ជិះម៉ូតូគ្មានប័ណ្ណបើកបរជាង ៥០ ឆ្នាំរហូតដល់អាយុ ៦៩ ឆ្នាំទើបត្រូវប៉ូលិសចាប់

តាមពិតទៅបុគ្គលម្នាក់នេះប្រឡងធ្លាក់ ៦ ដងទើបសម្រេចចិត្តបើកបរដោយគ្មានប័ណ្ណតែម្តងទៅ។

កាលពីថ្ងៃទី ១៥ ខែឧសភា រថយន្តដឹកអ្នកដំណើរបើកឆ្លងកាត់ Higashimurayama នៅទីក្រុងតូក្យូស្រាប់តែត្រូវម៉ូតូ​កង់​បី​ម៉ាក Harley Davidson បុកពីក្រោយ។ មិនធ្វើតាមនីតិវិធីជូន​ដំណឹង​ទៅ​ប៉ូលិស ម៉ូតូ​បើក​គេច​ពី​កន្លែង​កើត​​ហេតុ។

សំណាង​ល្អ​គ្មាននរណា​ម្នាក់​រង​របួសក្នុងករណីបើកបុកគ្នា គ្រាន់តែរថយន្តក្រពិត ដូច្នេះហើយម្ចាស់រថយន្តត្រូវជួស​ជុល​ក្នុង​តម្លៃ ៤០ ម៉ឺនយ៉េន។ ម្ចាស់​រថយន្ត​បាន​រាយការណ៍​ទៅ​សមត្ថកិច្ចស៊ើបអង្កេតរកម៉ូតូតាមរយៈកាមេរ៉ា​មុខ​លើ​រថយន្ត​របស់​ខ្លួន។

រហូតពីរខែក្រោយមក ​រថយន្ត​ល្បាតនៅ Kiyose ទីក្រុងតូក្យូបានរកឃើញម៉ូតូប្រហាក់ប្រហែល។ នៅពេល​សមត្ថកិច្ច​ប៉ូលិស​ស្នើអោយម៉ូតូជនសង្ស័យឈប់ គាត់ស្រាប់តែបើករត់គេចជិះចូលផ្លូវតូចដើម្បីបង្វែងដាន។ ប៉ូលិស​ម្នាក់ចុះ​ពីរ​ថយន្ត​តាម​​ចាប់​ជន​សង្ស័យ ហើយចាប់បានបុរសម្នាក់នៅច្រកផ្លូវទាល់។

ពេល​ប៉ូលិស​សួរ​រក​ប័ណ្ណ​បើក​បរ បុគ្គលម្នាក់នេះប្រាប់ថាភ្លេចនៅផ្ទះ។ បន្ទាប់ពីត្រូវប៉ូលិសសួរនាំបន្ថែម ទើបលោក Tatsuo Matsumoto សារ​ភាព​ថា​គាត់​មិនមានប័ណ្ណបើកបរ។

ក្រោយពេលស៊ើបអង្កេតបន្ថែម ប៉ូលិសបានរកឃើញថាលោក Matsumoto បើកម៉ូតូដោយគ្មានប័ណ្ណបើកបររយៈពេលជាង ៥០ ឆ្នាំមកហើយ។ លោក​​បាន​​ពន្យល់​​ថា​ខ្លួន​ប្រឡងចំនួន ៦ ដង ប៉ុន្តែលើកណាក៏ធ្លាក់ការប្រឡងសរសេរដែរ។

ទោះជាយ៉ាងណា បុគ្គលម្នាក់នេះ​បើក​ម៉ូតូ​តាំង​ពី​អាយុ​ ១៧​ ឆ្នាំ​មក​ម្ល៉េះ។ លោក Matsumoto ធ្លាប់ត្រូវចាប់ខ្លួនម្តង ព្រោះ​តែ​បើកបរដោយមិនមានប័ណ្ណ នេះ​ជា​លើក​ទី​ពីរ។

ម៉ូតូកង់បីម៉ាក Harley ​ទិញ​កាល​ពី ៤ ឆ្នាំ​មុន ធ្វើ​ដំណើរ​បាន​ចម្ងាយ ៣០,០០០ គីឡូម៉ែត្រ។ លោក Matsumoto បាននិយាយថាគាត់បើកបររាល់ថ្ងៃ មិនថាអាកាសធាតុអាក្រក់ក៏ដោយ។ ពេលគាត់ទិញម៉ូតូក្នុងតម្លៃ ៦ លានយ៉េន គាត់​ក៏​យក​លេសថាភ្លេចពេលឈ្មួញសុំប័ណ្ណបើកបរ។

នៅ​ប្រទេស​ជប៉ុន អ្នក​ជិះ​ម៉ូតូ​កង់​បី​ប្រើប័ណ្ណបើកបររថយន្តកម្រិតធម្មតា មិនប្រើប័ណ្ណបើកបរម៉ូតូនោះទេ។ ថ្វីត្បិត​​តែ​​ការ​បើក​បរ​ដោយ​គ្មានប័ណ្ណ​ប្រឈម​នឹង​​គ្រោះ​ថ្នាក់ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលដែលបុគ្គលម្នាក់នេះអាចបើកបររហូតដល់អាយុ ៦៩ ឆ្នាំ ប៉ុន្តែត្រូវចាប់ត្រឹម​ ២ ដងប៉ុណ្ណោះ។

  • ខ្ញុំគិតថាបញ្ហាត្រង់ថាបុរសម្នាក់នេះទិញរថយន្តដែលមិនចាំបាច់បង្ហាញប័ណ្ណបើកបរ។
  • ត្រូវផាកពិន័យធ្ងន់ជាងនេះ
  • ប្រសិនបើគាត់សារភាពថាខ្លួនបើកបររាល់ថ្ងៃ ប៉ុន្តែមិនយកប័ណ្ណបើកបរតាម តើ​គាត់​ត្រូវ​ផាក​ពិន័យ​រាល់​ថ្ងៃ​ដែរទេ?
  • ខ្ញុំគិតថាប័ណ្ណបើកបរគួរតែដាក់បន្ទះឈីបត្រួតពិនិត្យ ដូច្នេះយានយន្តមិនអាចធ្វើដំណើរបានទេ លុះត្រាតែប័ណ្ណបើកបរមានសុពលភាព។

ជាការពិត ការប្រឡងយកប័ណ្ណបើកបរនៅជប៉ុនពិបាកខ្លាំងណាស់ ប្រសិនបើរាប់ការចំណាយលើការប្រឡងតម្លៃទាបជាង ៣០០០ យ៉េន ទោះបីជាគាត់ធ្លាក់រាប់សិបដង ក៏មិនស្មើប្រាក់ផាកពិន័យដែលគាត់ត្រូវបង់ដែរ។ ប្រាក់​ផាក​ពិន័យ​ចំពោះ​ករណី​បុគ្គល​រូប​នេះ​តាម​ច្បាប់កំណត់រហូតដល់ ៥០០,០០០ យ៉េន។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: