ករណីវាយធ្វើបាបតាមសាលាបណ្តាលឱ្យសិស្សមានជំងឺធ្លាក់ទឹកចិត្តរហូតត្រូវផ្ទេរសាលារៀន

ចំពោះករណីសិស្សប្រុសពីរនាក់ដែល​ធ្លាប់​ជា​សមាជិក​ក្រុម​កីឡា​បេស្បល រង​គ្រោះទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​តាមរយៈការវាយប្រហារជាក្រុមនៅអន្តេវាសិកដ្ឋានក្នុងឆ្នាំ ២០២១ និង ២០២២ ដែលបណ្តាលឱ្យប្អូនទាំងពីរត្រូវផ្ទេរសាលារៀន​ចេញ​ពី​ខេត្ត Ehime ត្រូវបានលាតត្រដាង។ ហេតុការណ៍នេះបានកើតឡើងនៅវិទ្យាល័យ St. Catalina Gakuen នៅ Matsuyama ខេត្ត Ehime កាលពីខែវិច្ឆិកាឆ្នាំមុន និងឧសភាឆ្នាំនេះ។ ឈ្មោះ​ក្រុម​កីឡា​បេស្បលសាលាល្បីនៅឆ្នាំ ២០២១ នៅ​ពេល​ដែល​ជាប់ការប្រកួតកីឡាបេស្បលវិទ្យាល័យថ្នាក់ជាតិនាឆ្នាំនោះ ជាទូទៅហៅថា “Senbatsu” ឬ “Koshien និទាឃរដូវ” ។

ថ្វីត្បិតតែការវាយប្រហារខាងលើត្រូវចាត់ទុកជាប្រភេទ “ធ្ងន់ធ្ងរ” ​​តាម​បទប្បញ្ញត្តិ​ស្តីពីច្បាប់ប្រឆាំងការគំរាមកំហែង​របស់​ជប៉ុន អាជ្ញាធរ Ehime បានអោយដឹងថា ពួកគេមិនបានទទួលរបាយការណ៍ណាមួយពីសាលានោះទេ។ ភាគី​សាលា​បាន​និយាយ​ថា គ្រូ​បង្វឹក​កីឡា​បេស្បល ព្រម​ទាំង​គ្រូ​ទទួល​បន្ទុក​ក្លឹប​ សុទ្ធ​តែ​ជា​គ្រូ​ដែល​មាន​បំណង​លា​លែង​​ពី​​តំណែង។

សាលាបានប្រកាសអំពី “ទង្វើមិនសមរម្យរបស់សិស្ស” ក្នុងខែឧសភា ប៉ុន្តែមិនបានបញ្ជាក់ថានោះជាករណីវាយធ្វើបាប ក៏​ដូចជាមានសិស្សប៉ុន្មាននាក់ជាប់ពាក់ព័ន្ធនោះទេ។

តាមប្រភពព័ត៌មាន សរុបសិស្សឆ្នាំទី ១ និងឆ្នាំទី ២ ចំនួន ៩ នាក់បានទាត់ ធាក់ជើង និងពោះសិស្សឆ្នាំទី ១ នៃក្រុមកីឡាបេស្បលអំឡុងពេលប្រហែល ១ ម៉ោងក្នុងបន្ទប់អន្តេវាសិកដ្ឋាន វេលាម៉ោងប្រហែល ៥ ល្ងាចថ្ងៃទី ១៨ ខែឧសភា។ ជនរងគ្រោះជាំ​ពេញ​រាងកាយ ហើយចំណាយពេល ២ សប្តាហ៍​ទើបជា​សះស្បើយ បន្ទាប់មកត្រូវផ្ទេរទៅ​សាលា​ផ្សេង​ទៀត​នៅខែកក្កដា។ លើខ្លួនសិស្ស​ម្នាក់​នេះ​នៅ​តែមានស្លាកស្នាម​ ដៃ​ឆ្វេង​មិន​អាច​បត់​បែន​បាន។

បើ​តាម​របាយការណ៍​ស៊ើប​អង្កេត​ដែល​សាលា​បាន​ផ្ញើ​កាល​ពី​ខែ​មិថុនា សមាជិកក្រុមនៅ​ក្នុង​អន្តេវាសិកដ្ឋាន​តាំង​ពី​​រសៀល​ថ្ងៃ​ទី ​១៨ ខែឧសភា ដោយសារត្រូវប្រឡងពាក់កណ្តាលឆមាស។ របាយការណ៍​បញ្ជាក់​ថា ករណីវាយធ្វើបាប​កើត​​​ឡើង​នៅ​បន្ទប់​ខាងក្រោយ​ជាន់​ទី​ ៣ ដោយសារ​ជន​រង​គ្រោះ “មិនបាន​មក​ចូល​រួម និងបរិភោគអាហារ​ទាន់​ពេល​វេលា​” ។ ទោះជាយ៉ាងណា មេធាវីតំណាងឱ្យសិស្សដែលរងរបួសបានពន្យល់ថាគាត់ឈឺពាក់កណ្តាលក្បាលរ៉ាំរ៉ៃ។

