ទីក្រុង Sapporo ឧបត្ថម្ភថ្លៃទឹក ជួយសម្រួលបន្ទុកអតិផរណាដល់ប្រជាជន
អ្នកស្រុកទាំងអស់នៅ Sapporo សុទ្ធតែទទួលបានការឧបត្ថម្ភ។
ដោយសារការវិវត្តន៍ស្មុគស្មាញនាពេលថ្មីៗនេះ ដែលមិនត្រឹមតែជប៉ុន ការចំណាយលើការប្រើប្រាស់កំពុងកើនឡើងទូទាំងពិភពលោក។ ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើអោយតម្លែប្រេងសាំង ទឹក ភ្លើង។ល។ ឡើងថ្លៃ។ ប្រជាជនជប៉ុនជាច្រើននាក់ក៏ជួបបញ្ហានេះដែរ។
ទីក្រុង Sapporo ភាគខាងជើងប្រទេសជប៉ុន ក៏បានអនុវត្តគោលនយោបាយស្រដៀងគ្នាលើតំបន់ជាច្រើនក្នុងប្រទេសអំឡុងពេលដំបូងនៃជំងឺរាតត្បាត ជួយឧបត្ថម្ភថ្លៃទឹកដោយកាត់បន្ថយវិក្កយបត្រសម្រាប់ប្រជាជន។ គ្រួសារទាំងអស់ក្នុងតំបន់ដែលមានចំនួនសរុប ១,០២០,០០០ គ្រួសារនឹងទទួលបានការផ្គត់ផ្គង់ទឹកមូលដ្ឋានដោយឥតគិតថ្លៃ ១៤៥២ យ៉េនក្នុងខែតុលា និងវិច្ឆិកា សរុបពីរខែ ២៩០៤ យ៉េន។ ក្រុមគ្រួសារមិនចាំបាច់ដាក់ពាក្យស្នើសុំនោះទេ ប៉ុន្តែទទួលបានការកាត់បន្ថយដោយស្វ័យប្រវត្តិក្នុងវិក័យប័ត្រ។
ក្រៅពីនេះ ដើម្បីជំនួយដល់ការចិញ្ចឹមកូន ទីក្រុងក៏នឹងផ្តល់ជូនគ្រួសារដែលកូនក្រោមអាយុ ១៨ ឆ្នាំជាសាច់ប្រាក់ ១០,០០០ យ៉េន ដោយមិនគិតពីចំណូលរបស់គ្រួសារនីមួយៗឡើយ។
ផែនការនេះគ្រោងនឹងចំណាយថវិការបស់អាជ្ញាធរទីក្រុង Sapporo អស់ ៣,០៣ ពាន់លានយ៉េន។ ថវិកាត្រូវគេរំពឹងថាបានមកពីជំនួយដែលផ្តល់ដោយរដ្ឋាភិបាល ដើម្បីការពារ និងឧបត្ថម្ភប្រជាជនក្នុងអំឡុងពេលជំងឺកូវីដ ១៩ រាតត្បាត។ ថវិកាដែលបានកែសម្រួលនឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាក្រុងនៅខែក្រោយ ក្នុងនោះរដ្ឋាភិបាលរំពឹងថានឹងបន្ថែមថវិកាប្រហែល ១២,២ ពាន់លានយ៉េនទៅក្នុងថវិកាដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការនេះ។
អភិបាលក្រុង Sapporo បានអោយដឹងក្នុងសន្និសីទសារព័ត៌មានថា៖
“យើងមិនអាចព្យាករណ៍អតិផរណាបានទេ ប៉ុន្តែយើងគិតថាស្ថានភាពនេះនឹងអូសបន្លាយ។ នៅពេលអនាគត យើងក៏នឹងបង្កើតប្រព័ន្ធដែលសម្រាលបន្ទុកប្រជាជន និងអាជីវកម្មផងដែរ។”
ចំនួនទឹកប្រាក់ ២៩០៤ យ៉េនហាក់ដូចជាមិនច្រើននោះទេ ប៉ុន្តែអំឡុងពេលដែលអ្នកត្រូវខំប្រឹងរកប្រាក់ដូចពេលនេះ ចំនួននេះអាចជួយបានច្រើន។ សង្ឃឹមថាអតិផរណានឹងថយចុះក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
Sacchan