនសាលានៅជប៉ុនសុទ្ធតែត្រូវបានណែនាំឲ្យអប់រំអំពីផ្លូវភេទសម្រាប់សិស្ស តាមទស្សនៈដែលថា ភាពពេញវ័យស្មើនឹងសមត្ថភាពមានផ្ទៃពោះ និងបង្កើតកូន បន្ទាប់មកដល់ដំណាក់ការបង្កកំណើត និងចាញ់កូន។ សរុបទៅ ការអប់រំផ្លូវភេទត្រង់ចំណុចនេះមិនខុសពីថ្នាក់ជីវវិទ្យាបង្រៀនអំពីរបៀបដែលរុក្ខជាតិបង្កកំណើតឡើយ។
ប៉ុន្តែអ្វីដែលសំខាន់មិនត្រឹមតែប៉ុណ្ណឹងទេ ស្ថិតលើការគោរពចំពោះភាគីម្ខាងទៀត និងវិធានការជៀសវាងការមានផ្ទៃពោះ។
ចាប់ពីកម្រិតមធ្យមសិក្សា ទាំងរូបកាយ និងចិត្តគំនិតសិស្សចាប់ផ្តើមមានភាពចាស់ទុំ មានអារម្មណ៍ចំពោះការរួមភេទជារឿងធម្មតា។ សម្រាប់ប្អូនដែលមានស្នេហា ប្អូនៗអាចនឹងរួមភេទ។
ម្យ៉ាងវិញទៀត នៅលើអុីនធឺណេតពេញទៅដោយវីដេអូមនុស្សធំ មិនថ្លៃសម្រាប់មើលនោះទេ។ វីដេអូជាច្រើនលើកយកប្រធានបទបង្ខំស្ត្រីរួមភេទ បន្ទាប់មកបង្ហាញរូបភាពស្រ្តីនោះកំពុងរីករាយ ខណៈដែលដំណើរការទាំងមូលមិនបានប្រើវិធីពន្យារកំណើតឡើយ។ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ប្រសិនបើប្អូនៗមើលវីដេអូបែបនេះ ហើយគិតថាវាជាការរួមភេទធម្មតា។
មិនត្រឹមតែប៉ុណ្ណឹង នៅលើបណ្តាញសង្គមមានគន្លឹះជាច្រើន គ្មានមូលដ្ឋានវេជ្ជសាស្ត្រ ប៉ុន្តែបែរជាត្រូវបានចែករំលែកយ៉ាងទូលំទូលាយ។ ឧទាហរណ៍បើមិនប្រើវិធីពន្យារកំណើត ឲ្យតែបញ្ចេញទឹកកាមខាងក្រៅ ហើយបើជ្រុលចេញទឹកកាមខាងក្នុងអាចលាងសម្អាតដោយទឹកក្រូច ។ល។
ហេតុអ្វីជប៉ុនដែលជាប្រទេសអភិវឌ្ឍបែរជាយឺតយ៉ាវក្នុងការអប់រំផ្លូវភេទ? នោះក៏ព្រោះតែការយល់ដឹងរបស់ប្រជាជនជប៉ុនចំពោះការរួមភេទ។ ជនជាតិជប៉ុនយល់ថា SEX ជាអ្វីដែលមនុស្សមិនគួរមើល ហើយធ្វើក្រោយពេលរៀបការប៉ុណ្ណោះ។ ទាំងនេះមានន័យថា SEX លឿនពេកសម្រាប់ប្អូនៗ។
ប៉ុន្តែគំនិតនេះចាស់គំរឹលហើយ ប្អូនៗសិស្សានុសិស្សជាច្រើនមានគំនិតចំពោះការរួមភេទ។ ប្រហែលជាវិស័យអប់រំក៏គួរធ្វើបច្ចុប្បន្នភាពឲ្យទាន់សម័យកាល។
Kengo Abe