ទន្ទឹមនឹងនោះ ខណៈពេលកំពុងស៊ើបអង្កេតករណីនេះ ហេតុ​ការណ៍កើតឡើងមុននោះនៅខែវិច្ឆិកា ឆ្នាំ ២០១១ ក៏ត្រូវបានលាតត្រដាងផងដែរ។ ក្នុងនោះសិស្សឆ្នាំទី ១ ផ្សេងទៀតដែលជាសមាជិកក្រុមកីឡាបេស្បលត្រូវវាយធ្វើបាបក្នុងបន្ទប់របស់ខ្លួននៅយប់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ បន្ទាប់ពីហាត់រួច។ ជាក់ស្តែងសិស្សម្នាក់នេះត្រូវគេចង ដាល់ ហើយវាយដោយខ្សែក្រវាត់ជាមួយនឹងមូលហេតុ “យកទូរស័ព្ទទៅសាលា” បំពានបទបញ្ជាក្រុម។ ជនរងគ្រោះ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ដោយសារ​របួស​ផ្លូវកាយ និង​ផ្លូវចិត្តក្នុងរយៈពេល ៦ ខែ ទីបំផុតត្រូវផ្ទេរសាលារៀននៅខែមករា ឆ្នាំ ២០២២ ។

ទាក់​ទង​នឹង​ករណី​ឆ្នាំ ​២០២១ សាលាបានពន្យល់ប្រាប់ជនរងគ្រោះថា បុគ្គលវាយធ្វើបាបកំពុង “ព្យាយាមលើកទឹកចិត្ត​សមាជិកក្រុមឱ្យធ្វើតាមបទបញ្ជា”។ មេធាវីរបស់ជនរងគ្រោះបានរិះគន់ការពន្យល់នេះដោយនិយាយថា “សិស្សត្រូវ​បាន​បង្ខំឱ្យផ្ទេរសាលារៀន ហើយជាក់ស្តែងនេះជាស្ថានភាពសម្លុតធ្វើបាប”។

“ស្ថានភាពធ្ងន់ធ្ងរ” ក្នុងច្បាប់ប្រឆាំងការសម្លុតធ្វើបាបលើករណីដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ផ្លូវកាយ និងផ្លូវចិត្តរបស់ជនរងគ្រោះ ស្នើសុំការស៊ើបអង្កេតភ្លាមៗ។ សេចក្តីណែនាំរបស់នាយកដ្ឋានអប់រំចំពោះការស៊ើបអង្កេតស្ថាន​ភាព​ធ្ងន់​ធ្ងរ តម្រូវ​ឱ្យ​សាលារៀនស៊ើបអង្កេតហេតុ​ការណ៍ ហើយក្នុងពេលជាមួយគ្នានេះរាយការណ៍ទៅសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានផងដែរ។ ករណីវិទ្យាល័យ St. Catalina Gakuen មិនឆ្លើយតបភ្លាមៗចំពោះហេតុ​ការណ៍​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២១ ប្រហែលជាការចាប់ផ្តើមការ​វាយ​ប្រហារ​នៅ​ខែ​ឧសភា​ឆ្នាំ​នេះ។

សាលា​បាន​ប្រាប់​សារព័ត៌មាន​ថា “បញ្ហាកើតឡើងក្នុងចំណោមសមាជិកក្រុម។ យើង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ចំពោះ​ហេតុ​ការណ៍​​នេះ​​បាន​ទេ។ យើងកំពុងបង្កើតភាគីទី ៣ ដើម្បី​ស៊ើបអង្កេត” ។

សាលាបានរាយការណ៍ករណីឆ្នាំ ២០២១​ និង ២០២២ ទៅកាន់សម្ព័ន្ធកីឡាបេស្បលវិទ្យាល័យ Ehime ។ សម្ព័ន្ធកីឡា​បេស្បល​វិទ្យា​ល័យ​ជប៉ុន​បាន​ចេញការព្រមានយ៉ាងខ្លាំងដល់សាលាទាក់ទងនឹងករណីទាំងពីរ។

ក្នុងអំឡុងកិច្ចប្រជុំបឋមខេត្ត Ehime ចាប់ពីថ្ងៃទី ៧ ខែកក្កដាសម្រាប់ការប្រកួតកីឡាបេស្បលជាតិ Koshien រដូវក្តៅ វិទ្យាល័យ St. Catalina Gakuen បានបញ្ជូនក្រុមកីឡាករឆ្នាំទី ៣ ចំនួន ១២ នាក់ ដែលសាលាបញ្ជាក់ថាមិនបាន​ចូល​រួម​ការ​សម្លុតធ្វើបាបនោះទេ។ ក្រុម​នេះ​ចាញ់​នៅ​វគ្គ ​៨​ ក្រុម​ចុងក្រោយ​។

Akihiro Matsuura ប្រធានសម្ព័ន្ធកីឡាបេស្បលវិទ្យាល័យ Ehime រំលងនឹងសំណួរថាតើគាត់ដឹងអំពីករណីសម្លុតធ្វើ​បាប​ដែរ​ទេ? គ្រាន់​តែ​និយាយ​ថា “សូមសួរសាលាអំពីរឿងនេះ” ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: